ទំនុក‌តម្កើង 38 KHSV

ពាក្យ​អធិស្ឋាន​របស់​មនុស្ស​ឈឺ​ចុក​ចាប់

ទំនុក​របស់​ស្ដេច​ដាវីឌ។ សម្រាប់​ពិធី​រំឭក។

1 ឱ​ព្រះ‌អម្ចាស់​អើយទោះ​បី​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យនឹង​ទូលបង្គំ​ក៏​ដោយសូម​កុំ​ដាក់​ទោស​ទូលបង្គំ​ឡើយហើយ​ទោះ​បី​ទ្រង់​ព្រះ‌ពិរោធ​នឹង​ទូលបង្គំ​ក្ដីក៏​សូម​កុំ​ធ្វើ​ទារុណ‌កម្ម​ទូលបង្គំ​ដែរ

2 ដ្បិត​ព្រួញ​របស់​ព្រះ‌អង្គបាន​ធ្វើ​ឲ្យ​ទូលបង្គំ​ឈឺ​ចុក​ចាប់ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​បាន​សង្កត់មក​លើ​ទូលបង្គំ។

3 ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គបាន​ធ្វើ​ឲ្យ​ទូលបង្គំ​ឈឺ​សព្វ​សព៌ាង្គ‌កាយហើយ​អំពើ​បាប​របស់​ទូលបង្គំបាន​ធ្វើ​ឲ្យ​ឆ្អឹង‌ឆ្អែង​របស់​ទូលបង្គំ​ពុក​អស់

4 ដ្បិត​កំហុស​របស់​ទូលបង្គំ​បាន​ជន់‌ជោរឡើង​លិច​ក្បាល​ទូលបង្គំហើយ​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់​សង្កត់​មក​លើ​ទូលបង្គំ។

5 របួស​ទូលបង្គំ​ក្លាយ​ទៅ​ជា​ដំបៅ​រលួយហើយ​ធុំ​ក្លិន​អសោចព្រោះ​តែ​គំនិត​លេលា​របស់​ទូលបង្គំ។

6 ទូលបង្គំ​ឈឺ​ចុក​ចាប់​ជា​ខ្លាំង រហូត​ដល់​ចំកោង​ខ្លួនហើយ​ទូលបង្គំ​កើត​ទុក្ខ​មួយ​ថ្ងៃ​វាល់​ល្ងាច។

7 ទូលបង្គំ​គ្រុន​ក្ដៅ​យ៉ាង​ខ្លាំងពេញ​សព្វ​សព៌ាង្គ‌កាយ។

8 ទូលបង្គំ​អស់​កម្លាំង ខ្សោះ​ល្វើយហើយ​ទូលបង្គំ​ស្រែក​ថ្ងូរព្រោះ​ឈឺ​ចុក​ចាប់​ហួស​ប្រមាណ។

9 ព្រះ‌អម្ចាស់​អើយ ទ្រង់​ឈ្វេង​យល់​ចិត្ត​ប៉ង‌ប្រាថ្នារបស់​ទូលបង្គំ​ស្រាប់​ហើយទ្រង់​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ដែល​ទូលបង្គំ​ថ្ងូរ។

10 បេះ‌ដូង​ទូលបង្គំ​ញាប់‌ញ័រកម្លាំង​ទូលបង្គំ​ក៏​ខ្សោយ​បាត់​ទៅហើយ​ភ្នែក​ទូលបង្គំក៏​ស្រវាំង​លែង​មើល​អ្វី​ឃើញ​ទៀត។

11 មិត្ត‌ភក្ដិ ព្រម​ទាំង​អ្នក​ជិត‌ស្និទ្ធ​នឹង​ទូលបង្គំមិន​ហ៊ាន​ចូល​ជិត​ទូលបង្គំ​ទេព្រោះ​ខ្លាច​ដំបៅ​របស់​ទូលបង្គំសូម្បី​តែ​ក្រុម​គ្រួសារ​របស់​ទូលបង្គំក៏​ឈរ​នៅ​ឆ្ងាយ​ពី​ទូលបង្គំ​ដែរ។

