ទំនុក‌តម្កើង 94 KHSV

សូម​ព្រះ‌អង្គ​សម្តែង​ឫទ្ធិ‌បារមី ដើម្បី​សង‌សឹក

1 ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​តែងតែ​សង‌សឹកឱ​ព្រះ​ដែល​តែងតែ​សង‌សឹក សូម​សម្តែង​ឫទ្ធិ‌បារមី!

2 ឱ​ព្រះ​ដែល​ជា​ចៅ‌ក្រម​នៃ​ពិភព​លោក​អើយសូម​ក្រោក​ឡើង!សូម​ដាក់​ទោស​មនុស្ស​ព្រហើនឲ្យ​សម​នឹង​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត!

3 ឱ​ព្រះ‌អម្ចាស់​អើយតើ​ទុក​ឲ្យ​មនុស្ស​អាក្រក់​លើក​តម្កើង​ខ្លួនដល់​កាល​ណា​ទៀត?

4 ពួក​គេ​ពោល​ពាក្យ​អួត​បំប៉ោងពួក​គេ​វាយ‌ឫក​ខ្ពស់ជន​ទុច្ចរិត​ទាំង​នោះ​នាំ​គ្នា​និយាយ​ក្អេង‌ក្អាង។

5 ឱ​ព្រះ‌អម្ចាស់​អើយពួក​គេ​ជិះ‌ជាន់​សង្កត់‌សង្កិនប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គពួក​គេ​បន្ទាប‌បន្ថោក​ប្រជា‌ជន​របស់​ព្រះ‌អង្គ

6 ពួក​គេ​សម្លាប់​ស្ត្រី​មេម៉ាយ និង​ជន​អន្តោ‌ប្រវេសន៍ពួក​គេ​ធ្វើ​ឃាត​ក្មេង​កំព្រា

7 ហើយ​ពោល​ថា «ព្រះ‌អម្ចាស់​មើល​មិន​ឃើញ​ទេព្រះ​របស់​លោក​យ៉ាកុប​មិន​រវី‌រវល់​ឡើយ!»

8 មនុស្ស​ល្ងី‌ល្ងើ​ជាង​គេ​អើយ ចូរ​ប្រយ័ត្ន​ខ្លួន!មនុស្ស​ឆោត​ល្ងង់​អើយតើ​ពេល​ណា​ទើប​អ្នក​រាល់​គ្នា​ចេះ​រិះគិត?

9 ព្រះ‌អង្គ​ដែល​ជា​អ្នក​បង្កើត​ត្រចៀក​មនុស្ស​មកតើ​ព្រះ‌អង្គ​មិន​ចេះ​ស្ដាប់​ឬ?ព្រះ‌អង្គ​ដែល​ជា​អ្នក​បង្កើត​ភ្នែក​មនុស្ស​មកតើ​ព្រះ‌អង្គ​មិន​ចេះ​ទត​ឬ?

10 ព្រះ‌អង្គ​ដែល​ជា​អ្នក​វាយ​ប្រដៅ​ប្រជា‌ជាតិ​នានាតើ​ព្រះ‌អង្គ​មិន​ចេះ​ដាក់​ទោស​ទេ​ឬ?ព្រះ‌អង្គ​ដែល​ជា​អ្នក​បង្រៀន​មនុស្ស​លោកឲ្យ​ចេះ​ដឹងតើ​ព្រះ‌អង្គ​មិន​ចេះ​ដឹង​ទេ​ឬ?

11 ព្រះ‌អម្ចាស់​ជ្រាប​គំនិត​របស់​មនុស្ស​លោកច្បាស់​ណាស់!គឺ​គំនិត​របស់​គេ​ឥត​ខ្លឹមសារ​អ្វី​ទាំង​អស់!

