ទំនុក‌តម្កើង 112 KHSV

មនុស្ស​ល្អ​មិន​ដែល​រង្គើ​ទេ

1 ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!អ្នក​ណា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ហើយ​ពេញ​ចិត្ត​នឹង​គោរព​តាមព្រះ‌បញ្ជា​របស់​ព្រះ‌អង្គអ្នក​នោះ​មាន​សុភមង្គល​ហើយ!

2 ពូជ‌ពង្ស​របស់​គេ​នឹង​មាន​អំណាច​នៅ​ក្នុង​ស្រុកដ្បិត​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ពរដល់​មនុស្ស​ទៀង​ត្រង់។

3 នៅ​ក្នុង​ផ្ទះ​របស់​អ្នក​នោះនឹង​មាន​ទ្រព្យ‌សម្បត្តិ​ស្ដុក‌ស្ដម្ភសេចក្ដី​សុចរិត​របស់​គាត់​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។

4 ក្នុង​ទី​ងងឹត មាន​ពន្លឺ​លេច​ឡើងបំភ្លឺ​មនុស្ស​ទៀង​ត្រង់ដែល​មាន​ចិត្ត​ប្រណី​សន្ដោសអាណិត​មេត្តា និង​សុចរិត។

5 អ្នក​ណា​មាន​ចិត្ត​ទូលាយហើយ​យក​របស់​ខ្លួន​ឲ្យ​គេ​ខ្ចីព្រម​ទាំង​រក​ស៊ី​ដោយ​ទៀង​ត្រង់អ្នក​នោះ​ប្រព្រឹត្ត​យ៉ាង​ល្អ​ប្រពៃ​ហើយ។

6 មនុស្ស​ល្អ​នឹង​បាន​សុខ​ជា‌និច្ចគេ​នឹង​រំឭក​កេរ្តិ៍​ឈ្មោះ​គាត់​រហូត​ត​ទៅ។

7 គាត់​នឹង​មិន​ខ្លាច​នរណា​និយាយ​អាក្រក់ពី​គាត់​សោះ​ឡើយ គាត់​មាន​ចិត្ត​រឹង‌ប៉ឹងហើយ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​ទាំង​ស្រុង។

8 គាត់​មាន​ចិត្ត​នឹង‌ន ឥត​ភ័យ​ខ្លាច​អ្វី​ទាំង​អស់រហូត​ទាល់​តែ​បាន​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ។

9 គាត់​តែង​ចែក​ទាន​ឲ្យ​អ្នក​ក្រ​ដោយ​ចិត្ត​ទូលាយសេចក្ដី​សុចរិត​របស់​គាត់​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅហើយ​គាត់​ចម្រើន​កម្លាំង​កាន់​តែ​រុងរឿង​ឡើងៗ។

10 ពេល​មនុស្ស​អាក្រក់​ឃើញ​ដូច្នេះក៏​មាន​ចិត្ត​ទោមនស្ស គេ​សង្កៀត​ធ្មេញហើយ​រលាយ​សូន្យ​ទៅ មនុស្ស​អាក្រក់ពុំ​ដែល​បាន​សម្រេច​ដូច​បំណង​ឡើយ។