12 អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ទូលបង្គំនាំ​គ្នា​រាយ​អន្ទាក់​ចាំ​ចាប់​ទូលបង្គំពួក​គេ​មួល​បង្កាច់​ទូលបង្គំចង់​ឲ្យ​ទូលបង្គំ​វិនាសគេ​ចេះ​តែ​រក​កល‌ល្បិចប្រឆាំង​នឹង​ទូលបង្គំ​មួយ​ថ្ងៃ​វាល់​ល្ងាច។

13 ប៉ុន្តែ ទូលបង្គំ​ធ្វើ​ជា​ស្ដាប់​មិន​ឮ ដូច​មនុស្ស​ថ្លង់ទូលបង្គំ​ធ្វើ​ជា​និយាយ​មិន​រួច ដូច​មនុស្ស​គ។

14 ទូលបង្គំ​ប្រៀប​បី​ដូច​ជា​មនុស្ស​ដែល​ស្ដាប់​មិន​ឮហើយ​ជា​មនុស្ស​ដែល​មិន​អាចពោល​ពាក្យ​ឆ្លើយ​ទៅ​គេ​វិញ​បាន​ឡើយ។

15 ឱ​ព្រះ‌អម្ចាស់​អើយទូលបង្គំ​សូម​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​ទាំង​ស្រុងឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយមាន​តែ​ព្រះ‌អង្គ​ហើយ​ដែល​ឆ្លើយ​ជំនួស​ទូលបង្គំ!

16 សូម​កុំ​បណ្តោយ​ឲ្យ​ខ្មាំង​សត្រូវត្រេក​អរ​សប្បាយ ព្រោះ​តែ​ឃើញ​ទូលបង្គំ​វេទនាសូម​កុំ​ឲ្យ​ពួក​គេ​អួត​បំប៉ោងក្នុង​ពេល​ដែល​ទូលបង្គំ​ទន់​ជង្គង់​នេះ​ឡើយ

17 ដ្បិត​ទូលបង្គំ​កំពុង​តែ​ចង់​ដួលហើយ​ទូលបង្គំ​កំពុង​តែ​ឈឺ​ចុក​ចាប់​ជា‌និច្ច​ដែរ។

18 ទូលបង្គំ​សូម​សារ‌ភាព​កំហុសទូលបង្គំ​សោក​ស្ដាយ​ណាស់ដោយ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដូច្នេះ។

19 រីឯ​ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​វិញពួក​គេ​នៅ​មាន​សុខភាព មាន​កម្លាំងអស់​អ្នក​ដែល​ស្អប់​ទូលបង្គំដោយ​ឥត​ហេតុ​ផល​នោះ​មាន​គ្នា​ច្រើន​ណាស់។

20 ពួក​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​ស្នង​នឹង​អំពើ​ល្អដែល​ទូលបង្គំ​បាន​ធ្វើ​ចំពោះ​ពួក​គេនាំ​គ្នា​ចោទ​ប្រកាន់ទូលបង្គំព្រោះ​តែ​ទូលបង្គំ​ខិត‌ខំ​ធ្វើ​អំពើ​ល្អ។

21 ឱ​ព្រះ‌អម្ចាស់​អើយសូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយ!ឱ​ព្រះ​នៃ​ទូលបង្គំ​អើយសូម​កុំ​យាង​ចេញ​ឆ្ងាយ​ពី​ទូលបង្គំ​ដូច្នេះ!

22 ព្រះ‌អម្ចាស់​ជា​ព្រះ‌សង្គ្រោះ​ទូលបង្គំ​អើយសូម​មេត្តា​ប្រញាប់​យាង​មកសង្គ្រោះ​ទូលបង្គំ​ផង!។