1 ព្រះអម្ចាស់អើយទូលបង្គំសូមផ្ញើជីវិតលើព្រះអង្គហើយសូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់ឡើយ!
2 ដោយព្រះអង្គមានព្រះហឫទ័យសុចរិតសូមរំដោះទូលបង្គំឲ្យមានសេរីភាពសូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំសូមសង្គ្រោះទូលបង្គំផង!
3 សូមព្រះអង្គធ្វើជាថ្មដា សម្រាប់ទូលបង្គំជ្រកកោនព្រះអង្គបង្គាប់ឲ្យទូលបង្គំមករកថ្មដានេះជានិច្ច ដើម្បីឲ្យបានរួចជីវិតដ្បិតព្រះអង្គពិតជាថ្មដានិងជាកំពែងការពារទូលបង្គំមែន!
4 ឱព្រះនៃទូលបង្គំអើយសូមជួយទូលបង្គំឲ្យគេចផុតពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់ព្រមទាំងគេចផុតពីកណ្ដាប់ដៃរបស់មនុស្សទុច្ចរិត និងមនុស្សកំណាច!
5 ឱព្រះជាអម្ចាស់អើយព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំទូលបង្គំបានផ្ញើជីវិតលើព្រះអង្គតាំងពីក្មេងមក!
6 ទូលបង្គំពឹងផ្អែកលើព្រះអង្គតាំងពីនៅក្នុងផ្ទៃម្ដាយគឺព្រះអង្គហើយដែលបានយកទូលបង្គំចេញពីផ្ទៃម្ដាយទូលបង្គំសរសើរតម្កើងព្រះអង្គឥតឈប់ឈរ!
7 មនុស្សជាច្រើនយល់ថាព្រះអង្គបានដាក់បណ្ដាសាទូលបង្គំក៏ប៉ុន្តែ តាមពិត ព្រះអង្គជាជម្រកដ៏រឹងមាំរបស់ទូលបង្គំ។
8 សូមឲ្យទូលបង្គំពោលពាក្យសរសើរតម្កើងព្រះអង្គជានិច្ចទូលបង្គំចង់លើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គជារៀងរាល់ថ្ងៃ!
9 សូមកុំលះបង់ទូលបង្គំនៅគ្រាដែលទូលបង្គំមានវ័យចាស់ជរាសូមកុំបោះបង់ចោលទូលបង្គំនៅគ្រាដែលកម្លាំងទូលបង្គំចុះអោនថយនេះឡើយ!
10 ដ្បិតសត្រូវរបស់ទូលបង្គំកំពុងតែគិតគ្នាប្រឆាំងនឹងទូលបង្គំអស់អ្នកដែលប៉ុនប៉ងប្រហារជីវិតទូលបង្គំកំពុងតែពិភាក្សាគ្នា
11 គេពោលថា: ព្រះជាម្ចាស់បានបោះបង់ចោលគាត់ហើយ!ចូរដេញតាមគាត់ចាប់យកមក!គ្មាននរណាជួយរំដោះគាត់បានទេ!
12 ឱព្រះជាម្ចាស់អើយសូមកុំទៅណាឆ្ងាយពីទូលបង្គំឡើយ!ឱព្រះនៃទូលបង្គំអើយសូមយាងមកជួយទូលបង្គំជាប្រញាប់!
13 សូមឲ្យអស់អ្នកដែលចោទប្រកាន់ទូលបង្គំត្រូវអាម៉ាស់ ហើយវិនាសសូន្យទៅ!សូមឲ្យអស់អ្នកដែលប្រាថ្នាឲ្យទូលបង្គំវេទនា ត្រូវបាត់បង់កិត្តិយស និងបាក់មុខ!
14 រីឯទូលបង្គំវិញ ទូលបង្គំនៅតែមានសង្ឃឹមជានិច្ចទូលបង្គំនឹងសរសើរតម្កើងព្រះអង្គហើយសរសើរតម្កើងទៀត!
15 ជារៀងរាល់ថ្ងៃទូលបង្គំនឹងថ្លែងរៀបរាប់អំពីសេចក្ដីសុចរិតនិងការសង្គ្រោះរបស់ព្រះអង្គ ដែលមានចំនួនដ៏ច្រើនឥតគណនា។
16 ព្រះជាអម្ចាស់អើយ ដោយសារព្រះអង្គជួយទូលបង្គំនឹងចូលមកក្នុងព្រះដំណាក់ទូលបង្គំនឹងរំឭកពីសេចក្ដីសុចរិតរបស់ព្រះអង្គតែមួយប៉ុណ្ណោះ។
17 ព្រះជាម្ចាស់អើយព្រះអង្គបានប្រៀនប្រដៅទូលបង្គំតាំងពីទូលបង្គំនៅក្មេងរហូតមកទល់ពេលនេះ ទូលបង្គំនៅតែប្រកាសអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គដដែល។
18 ឱព្រះជាម្ចាស់អើយឥឡូវនេះ ទូលបង្គំចាស់សក់ស្កូវហើយសូមកុំបោះបង់ចោលទូលបង្គំឡើយដើម្បីឲ្យទូលបង្គំអាចប្រកាសអំពីព្រះចេស្ដារបស់ព្រះអង្គប្រាប់មនុស្សនៅជំនាន់នេះនិងប្រកាសអំពីឫទ្ធានុភាពរបស់ព្រះអង្គប្រាប់មនុស្សទាំងអស់នៅជំនាន់ក្រោយដែរ។
19 ព្រះជាម្ចាស់អើយព្រះហឫទ័យសុចរិតរបស់ព្រះអង្គខ្ពស់ពន់ពេកណាស់ដ្បិតព្រះអង្គបានធ្វើការដ៏ធំអស្ចារ្យជាច្រើនព្រះជាម្ចាស់អើយគ្មាននរណាអាចផ្ទឹមស្មើនឹងព្រះអង្គបានឡើយ!
20 ព្រះអង្គបានធ្វើឲ្យយើងខ្ញុំជួបអាសន្នអន់ក្រ និងទុក្ខលំបាកជាច្រើនក៏ប៉ុន្តែ ព្រះអង្គប្រទានឲ្យយើងខ្ញុំមានជីវិតសាជាថ្មីព្រះអង្គបាននាំទូលបង្គំឡើងពីរណ្ដៅមកវិញ។
21 ព្រះអង្គនឹងប្រទានឲ្យទូលបង្គំមានកិត្តិយសកាន់តែខ្ពស់ព្រះអង្គនឹងសម្រាលទុក្ខទូលបង្គំសាជាថ្មី។
22 ព្រះនៃទូលបង្គំអើយទូលបង្គំនឹងសរសើរតម្កើងព្រះអង្គដោយសំឡេងចាប៉ីព្រោះព្រះអង្គមានព្រះហឫទ័យស្មោះស្ម័គ្រឱព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលអើយទូលបង្គំនឹងស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គដោយដេញពិណកំដរផង!
23 ទូលបង្គំនឹងច្រៀងតម្កើងព្រះអង្គទូលបង្គំនឹងបន្លឺសំឡេងឡើងដោយអំណរទូលបង្គំនឹងច្រៀងអស់ពីចិត្តព្រោះព្រះអង្គបានរំដោះជីវិតទូលបង្គំ។
24 ទូលបង្គំនឹងថ្លែងអំពីសេចក្ដីសុចរិតរបស់ព្រះអង្គជារៀងរាល់ថ្ងៃដ្បិតអស់អ្នកដែលប្រាថ្នាឲ្យទូលបង្គំវេទនាត្រូវអាប់អោន និងអាម៉ាស់មុខ!