ទំនុក‌តម្កើង 92 KHSV

ទូលបង្គំ​សប្បាយ​ចិត្ត​នឹង​កិច្ចការ​ដែល​ព្រះ‌អង្គ​ធ្វើ

ទំនុក‌តម្កើង។ ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់​នៅ​ថ្ងៃ​សប្ប័ទ*

1 ឱ​ព្រះ‌អម្ចាស់​អើយជា​ការ​ប្រពៃ​ណាស់ដែល​ទូលបង្គំ​លើក​តម្កើង​ព្រះ‌អង្គស្មូត្រ​ទំនុក‌តម្កើង​សរសើរ​ព្រះ‌នាមរបស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!

2 ទូលបង្គំ​ប្រកាស​អំពី​ព្រះ‌ហឫទ័យមេត្តា​ករុណា​របស់​ព្រះ‌អង្គ តាំង​ពី​ព្រលឹម​មកហើយ​ប្រកាស​អំពី​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្ររបស់​ព្រះ‌អង្គ​នៅ​ពេល​យប់

3 ដោយ​លេង​ឃឹម ដេញ​ចាប៉ី និង​ដេញ​ពិណ។

4 ឱ​ព្រះ‌អម្ចាស់​អើយ កិច្ចការ​ដែល​ព្រះ‌អង្គ​ធ្វើបាន​នាំ​ឲ្យ​ទូលបង្គំ​មាន​អំណរ​ដ៏​លើស‌លប់ទូលបង្គំ​សប្បាយ​ចិត្ត​នឹង​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ។

5 ឱ​ព្រះ‌អម្ចាស់​អើយស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម​ណាស់ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ជ្រៅ​ពន់​ប្រមាណ!

6 មនុស្ស​ល្ងី‌ល្ងើ​មិន​យល់​អ្វី​ទាំង​អស់ហើយ​មនុស្ស​ឆោត​ល្ងង់​ក៏​មិន​ដឹង​អ្វី​ដែរ។

7 មនុស្ស​អាក្រក់​លូត​លាស់​ឡើង​ដូច​ស្មៅហើយ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ប្រព្រឹត្តអំពើ​ទុច្ចរិត​ក៏​រីក​ដុះ‌ដាល​ឡើង​ដែរប៉ុន្តែ គេ​នឹង​ត្រូវ​វិនាស​អន្តរាយ​រហូត​ត​ទៅ។

8 រីឯ​ព្រះ‌អង្គ​វិញ នៅ​ស្ថាន​លើព្រះ‌អង្គ​នៅ​តែ​ជា​ព្រះ‌អម្ចាស់​ជា‌និច្ច!

9 ឱ​ព្រះ‌អម្ចាស់​អើយខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ​កំពុង​តែ​វិនាសអស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិតនឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ​អស់​ទៅ។

10 ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទូលបង្គំមាន​កម្លាំង​ដូច​ដំរីព្រះ‌អង្គ​បាន​ចាក់​ប្រេង​ថ្មី​មក​លើ​ទូលបង្គំ។

11 ទូលបង្គំ​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យព្រម​ទាំង​ឮ​សម្រែក​របស់​អស់​អ្នកដែល​ស្អប់​ទូលបង្គំ។

12 មនុស្ស​សុចរិត​នឹង​បាន​រីក​ដុះ‌ដាល​ឡើងដូច​ដើម​ត្នោត ហើយ​ចម្រើន​ធំ​ឡើងដូច​ដើម​តាត្រៅ​នៅ​ស្រុក​លីបង់។

13 ពួក​គេ​ប្រៀប​បាន​នឹង​ដើម​ឈើ​ដុះនៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ហើយ​លូត​លាស់​នៅ​ក្នុង​ព្រះ‌វិហាររបស់​ព្រះ‌ជាម្ចាស់។

14 ទោះ​បី​គេ​មាន​វ័យ​ចាស់​ជរា​ក្ដីក៏​គេ​នៅ​តែ​អាច​បង្កើត​កូន​បាន​ដដែលគឺ​ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​មាន​ពន្លក​ថ្មីនិង​មាន​ស្លឹក​លាស់​ខៀវ​ខ្ចី​ជា‌និច្ច។

15 ការ​ទាំង​នេះ​សម្តែង​ឲ្យ​ឃើញ​ថា ព្រះ‌អម្ចាស់​ជា​ថ្ម‌ដា​របស់​ខ្ញុំទ្រង់​មាន​ព្រះ‌ហឫទ័យ​ទៀង​ត្រង់​ជា‌និច្ចឥត​ប្រែ‌ប្រួល​សោះ​ឡើយ។