1 សូមលើកតម្កើងព្រះអម្ចាស់ដែលជាថ្មដារបស់ខ្ញុំព្រះអង្គបង្រៀនខ្ញុំអំពីយុទ្ធសាស្ត្រហើយហ្វឹកហ្វឺនខ្ញុំដើម្បីធ្វើសឹក។
2 ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំ ព្រះអង្គជួយការពារខ្ញុំព្រះអង្គជាទីជម្រកដ៏រឹងមាំរបស់ខ្ញុំព្រះអង្គរំដោះខ្ញុំព្រះអង្គជាខែលការពារខ្ញុំខ្ញុំតែងមកជ្រកកោននឹងព្រះអង្គជានិច្ចព្រះអង្គប្រគល់ប្រជាជាតិនានាមកក្រោមអំណាចរបស់ខ្ញុំ
3 ឱព្រះអម្ចាស់អើយ តើមនុស្សជាអ្វីបានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេដូច្នេះ?តើមនុស្សលោកជាអ្វីបានជាព្រះអង្គនឹកគិតដល់គេដូច្នេះ?
4 មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះអាយុជីវិតរបស់គេប្រៀបបាននឹងស្រមោលដែលតែងតែរសាត់បាត់ទៅ។
5 ឱព្រះអម្ចាស់អើយ សូមផ្អៀងផ្ទៃមេឃរបស់ព្រះអង្គ ហើយយាងចុះមក!សូមពាល់ភ្នំ ដើម្បីឲ្យមានផ្សែងហុយឡើង។
6 សូមព្រះអង្គធ្វើឲ្យមានផ្លេកបន្ទោរកំចាត់កំចាយខ្មាំងសត្រូវសូមបាញ់ព្រួញរបស់ព្រះអង្គបំបាក់ទ័ពពួកគេ។
7 សូមលាតព្រះហស្ដពីស្ថានលើមករំដោះទូលបង្គំសូមស្រង់ទូលបង្គំឲ្យចេញផុតពីទឹកសមុទ្រសូមរំដោះទូលបង្គំឲ្យរួចពីអំណាចរបស់ជនបរទេសទាំងនេះផង។
8 ពួកគេមិនដែលនិយាយពាក្យពិតទេហើយក៏មិនដែលគោរពពាក្យសម្បថរបស់ខ្លួនដែរ។
9 ឱព្រះជាម្ចាស់អើយទូលបង្គំសូមច្រៀងបទថ្មីថ្វាយព្រះអង្គទូលបង្គំស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គដោយលេងឃឹមកំដរផង។
10 ព្រះអម្ចាស់សង្គ្រោះស្ដេចនានាព្រះអង្គរំដោះដាវីឌជាអ្នកបម្រើរបស់ព្រះអង្គឲ្យរួចពីការស្លាប់ដោយមុខដាវ។
11 សូមរំដោះទូលបង្គំឲ្យរួចពីអំណាចរបស់ជនបរទេសទាំងនេះផងពួកគេមិនដែលនិយាយពាក្យពិតទេហើយក៏មិនដែលគោរពពាក្យសម្បថរបស់ខ្លួនដែរ។
12 សូមឲ្យកូនប្រុសៗរបស់យើងប្រៀបដូចជាកូនឈើ ដែលដុះឡើងយ៉ាងស្រស់បំព្រងសូមឲ្យកូនស្រីៗបស់យើងមានរូបឆោមស្អាតដូចរូបទេពអប្សរដ៏ល្អប្រណីត។
13 សូមឲ្យជង្រុករបស់យើងមានពោរពេញទៅដោយភោគផលសព្វបែបយ៉ាងសូមឲ្យហ្វូងចៀមនៅតាមវាលស្មៅរបស់យើងកើនចំនួនឡើងរាប់ពាន់រាប់ម៉ឺន។
14 សូមឲ្យហ្វូងគោរបស់យើងបានកើនចំនួនជាច្រើន គ្មានបាត់គ្មាននរណាលួចចាប់យកទៅឡើយហើយសូមកុំឲ្យមានសម្រែកភ័យអាសន្ននៅតាមទីសាធារណៈរបស់យើងដែរ។
15 ប្រជាជាតិណាមានព្រះពរដូច្នេះប្រជាជាតិនោះមានសុភមង្គលហើយប្រជាជាតិណាគោរពព្រះអម្ចាស់ទុកជាព្រះរបស់ខ្លួនប្រជាជាតិនោះមានសុភមង្គលហើយ!