1 ឱព្រះអម្ចាស់អើយទូលបង្គំសូមជ្រកកោនជាមួយព្រះអង្គសូមកុំឲ្យទូលបង្គំត្រូវខកចិត្តឡើយ!ឱព្រះដ៏សុចរិតអើយ សូមរំដោះទូលបង្គំ!។
2 សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំសូមមករំដោះទូលបង្គំជាប្រញាប់!សូមធ្វើជាថ្មដា និងជាកំពែងការពារទូលបង្គំហើយសង្គ្រោះទូលបង្គំផង!។
3 ដ្បិតព្រះអង្គជាសិលា និងជាកំពែងការពារទូលបង្គំសូមដឹកដៃនាំផ្លូវទូលបង្គំដោយយល់ដល់ព្រះនាមព្រះអង្គ។
4 សូមប្រោសឲ្យទូលបង្គំបានរួចពីអន្ទាក់ដែលពួកគេដាក់ចាំចាប់ទូលបង្គំដ្បិតព្រះអង្គការពារទូលបង្គំ។
5 ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្ដព្រះអង្គ។ឱព្រះអម្ចាស់ ជាព្រះដ៏ស្មោះត្រង់អើយ!ព្រះអង្គបានជួយដោះលែងទូលបង្គំ។
6 ទូលបង្គំសូមផ្ញើជីវិតលើព្រះអម្ចាស់ហើយទូលបង្គំមិនពេញចិត្តនឹងអស់អ្នកដែលគោរពបម្រើព្រះក្លែងក្លាយទេ។
7 ទូលបង្គំត្រេកអរសប្បាយជាខ្លាំងដោយព្រះអង្គមានព្រះហឫទ័យសប្បុរសចំពោះទូលបង្គំព្រះអង្គទតឃើញទុក្ខវេទនារបស់ទូលបង្គំព្រះអង្គជ្រាបថាទូលបង្គំមានកង្វល់។
8 ព្រះអង្គមិនបណ្តោយឲ្យទូលបង្គំធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយតែព្រះអង្គប្រទានឲ្យទូលបង្គំមានសេរីភាពងើបឡើងវិញបាន។
9 ឱព្រះអម្ចាស់អើយសូមប្រណីសន្ដោសទូលបង្គំផងដ្បិតទូលបង្គំកំពុងតែមានអាសន្ន!ទូលបង្គំយំខ្សោះទឹកភ្នែក ព្រលឹងនិងរូបកាយទូលបង្គំកាន់តែសោកសង្រេង។
10 ជីវិតទូលបង្គំកាន់តែអន់ថយទៅ ដោយកើតទុក្ខទូលបង្គំស្រែកថ្ងូរអស់មួយជីវិតកម្លាំងទូលបង្គំកាន់តែទ្រុឌទ្រោមព្រោះតែកំហុសរបស់ទូលបង្គំហើយសូម្បីតែឆ្អឹងរបស់ទូលបង្គំក៏កាន់តែពុកទៅៗដែរ។
11 ខ្មាំងសត្រូវទាំងប៉ុន្មានរបស់ទូលបង្គំជាពិសេសអ្នកជិតខាងនាំគ្នាត្មះតិះដៀលទូលបង្គំហើយសូម្បីតែអស់អ្នកដែលជិតស្និទ្ធនឹងទូលបង្គំក៏មិនហ៊ានចូលជិតទូលបង្គំដែរបើគេឃើញទូលបង្គំនៅតាមផ្លូវគេនាំគ្នារត់គេច។
12 គ្មាននរណានឹកនាពីទូលបង្គំទៀតទេទូលបង្គំប្រៀបបីដូចមនុស្សស្លាប់និងដូចជាឆ្នាំងកំបែកដែលគេបោះចោល។
13 ទូលបង្គំបានឮមនុស្សជាច្រើនពោលពាក្យមួលបង្កាច់មនុស្សម្នានៅជុំវិញទូលបង្គំបានធ្វើឲ្យទូលបង្គំភ័យតក់ស្លុត។គេលើកគ្នាប្រឆាំងនឹងទូលបង្គំព្រមទាំងឃុបឃិតគ្នាបម្រុងនឹងដកជីវិតទូលបង្គំផង។
14 ឱព្រះអម្ចាស់អើយទូលបង្គំសូមផ្ញើជីវិតលើព្រះអង្គ!ទូលបង្គំពោលថាព្រះអង្គពិតជាព្រះរបស់ទូលបង្គំ។
15 អាយុជីវិតរបស់ទូលបង្គំស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះអង្គសូមរំដោះទូលបង្គំចេញពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងអស់អ្នកដែលបៀតបៀនទូលបង្គំ!
16 សូមបែរព្រះភ័ក្ត្រទតមកអ្នកបម្រើរបស់ព្រះអង្គសូមសង្គ្រោះទូលបង្គំដោយព្រះហឫទ័យដ៏ស្មោះត្រង់របស់ព្រះអង្គ!
17 ឱព្រះអម្ចាស់អើយទូលបង្គំអង្វររកព្រះអង្គ!សូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់ឡើយតែឲ្យពួកមនុស្សពាលត្រូវអាម៉ាស់មុខវិញគឺឲ្យពួកគេបិទមាត់ធ្លាក់ទៅស្ថានមនុស្សស្លាប់ទៅ!។
18 សូមឲ្យមនុស្សដែលតែងតែនិយាយកុហក ក្លាយទៅជា គគឺពួកដែលនិយាយយ៉ាងព្រហើនប្រឆាំងនឹងមនុស្សសុចរិតដោយអួតបំប៉ោង និងប្រមាថមាក់ងាយ!។
19 ឱព្រះអម្ចាស់អើយ!ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គល្អវិសេសវិសាលណាស់!ព្រះអង្គបម្រុងទុកសម្រាប់អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គមនុស្សគ្រប់ៗគ្នាដឹងថា ព្រះអង្គប្រោសប្រណីអស់អ្នកដែលមកជ្រកកោនជាមួយព្រះអង្គ។
20 ព្រះអង្គលាក់គេនៅក្បែរព្រះអង្គឲ្យរួចផុតពីឧបាយកលរបស់មនុស្សគឺឲ្យគេជ្រកនៅក្នុងព្រះពន្លាឆ្ងាយពីពាក្យមួលបង្កាច់របស់សត្រូវ។
21 សូមលើកតម្កើងព្រះអម្ចាស់!ដ្បិតពេលមានសត្រូវឡោមព័ទ្ធទូលបង្គំព្រះអង្គបានសម្តែងព្រះហឫទ័យស្មោះត្រង់យ៉ាងអស្ចារ្យចំពោះទូលបង្គំ។
22 ពេលទូលបង្គំខ្វល់ខ្វាយ ទូលបង្គំស្មានថាព្រះអង្គបានបណ្តេញទូលបង្គំចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គហើយប៉ុន្តែ ពេលទូលបង្គំស្រែករកព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យអង្វររបស់ទូលបង្គំ។
23 អ្នករាល់គ្នាដែលគោរពបម្រើព្រះអម្ចាស់អើយចូរស្រឡាញ់ព្រះអង្គ! ព្រះអម្ចាស់ថែរក្សាអ្នកជឿតែព្រះអង្គធ្វើទោសយ៉ាងតឹងរ៉ឹងដល់មនុស្សព្រហើន។
24 អស់អ្នកដែលសង្ឃឹមទុកចិត្តលើព្រះអម្ចាស់អើយចូរមានកម្លាំង និងចិត្តក្លាហានឡើង!។