ទំនុក‌តម្កើង 103 KHSV

ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌នាម​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​អស់​ពី​ដួង​ចិត្ត!

ទំនុក​របស់​ស្ដេច​ដាវីឌ។

1 ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌នាម​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​អស់​ពី​ដួង​ចិត្ត!

2 ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ដោយ​ឥត​ភ្លេច​ពី​កិច្ចការ​ណា​មួយ​ដែល​ព្រះ‌អង្គបាន​ធ្វើ​ដោយ​ព្រះ‌ហឫទ័យ​សប្បុរស​នោះ​ឡើយ!

3 ព្រះ‌អង្គ​បាន​អត់‌ទោស​នូវ​កំហុស​ទាំង​ប៉ុន្មានដែល​ខ្ញុំ​បាន​ប្រព្រឹត្តព្រះ‌អង្គ​ប្រោស​ខ្ញុំ​ឲ្យ​បាន​ជា​ពី​ជំងឺ​គ្រប់​យ៉ាង

4 ព្រះ‌អង្គ​បាន​រំដោះ​ជីវិត​ខ្ញុំ​ឲ្យ​រួច​ពី​រណ្ដៅព្រះ‌អង្គ​តែង​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណានិង​អាណិត‌អាសូរ​ចំពោះ​ខ្ញុំ​យ៉ាង​បរិបូណ៌

5 ព្រះ‌អង្គ​ប្រទាន​ឲ្យ​ខ្ញុំ​រស់​នៅប្រកប​ដោយ​សុភមង្គលហើយ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ខ្ញុំមាន​កម្លាំង​ឡើង​វិញ​ដូច​សត្វ​ឥន្ទ្រី។

6 ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដោយ​សុចរិតព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យអស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន។

7 ព្រះ‌អង្គ​បង្ហាញ​ឲ្យ​លោក​ម៉ូសេស្គាល់​គម្រោង‌ការ​របស់​ព្រះ‌អង្គព្រះ‌អង្គ​បង្ហាញ​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែលស្គាល់​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។

8 ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ហឫទ័យអាណិត‌អាសូរ ព្រះ‌អង្គ​តែងតែ​ប្រណី‌សន្ដោសព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ហើយ​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌ហឫទ័យមេត្តា‌ករុណា។

9 ព្រះ‌អង្គ​មិន​បន្ទោស​ជា‌និច្ច​ជា​កាល​ទេហើយ​ព្រះ‌អង្គ​ក៏​មិន​ព្រះ‌ពិរោធ​រហូត​ដែរ។

10 ព្រះ‌អង្គ​មិន​ដាក់​ទោស​យើងឲ្យ​សម​នឹង​អំពើ​បាបដែល​យើង​ប្រព្រឹត្ត​នោះ​ឡើយហើយ​ព្រះ‌អង្គ​ក៏​មិន​ឲ្យ​យើង​ទទួល​ទោសសម​នឹង​កំហុស​របស់​យើង​នោះ​ដែរ។

11 ផ្ទៃ​មេឃ​ខ្ពស់​ពី​ផែនដី​យ៉ាង​ណាព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គចំពោះ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គក៏​ខ្ពស់​យ៉ាង​នោះ​ដែរ។

12 ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណាព្រះ‌អង្គ​ក៏​ដក​កំហុស​របស់​យើងចេញ​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។

13 ឪពុក​អាណិត‌អាសូរ​កូន​របស់​ខ្លួន​យ៉ាង​ណា ព្រះ‌អម្ចាស់​ក៏​អាណិត‌អាសូរ​អស់​អ្នកដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ

14 ដ្បិត​ព្រះ‌អង្គ​ជ្រាប​ថា​យើង​មាន​ដើម​កំណើត​ពី​អ្វីគឺ​ព្រះ‌អង្គ​ឥត​ភ្លេច​ទេ​ថាមនុស្ស​យើង​មាន​កំណើត​មក​ពី​ធូលី​ដី។

15 ជីវិត​មនុស្ស​យើង​ប្រៀប​បាន​នឹង​ស្មៅឬ​ដូច​ជា​ផ្កា​ដែល​រីក​ឡើង​នៅ​ទី​វាល

16 ពេល​ណា​មាន​ខ្យល់​បក់​មកវា​ក៏​រុះ‌រោយ​បាត់​អស់​ទៅឥត​មាន​ទុក​ស្នាម​អ្វី​សោះ​ឡើយ។

17 តែ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់ស្ថិត​នៅ​អស់‌កល្ប​ជា‌និច្ចជា​មួយ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គព្រះ‌អង្គ​ក៏​នឹង​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រចំពោះ​កូន​ចៅ​របស់​គេ​នៅ​ជំនាន់​ក្រោយ​ដែរ

18 ប្រសិន​បើ​គេ​កាន់​តាម​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គព្រម​ទាំង​ប្រតិបត្តិ​តាម​បទ‌បញ្ជារបស់​ព្រះ‌អង្គ​ឥត​ភ្លេច​សោះ​ឡើយ។

19 ព្រះ‌អម្ចាស់​បាន​តាំង​បល្ល័ង្ក​របស់​ព្រះ‌អង្គនៅ​ស្ថាន​បរម‌សុខព្រះ‌អង្គ​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់។

20 ទេវតា​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អម្ចាស់​អើយចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អង្គ!អស់​លោក​តែងតែ​អនុវត្ត​តាមព្រះ‌បន្ទូល​របស់​ព្រះ‌អង្គហើយ​ស្ដាប់​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌អង្គ​ជា‌និច្ច។

21 អស់​លោក​ដែល​ជា​កង‌ពល​របស់​ព្រះ‌អម្ចាស់​អើយចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អង្គ!អស់​លោក​តែងតែ​បម្រើ​ព្រះ‌អង្គស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​ជា‌និច្ច!

22 ឱ​ស្នា​ព្រះ‌ហស្ដ​ទាំង‌ឡាយ​របស់​ព្រះ‌អម្ចាស់​អើយទោះ​បី​នៅ​ទី​ណា​ក្ដី ក៏​អ្នក​រាល់​គ្នា​ស្ថិត​នៅក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ​ដែរចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អង្គ!ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!