1 ឱព្រះអម្ចាស់អើយ ទោះបីព្រះអង្គទ្រង់ព្រះពិរោធនឹងទូលបង្គំក្ដីសូមកុំដាក់ទោសទូលបង្គំឡើយទោះបីព្រះអង្គខ្ញាល់នឹងទូលបង្គំក្ដីក៏សូមកុំធ្វើទោសទូលបង្គំដែរ!
2 ព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំផងដ្បិតទូលបង្គំកាន់តែខ្សោយណាស់ហើយ ព្រះអម្ចាស់អើយ សូមប្រោសទូលបង្គំឲ្យជាផងដ្បិតរូបកាយទូលបង្គំទាំងមូលញ័រញាក់។
3 ចិត្តគំនិតទូលបង្គំតប់ប្រមល់ជាខ្លាំង ព្រះអម្ចាស់អើយ តើទុកឲ្យទូលបង្គំនៅដូច្នេះដល់កាលណាទៀត?
4 ព្រះអម្ចាស់អើយ សូមទ្រង់យាងមកវិញហើយសង្គ្រោះទូលបង្គំផង សូមរំដោះទូលបង្គំដោយព្រះហឫទ័យសប្បុរស
5 ដ្បិតពេលស្លាប់ផុតទៅហើយគ្មាននរណាអាចនឹកដល់ព្រះអង្គបានទៀតទេពុំដែលមាននរណាសរសើរតម្កើងព្រះអង្គនៅក្នុងស្ថានមនុស្សស្លាប់ឡើយ។
6 ទូលបង្គំស្រែកថ្ងូរ ហើយកាន់តែល្វើយទៅៗ។រៀងរាល់យប់ ទូលបង្គំយំសោកនៅលើគ្រែហើយបង្ហូរទឹកភ្នែកជោកខ្នើយ។
7 ទុក្ខកង្វល់បានធ្វើឲ្យទូលបង្គំស្លក់មុខភ្នែកទូលបង្គំក៏ប្រែទៅជាស្រវាំងព្រោះតែបច្ចាមិត្តរបស់ទូលបង្គំ។
8 អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយចូរចៀសចេញឲ្យឆ្ងាយពីខ្ញុំទៅដ្បិតព្រះអម្ចាស់ ទ្រង់ព្រះសណ្ដាប់ឮសំឡេងយំសោករបស់ខ្ញុំហើយ។
9 ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮពាក្យទទូចអង្វររបស់ខ្ញុំ ព្រះអម្ចាស់ទទួលពាក្យអធិស្ឋានរបស់ខ្ញុំហើយ។
10 សូមឲ្យខ្មាំងសត្រូវទាំងប៉ុន្មានរបស់ខ្ញុំត្រូវអាម៉ាស់ និងញ័ររន្ធត់ហើយឲ្យគេដកខ្លួនថយទៅវិញទាំងអៀនខ្មាសយ៉ាងខ្លាំង។