ទំនុក‌តម្កើង 146 KHSV

ព្រះ‌អម្ចាស់​ការពារ​អ្នក​ទន់​ខ្សោយ

1 ហាលេ‌លូយ៉ា! ខ្ញុំ​សូម​សរសើរតម្កើង​ព្រះ‌អម្ចាស់!

2 ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​អស់​មួយ​ជីវិតខ្ញុំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌កិត្តិនាមព្រះ​របស់​ខ្ញុំ​ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​រស់​នៅ​ឡើយ។

3 កុំ​ទុក​ចិត្ត​អ្នក​ធំកុំ​ទុក​ចិត្ត​មនុស្ស​លោក​ដែល​ពុំ​អាច​សង្គ្រោះនរណា​បាន​ឡើយ

4 ដ្បិត​ពេល​គេ​ត្រូវ​ផុត​ដង្ហើមគេ​វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញហើយ​គម្រោង‌ការ​របស់​គេក៏​នឹង​រលាយ​សូន្យ​នៅ​ថ្ងៃ​នោះ​ដែរ។

5 អ្នក​ណា​ដែល​ព្រះ​របស់​លោក​យ៉ាកុប​ជួយ​សង្គ្រោះហើយ​អ្នក​ណា​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​ខ្លួនអ្នក​នោះ​មាន​សុភមង្គល​ហើយ!។

6 ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដីព្រះ‌អង្គ​បាន​បង្កើត​សមុទ្រនិង​អ្វីៗ​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រព្រះ‌អង្គ​តែងតែ​គោរព​តាម​ព្រះ‌បន្ទូល​សន្យារបស់​ព្រះ‌អង្គ​ជា‌និច្ច។

7 ព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យ​អស់​អ្នកដែល​ត្រូវ​គេ​សង្កត់‌សង្កិនព្រះ‌អង្គ​ប្រទាន​អាហារ​ដល់​អស់​អ្នកដែល​ស្រេក​ឃ្លាន ព្រះ‌អម្ចាស់​ដោះ​លែង​អ្នក​ជាប់​ឃុំ‌ឃាំង

8 ព្រះ‌អម្ចាស់​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ ព្រះ‌អម្ចាស់​លើក​អ្នក​ដែល​អស់​សង្ឃឹមឲ្យ​ងើប​ឡើង​វិញ ព្រះ‌អម្ចាស់​ស្រឡាញ់​មនុស្ស​សុចរិត

9 ព្រះ‌អម្ចាស់​ការពារ​ជន​បរទេសព្រះ‌អង្គ​ជួយ​គាំទ្រ​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយតែ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​គម្រោង‌ការ​របស់​មនុស្សអាក្រក់​ត្រូវ​រលាយ​សូន្យ។

10 ព្រះ‌អម្ចាស់​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា‌និច្ច!ក្រុង​ស៊ីយ៉ូន​អើយ ព្រះ​របស់​អ្នកនឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!ហាលេ‌លូយ៉ា!។