12 ឱ​ព្រះ‌អម្ចាស់​អើយអ្នក​ណា​មាន​ព្រះ‌អង្គ​រំឭក​ដាស់‌តឿនហើយ​យក​ក្រឹត្យ‌វិន័យ​មក​ប្រៀន‌ប្រដៅអ្នក​នោះ​មាន​សុភមង្គល​ហើយ!

13 នៅ​ថ្ងៃ​មាន​អាសន្នព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​មាន​ចិត្ត​ស្ងប់រីឯ​មនុស្ស​អាក្រក់​វិញមាន​រណ្ដៅ​បម្រុង​ទុក​សម្រាប់​កប់​ពួក​គេ

14 ដ្បិត​ព្រះ‌អម្ចាស់​មិន​បោះ​បង់​ប្រជា‌រាស្ត្ររបស់​ព្រះ‌អង្គ​ឡើយព្រះ‌អង្គ​មិន​ចោល​ប្រជា‌ជន​របស់​ព្រះ‌អង្គ​ផ្ទាល់ជា​ដាច់​ខាត។

15 ពេល​នោះ ចៅ‌ក្រម​នឹង​កាត់​ក្ដីដោយ​យុត្តិធម៌​ឡើង​វិញហើយ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់នឹង​ដើរ​តាម​គន្លង​យុត្តិធម៌។

16 តើ​មាន​នរណា​ក្រោក​ឡើង​ការពារ​ខ្ញុំជំទាស់​នឹង​មនុស្ស​អាក្រក់?តើ​មាន​នរណា​ឈរ​ជា​មួយ​ខ្ញុំប្រឆាំង​នឹង​អស់​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត?

17 ប្រសិន​បើ​ព្រះ‌អម្ចាស់​មិន​បាន​ជួយ​ខ្ញុំ​ទេ​នោះខ្ញុំ​មុខ​ជា​វិនាស​សាប‌សូន្យ​ភ្លាមៗ​មិន​ខាន។

18 ឱ​ព្រះ‌អម្ចាស់​អើយ ពេល​ណា​ទូលបង្គំ​ពោល​ថា«ខ្ញុំ​ដួល​ឥឡូវ​ហើយ!»នោះ​ព្រះ‌អង្គ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាជួយ​ទ្រ​ទូលបង្គំ។

19 ពេល​ណា​មាន​ទុក្ខ​កង្វល់​ញាំ‌ញី​ក្នុង​ចិត្ត​ទូលបង្គំព្រះ‌អង្គ​សម្រាល​ទុក្ខ​ទូលបង្គំដោយ​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​អំណរ​សប្បាយ។

20 តើ​អ្នក​មាន​ពាក់‌ព័ន្ធ​ជា​មួយ​នឹង​ចៅ‌ក្រមដ៏​ទុច្ចរិត​ទាំង​នោះដែល​ប្រើ​ច្បាប់​ជិះ‌ជាន់​សង្កត់‌សង្កិន​ប្រជា‌ជន​ឬ​ទេ?

21 ពួក​គេ​ព្រួត​គ្នា​ព្យាបាទ​ជីវិត​មនុស្ស​សុចរិតពួក​គេ​កាត់​ទោស​ប្រហារ​ជីវិត​មនុស្ស​ស្លូត​ត្រង់។

22 ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​ជា​កំពែង​ការពារ​ខ្ញុំព្រះ​របស់​ខ្ញុំ​ជា​ថ្ម‌ដា និង​ជា​ជម្រក សម្រាប់​ខ្ញុំ។

23 ព្រះ‌អង្គ​សង​ទៅ​ពួក​គេ​វិញសម​តាម​កំហុស​ដែល​គេ​បាន​ប្រព្រឹត្តព្រះ‌អង្គ​ធ្វើ​ឲ្យ​គេ​វិនាស​សូន្យដោយ‌សារ​អំពើ​កំណាច​របស់​ខ្លួន​ផ្ទាល់ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើងនឹង​ធ្វើ​ឲ្យ​ពួក​គេ​វិនាស​សូន្យ​ទៅ។