ទំនុក‌តម្កើង 66 KHSV

ព្រះ‌ជាម្ចាស់​បាន​រំដោះ​យើង

បទ​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់។ ទំនុក‌តម្កើង។

1 ប្រជា‌ជន​នៅ​ផែនដី​ទាំង​មូល​អើយចូរ​នាំ​គ្នា​ស្រែក​ជយ‌ឃោសថ្វាយ​ព្រះ‌ជាម្ចាស់!

2 ចូរ​ស្មូត្រ​ទំនុក‌តម្កើងថ្វាយ​សិរី‌រុងរឿង​ព្រះ‌នាម​ព្រះ‌អង្គចូរ​នាំ​គ្នា​សរសើរលើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ!

3 ចូរ​ទូល​ព្រះ‌អង្គ​ថា: ព្រះ‌ជាម្ចាស់​អើយស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គគួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់!ពួក​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ​នាំ​គ្នា​លុត​ក្រាបដោយ​ឃើញ​ព្រះ‌ចេស្ដា​ដ៏​ធំ‌ធេង​របស់​ព្រះ‌អង្គ។

4 មនុស្ស‌ម្នា​នៅ​ផែនដី​ទាំង​មូលក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គហើយ​នាំ​គ្នា​ស្មូត្រ​ទំនុក‌តម្កើង​ព្រះ‌អង្គគេ​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌នាម​ព្រះ‌អង្គ។ - សម្រាក

5 ចូរ​នាំ​គ្នា​មក​រំពៃ​មើល​ស្នា​ព្រះ‌ហស្ដរបស់​ព្រះ‌ជាម្ចាស់!កិច្ចការ​ដែល​ព្រះ‌អង្គ​ធ្វើ​ចំពោះ​មនុស្ស​លោកគួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់។

6 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​រីងទៅ​ជា​ដី​គោក ដើម្បី​ឲ្យ​ប្រជា‌ជន​ដើរ​ឆ្លង។ដោយ​ព្រះ‌អង្គ​ធ្វើ​ការ​ដ៏​អស្ចារ្យ​នោះយើង​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។

7 ព្រះ‌អង្គ​គ្រង​រាជ្យ​អស់‌កល្ប​ជា‌និច្ចដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គព្រះ‌អង្គ​ពិនិត្យ​មើល​ប្រជា‌ជាតិ​ទាំង‌ឡាយដើម្បី​កុំ​ឲ្យ​ពួក​បះ‌បោរអាច​ក្រោក​ឡើង​បាន​ឡើយ! - សម្រាក

8 ប្រជា‌ជន​ទាំង‌ឡាយ​អើយចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ​នៃ​យើងចូរ​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះ‌អង្គ!

9 ព្រះ‌អង្គ​ប្រទាន​ឲ្យ​យើង​មាន​ជីវិតហើយ​ព្រះ‌អង្គ​មិន​បណ្ដោយឲ្យ​យើង​ភ្លាត់​ដួល​ឡើយ។

10 ឱ​ព្រះ‌ជាម្ចាស់​អើយ!ព្រះ‌អង្គ​បាន​ល្បង‌ល​មើល​ចិត្ត​យើង​ខ្ញុំព្រះ‌អង្គ​បាន​លត់‌ដំ​យើង​ខ្ញុំ ដូច​គេ​បន្សុទ្ធ​ប្រាក់។

11 ព្រះ‌អង្គ​បាន​នាំ​យើង​ខ្ញុំ​ឲ្យ​ជួប​នឹង​ទុក្ខ​លំបាកព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​វេទនា​ជា​ច្រើន​ដែរ។

12 ព្រះ‌អង្គ​បណ្ដោយ​ឲ្យ​សត្រូវបំបោល​សេះ​ពី​លើ​ក្បាល​យើង​ខ្ញុំយើង​ខ្ញុំ​បាន​ឆ្លង​កាត់​ភ្លើង ឆ្លង​កាត់​ទឹកប៉ុន្តែ ព្រះ‌អង្គ​បាន​នាំ​យើង​ខ្ញុំ​ឲ្យ​ចេញ​រួចហើយ​ប្រទាន​ឲ្យ​យើង​ខ្ញុំបាន​សម្បូណ៌​ហូរ‌ហៀរ។

13 ទូលបង្គំ​ចូល​មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គទាំង​នាំ​តង្វាយ​ដុត​យក​មក​ថ្វាយ​ព្រះ‌អង្គដូច​ទូលបង្គំ​បាន​សន្យា

14 គឺ​ស្រប​តាម​ពាក្យ​ដែល​ទូលបង្គំបាន​ទូល​ព្រះ‌អង្គ នៅ​ពេល​មាន​អាសន្ន។

15 ទូលបង្គំ​យក​សត្វ​ដ៏​ធាត់ៗ គឺ​ពពែ​ឈ្មោលគោ​ឈ្មោល និង​ចៀម​ឈ្មោលមក​ថ្វាយ​ជា​តង្វាយហើយ​ក្លិន​នៃ​យញ្ញ‌បូជា​នេះ​សាយ‌ភាយឡើង​ទៅ​កាន់​ព្រះ‌អង្គ។ - សម្រាក

16 អ្នក​ទាំង​អស់​គ្នា​ដែល​គោរព​កោត​ខ្លាចព្រះ‌ជាម្ចាស់​អើយ សូម​អញ្ជើញ​មក​ស្ដាប់ខ្ញុំ​នឹង​រៀប​រាប់​អំពី​កិច្ចការដែល​ព្រះ‌អង្គ​បាន​ធ្វើ​ចំពោះ​ខ្ញុំ។

17 ខ្ញុំ​បាន​ស្រែក​អង្វរ​រក​ព្រះ‌អង្គទាំង​ពោល​ពាក្យ​លើក​តម្កើង​ព្រះ‌អង្គ​ទៀត​ផង

18 ប្រសិន​បើ​ខ្ញុំ​មាន​គំនិត​ទុច្ចរិតព្រះ‌អម្ចាស់​មុខ​ជា​មិន​ស្ដាប់​ខ្ញុំ​ឡើយ

19 ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ស្ដាប់​ពាក្យ​ខ្ញុំព្រះ‌អង្គ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់នឹង​សម្រែក​ទូល‌អង្វរ​របស់​ខ្ញុំ

20 សូម​លើក​តម្កើង​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​ពុំ​បានបដិសេធ​ពាក្យ​ទូល‌អង្វរ​របស់​ខ្ញុំ​ទេហើយ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យមេត្តា​ករុណា​ចំពោះ​ខ្ញុំ​ជា‌និច្ច!។