ទំនុក‌តម្កើង 47 KHSV

ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា‌ក្សត្រ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត

ទំនុក​ពី​សៀវភៅ​គ្រូ​ចម្រៀង។ ទំនុក​របស់​កូន​ចៅ​លោក​កូរេ។

1 ប្រជា‌ជន​ទាំង‌ឡាយ​អើយចូរ​ទះ​ដៃ​អបអរ‌សាទរ!ចូរ​ច្រៀង​តម្កើង​ព្រះ‌ជាម្ចាស់ដោយ​សប្បាយ​រីក‌រាយ!

2 ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតទ្រង់​ជា​ទី​កោត​ស្ញប់‌ស្ញែង​ក្រៃ‌លែងព្រះ‌អង្គ​ជា​ព្រះ‌មហា‌ក្សត្រ​ដ៏​ឧត្ដមដែល​គ្រង​រាជ្យ​លើ​ផែនដី​ទាំង​មូល។

3 ព្រះ‌អង្គ​បាន​បង្ក្រាប​ជាតិ​សាសន៍​នានាឲ្យ​ធ្វើ​ជា​ចំណុះ​យើងហើយ​ដាក់​ប្រជា‌ជាតិ​នានាឲ្យ​ស្ថិត​នៅ​ក្រោម​អំណាច​យើង។

4 ព្រះ‌អង្គ​បាន​ជ្រើស​រើស​ទឹក​ដីឲ្យ​យើង​ទុក​ជា​មត៌កធ្វើ​ឲ្យ​យើង​ខ្ពស់​មុខ​ក្រៃ‌លែងគឺ​យើង​ជា​ពូជ‌ពង្ស​លោក​យ៉ាកុបដែល​ព្រះ‌អង្គ​ស្រឡាញ់។ - សម្រាក

5 ព្រះ‌ជាម្ចាស់​ទ្រង់​យាង​ឡើង​ទៅ​ភ្នំ​ស៊ីយ៉ូនក្រោម​សំឡេង​អបអរ‌សាទរ​យ៉ាង​ខ្ញៀវ‌ខ្ញារ ព្រះ‌អម្ចាស់​យាង​ទៅ​មុខ អម​ដោយ​សំឡេង​ត្រែ។

6 ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌ជាម្ចាស់!ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុក‌តម្កើងថ្វាយ​ព្រះ‌មហា‌ក្សត្រ​នៃ​យើង!

7 ដ្បិត​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌មហា‌ក្សត្រនៃ​ផែនដី​ទាំង​មូលចូរ​នាំ​គ្នា​ស្មូត្រ​កំណាព្យ​ថ្វាយ​ព្រះ‌អង្គ​ទៅ!។

8 ព្រះ‌ជាម្ចាស់​គ្រង​រាជ្យ​លើ​ប្រជា‌ជាតិ​នានាព្រះ‌អង្គ​គង់​នៅ​លើ​បល្ល័ង្ក​ដ៏‌វិសុទ្ធ*។

9 អ្នក​ដឹក​នាំ​របស់​ប្រជា‌ជាតិ​នានា មក​ជួប‌ជុំ​គ្នាជា​មួយ​ប្រជា‌ជន​នៃ​ព្រះ​របស់​លោក​អប្រាហាំដ្បិត​អ្នក​ដឹក​នាំ​ផែនដី​ទាំង​មូលស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អង្គព្រះ‌អង្គ​ជា​ម្ចាស់​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់!។