ទំនុក‌តម្កើង 109 KHSV

សូម​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ទូលបង្គំ​ត្រូវ​អាម៉ាស់​មុខ

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក‌តម្កើង​របស់​ស្ដេច​ដាវីឌ។

1 ឱ​ព្រះ​ដែល​ទូលបង្គំសរសើរ​តម្កើង​អើយសូម​កុំ​នៅ​ស្ងៀម​ទៀត​ឡើយ!

2 ដ្បិត​មនុស្ស​អាក្រក់ និង​មនុស្ស​មាន​ល្បិចនាំ​គ្នា​ពោល​ពាក្យ​ប្រឆាំង​នឹង​ទូលបង្គំគេ​និយាយ​កុហក​ទាស់​នឹង​ទូលបង្គំ។

3 គេ​ពោល​ពាក្យ​សំអប់​មក​លើ​ទូលបង្គំហើយ​វាយ​ប្រហារ​ទូលបង្គំដោយ​ឥត​មាន​មូល​ហេតុ​អ្វី​ទាល់​តែ​សោះ។

4 ទូលបង្គំ​ស្រឡាញ់​ពួក​គេប៉ុន្តែ ពួក​គេ​បែរ​ជា​ចោទ​ប្រកាន់​ទូលបង្គំទូលបង្គំ​បាន​អធិស្ឋាន​ឲ្យ​ពួក​គេ។

5 ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​មក​លើ​ទូលបង្គំតប​សង​នឹង​អំពើ​ល្អ ហើយ​សម្តែង​ចិត្ត​ស្អប់តប​សង​នឹង​សេចក្ដី​ស្រឡាញ់។

6 សូម​ដាក់​មនុស្ស​កំណាច​ម្នាក់​ឲ្យ​ត្រួតពី​លើ​អ្នក​នោះ ហើយ​ម្នាក់​ទៀត​ឈរ​នៅ​ខាង​ស្ដាំដើម្បី​ចោទ​ប្រកាន់។

7 សូម​ឲ្យ​អ្នក​នោះ​ទទួល​ទោស​នៅ​ពេល​ជំនុំ‌ជម្រះហើយ​សូម​ឲ្យ​ពាក្យ​អធិស្ឋាន​របស់​គេក្លាយ​ទៅ​ជា​អំពើ​បាប​ទៅ​វិញ។

8 សូម​កុំ​ឲ្យ​គេ​រស់​បាន​យូរ​ឡើយសូម​ឲ្យ​មាន​ម្នាក់​ទៀត​កាន់​តំណែង​ជំនួស។

9 សូម​ឲ្យ​កូន​ចៅ​របស់​គេ​ក្លាយ​ទៅ​ជា​ក្មេង​កំព្រាហើយ​ប្រពន្ធ​របស់​គេ​ក្លាយ​ទៅ​ជា​ស្ត្រី​មេម៉ាយ!។

10 សូម​ឲ្យ​កូន​របស់​អ្នក​នោះក្លាយ​ទៅ​ជា​មនុស្ស​អនាថា​ដើរ​សុំ​ទានហើយ​ត្រូវ​គេ​ដេញ​ចេញ​ពី​ទី​លំ‌នៅដែល​រលំ​បាក់​បែក!

11 សូម​ឲ្យ​ម្ចាស់​បំណុល​មក​រឹប​អូស​អ្វីៗដែល​គេ​មានហើយ​ឲ្យ​ជន​បរទេស​មក​ប្លន់​យក​អ្វីៗដែល​គេ​ខំ​ប្រឹង​រក​បាន!

12 សូម​កុំ​ឲ្យ​មាន​នរណា​ម្នាក់​សម្តែង​ចិត្ត​មេត្តាករុណា​ចំពោះ​គេ​ឡើយហើយ​ក៏​កុំ​ឲ្យ​មាន​នរណា​ម្នាក់​អាណិតអាសូរ​កូន​ចៅ​របស់​គេ​ដែល​នៅ​កំព្រា​ដែរ!

13 សូម​ដក​ជីវិត​ពូជ‌ពង្ស​របស់​គេហើយ​លុប​បំបាត់​នាម​ត្រកូល​របស់​គេនៅ​ជំនាន់​ក្រោយ!

14 សូម​ព្រះ‌អម្ចាស់​ចង​ចាំ​នូវ​កំហុស​ដែល​ដូនតារបស់​គេ​បាន​ប្រព្រឹត្តហើយ​កុំ​ឲ្យ​ព្រះ‌អង្គ​ភ្លេច​អំពើ​បាបដែល​ម្ដាយ​របស់​គេ​បាន​ប្រព្រឹត្ត​ដែរ!

15 សូម​ព្រះ‌អម្ចាស់​ចង​ចាំ​នូវ​អំពើ​បាប​របស់​ពួក​គេ​ជា‌និច្ចពេល​ពួក​គេ​ស្លាប់ សូម​ព្រះ‌អង្គ​ធ្វើកុំ​ឲ្យ​មាន​នរណា​នឹក‌នា​ដល់​ពួក​គេ​ឡើយ!

