ទំនុក‌តម្កើង 59 KHSV

សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ!

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ បទ «សូម​កុំ​បំផ្លាញ»។ ទំនុក​របស់​ស្ដេច​ដាវីឌ។ នៅ​ពេល​ដែល​ស្ដេច​សូល​ចាត់​គេ​ឲ្យ​ទៅ​ព័ទ្ធ​ដំណាក់​ស្ដេច​ដាវីឌ ដើម្បី​ធ្វើ​គុត​ព្រះ‌អង្គ។

1 ព្រះ​នៃ​ទូលបង្គំ​អើយ!សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពីខ្មាំង​សត្រូវ​របស់​ទូលបង្គំ​ផងសូម​ការពារ​ទូលបង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃរបស់​អស់​អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​បាប​ទូលបង្គំ។

2 សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃរបស់​អស់​អ្នក​ដែល​ប្រព្រឹត្ត​ទុច្ចរិតសូម​សង្គ្រោះ​ទូលបង្គំ​ឲ្យ​រួច​ផុតពី​មនុស្ស​ស្រេក​ឈាម។

3 ព្រះ‌អម្ចាស់​អើយ!ទោះ​បី​ទូលបង្គំ​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុសឬ​ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ក៏​ដោយក៏​ពួក​គេ​នាំ​គ្នា​ពួន​ស្ទាក់​ចាំ​ប្រហារ​ជីវិត​ទូលបង្គំមនុស្ស​មាន​អំណាច​ឃុប‌ឃិត​គ្នាប្រឆាំង​នឹង​ទូលបង្គំ​ដែរ។

4 ទោះ​បី​ទូលបង្គំ​គ្មាន​កំហុស​អ្វី​ក៏​ដោយពួក​គេ​ខំ​រូត‌រះ​រៀបចំ​ខ្លួន​ប្រឆាំង​នឹង​ទូលបង្គំឱ​ព្រះ‌អង្គ​អើយ សូម​តើន​ឡើងយាង​មក​រក​ទូលបង្គំសូម​ទត​មក​ទូលបង្គំ​ផង។

5 ឱ​ព្រះ‌ជា‌អម្ចាស់​អើយព្រះ‌អង្គ​ជា​ព្រះ​នៃ​ពិភព​ទាំង​មូលព្រះ‌អង្គ​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែលសូម​តើន​ឡើងដាក់​ទោស​ប្រជា‌ជាតិ​ទាំង​អស់​នោះសូម​កុំ​ប្រណី‌សន្ដោស​ពួក​ក្បត់​ដ៏​ទុច្ចរិតទាំង​នោះ​ឡើយ!។ - សម្រាក

6 ពួក​គេ​នាំ​គ្នា​វិល​មក​វិញ​នៅ​ពេល​ល្ងាចហើយ​នាំ​គ្នា​លូ​ដូច​ឆ្កែគេ​ដើរ​ក្រវែល​ជុំ‌វិញ​ទីក្រុង។

7 មាត់​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយពាក្យ​សម្ដី​អាក្រក់ពាក្យ​សម្ដី​របស់​គេ​ប្រៀប​បាន​នឹង​ដាវគេ​គិត​ថា គ្មាន​នរណា​ស្ដាប់​ឮ​ទេ?

8 ចំណែក​ឯ​ព្រះ‌អង្គ​វិញ ឱ​ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​សើច​ចំអក​ឲ្យ​ពួក​គេព្រះ‌អង្គ​ចំអក​ឲ្យ​ប្រជា‌ជាតិ​ទាំង​នោះ។

9 ទូលបង្គំ​សម្លឹង​មើល​ទៅ​ព្រះ‌អង្គព្រោះ​ព្រះ‌អង្គ​ជា​កម្លាំង​នៃ​ទូលបង្គំព្រះ‌ជាម្ចាស់​ជា​កំពែង​ការពារ​ទូលបង្គំ។

10 ព្រះ​របស់​ខ្ញុំ​ដែល​ប្រកប​ដោយ​ព្រះ‌ហឫទ័យមេត្តា‌ករុណា ទ្រង់​យាង​មក​រក​ខ្ញុំព្រះ‌អង្គ​ឲ្យ​ខ្ញុំ​បាន​សប្បាយដោយ​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ។

11 ឱ​ព្រះ‌អម្ចាស់​ជា​ខែល​ការពារ​យើង​ខ្ញុំ​អើយសូម​កុំ​ប្រហារ​ពួក​គេ​ឡើយក្រែង​លោ​ប្រជា‌ជន​ទូលបង្គំភ្លេច​អំពី​ជ័យ‌ជំនះ​របស់​ព្រះ‌អង្គតែ​សូម​អង្រួន និង​ច្រាន​ទម្លាក់​ពួក​គេដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ!។

12 ពេល​ហារ​មាត់​និយាយគេ​ពោល​ចេញ​មក​សុទ្ធ​តែពាក្យ​សម្ដី​ពោរ‌ពេញ​ទៅ​ដោយ​អំពើ​បាបដូច្នេះ សូម​ឲ្យ​ពួក​គេ​ជាប់​អន្ទាក់ដោយ‌សារ​តែ​ចិត្ត​អួត‌អាង​របស់​ខ្លួន!ដ្បិត​ពួក​គេ​គិត​តែ​ពី​ជេរ​ប្រទេច‌ផ្ដាសានិង​និយាយ​កុហក។

13 សូម​បំផ្លាញ​ពួក​គេឲ្យ​វិនាស​អន្តរាយ​យ៉ាង​ទាន់‌ហន់​ទៅសូម​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​សូន្យ​ទៅ!ពេល​នោះ មនុស្ស​គ្រប់ៗ​គ្នា​នឹង​ដឹង​ថាព្រះ‌ជាម្ចាស់​គ្រប់‌គ្រង​នៅ​ស្រុក​អ៊ីស្រា‌អែលហើយ​ព្រះ‌អង្គ​ក៏​គ្រប់‌គ្រងរហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី​ដែរ។ - សម្រាក

14 ពួក​គេ​នាំ​គ្នា​វិល​មក​វិញ​នៅ​ពេល​ល្ងាចហើយ​នាំ​គ្នា​លូ​ដូច​ឆ្កែគេ​ដើរ​ក្រវែល​ជុំ‌វិញ​ទីក្រុង។

15 ពួក​គេ​ដើរ​ចុះ​ដើរ​ឡើង ស្វែង​រក​អាហារក៏​ប៉ុន្តែ គេ​នាំ​គ្នា​គ្រហឹម ព្រោះ​ស៊ី​មិន​ឆ្អែត។

16 រីឯ​ទូលបង្គំ​វិញទូលបង្គំ​ច្រៀង​សរសើរ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គនៅ​ពេល​ព្រឹក ទូលបង្គំ​ថ្លែង​ពី​ព្រះ‌ហឫទ័យមេត្តា​ករុណា​របស់​ព្រះ‌អង្គដ្បិត​ព្រះ‌អង្គ​ជា​កំពែង​ការពារ​ទូលបង្គំនិង​ជា​ជម្រក​នៅ​ពេល​ទូលបង្គំ​មាន​អាសន្ន។

17 ឱ​ព្រះ​ដ៏​ជា​កម្លាំង​នៃ​ទូលបង្គំ​អើយទូលបង្គំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គដ្បិត​ព្រះ‌អង្គ​ជា​កំពែង​ការពារ​ទូលបង្គំជា​ព្រះ​ដែល​មាន​ព្រះ‌ហឫទ័យមេត្តា​ករុណា​ទូលបង្គំ។