16 ដ្បិត​ជន​នេះ​ពុំ​បាន​នឹក​សម្តែង​ចិត្ត​មេត្តា‌ករុណា​សោះគេ​បាន​ធ្វើ​បាប​មនុស្ស​កំសត់​ទុគ៌តព្រម​ទាំង​សម្លាប់​អ្នក​ដែល​មាន​ចិត្តសោក​សង្រេង​ទៀត​ផង។

17 គេ​ចូល​ចិត្ត​ដាក់​បណ្ដាសាដូច្នេះ សូម​ឲ្យ​គេ​ត្រូវ​បណ្ដាសា​ចុះ!គេ​មិន​ពេញ​ចិត្ត​នឹង​ពរ​ទេ ដូច្នេះសូម​កុំ​ឲ្យ​មាន​នរណា​ជូន​ពរ​គេ​ឡើយ!

18 សូម​ឲ្យ​គេ​យក​បណ្ដាសា​គ្រប​ដណ្ដប់​ពី​លើ​គេសូម​ឲ្យ​បណ្ដាសា​ចូល​ទៅ​ក្នុង​ខ្លួន​គេ​ដូច​ទឹកហើយ​ចូល​ទៅ​ក្នុង​ឆ្អឹង​គេ​ដូច​ខ្លាញ់!

19 សូម​ឲ្យ​បណ្ដាសា​បាន​ដូច​ជា​សម្លៀក‌បំពាក់បិទ‌បាំង​កាយ​ពួក​គេហើយ​រុំ​ព័ទ្ធ​ខ្លួន​គេ​ជា‌និច្ច​ដូច​ខ្សែ​ក្រវាត់។

20 អស់​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំនិង​អស់​អ្នក​ដែល​និយាយ​អាក្រក់​ប្រឆាំង​នឹង​ខ្ញុំសូម​ឲ្យ​គេ​ទទួល​ទោស​ពី​ព្រះ‌អម្ចាស់បែប​នេះ​ឯង!

21 ឱ​ព្រះ‌ជា‌អម្ចាស់​អើយសូម​ព្រះ‌អង្គ​មេត្តាជួយ​ទូលបង្គំ​ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាដ៏​លើស‌លប់ សូម​រំដោះ​ទូលបង្គំ​ផង!

22 ទូលបង្គំ​ជា​មនុស្ស​កំសត់​ទុគ៌តទូលបង្គំ​របួស​ដួង​ចិត្ត។

23 ទូលបង្គំ​កំពុង​តែ​រសាត់​បាត់​ទៅដូច​ជា​ស្រមោល​នៅ​ពេល​ល្ងាចគេ​កំចាត់​ទូលបង្គំ​ដូច​កំចាត់​សត្វ​ល្អិត។

24 ទូលបង្គំ​ទន់​ជង្គង់ព្រោះ​តែ​តម​អាហារ​យូរ​ពេកទូលបង្គំ​ស្គម​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង។

25 ពេល​មនុស្ស‌ម្នា​ឃើញ​ទូលបង្គំគេ​នាំ​គ្នា​សើច​ចំអកនិង​គ្រវី​ក្បាល​ដាក់​ទូលបង្គំ។

26 ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយសូម​ជួយ​ទូលបង្គំ​ផង!សូម​សង្គ្រោះ​ទូលបង្គំដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ!

27 សូម​ឲ្យ​អ្នក​ទាំង​នោះ​ទទួល​ស្គាល់​ថាព្រះ‌អង្គ​បាន​សង្គ្រោះ​ទូលបង្គំដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ។

28 ទោះ​បី​អ្នក​ទាំង​នោះ​ដាក់​បណ្ដាសា​ទូលបង្គំក៏​ដោយ ក៏​ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​ទូលបង្គំ​ដែរប្រសិន​បើ​ពួក​គេ​វាយ​ប្រហារ​ទូលបង្គំពួក​គេ​មុខ​ជា​ត្រូវ​បាក់​មុខហើយ​ទូលបង្គំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គនឹង​មាន​អំណរ​សប្បាយ។

29 សូម​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ទូលបង្គំត្រូវ​អាម៉ាស់​មុខ សូម​ឲ្យ​សេចក្ដី​អាម៉ាស់នៅ​ជាប់​ជា​មួយ​ពួក​គេ​រហូត​ត​ទៅ!

30 ខ្ញុំ​នឹង​បន្លឺ​សំឡេង​លើក​តម្កើង​ព្រះ‌អម្ចាស់ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​ក្នុង​ចំណោមបណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ!

31 ដ្បិត​ព្រះ‌អង្គ​ការពារ​ជន​កំសត់​ទុគ៌តដើម្បី​សង្គ្រោះ​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃរបស់​អស់​អ្នក​ដែល​ចង់​ដាក់​ទោស​គេ។