1 ឱព្រះជាម្ចាស់អើយដូនតាយើងខ្ញុំធ្លាប់រៀបរាប់ឲ្យយើងខ្ញុំបានឮផ្ទាល់នឹងត្រចៀកនូវស្នាព្រះហស្ដទាំងប៉ុន្មានដែលព្រះអង្គបានធ្វើនៅជំនាន់របស់លោកគឺតាំងពីយូរអង្វែងណាស់មកហើយ។
2 ដោយសារព្រះបារមីរបស់ព្រះអង្គព្រះអង្គបានបណ្ដេញប្រជាជាតិនានាចេញពីស្រុករបស់ខ្លួនហើយយកប្រជារាស្ត្ររបស់ព្រះអង្គឲ្យមកនៅជំនួស។ព្រះអង្គបានធ្វើទោសសាសន៍ទាំងនោះដើម្បីឲ្យប្រជារាស្ត្ររបស់ព្រះអង្គពង្រីកទឹកដី។
3 ប្រជារាស្ត្ររបស់ព្រះអង្គពុំបានចាប់យកទឹកដីនេះដោយសារអាវុធរបស់ខ្លួនឡើយហើយគេក៏ពុំបានយកជ័យជំនះដោយសារកម្លាំងរបស់ខ្លួនដែរគឺគេទទួលជ័យជំនះដោយសារឫទ្ធានុភាពនិងព្រះចេស្ដារបស់ព្រះអង្គព្រោះព្រះអង្គស្រឡាញ់ហើយគាប់ព្រះហឫទ័យនឹងពួកគេ។
4 ឱព្រះជាម្ចាស់អើយព្រះអង្គជាព្រះមហាក្សត្ររបស់ទូលបង្គំ!មានតែព្រះអង្គទេដែលប្រទានជ័យជំនះដល់ប្រជារាស្ដ្ររបស់ព្រះអង្គ។
5 ដោយសារព្រះអង្គយើងខ្ញុំបានយកជ័យជំនះលើបច្ចាមិត្តដោយសារព្រះនាមរបស់ព្រះអង្គយើងខ្ញុំបានបង្ក្រាបអស់អ្នកដែលប្រឆាំងនឹងយើងខ្ញុំ
6 ដ្បិតទូលបង្គំមិនពឹងផ្អែកលើធ្នូរបស់ទូលបង្គំឡើយហើយដាវរបស់ទូលបង្គំក៏មិនអាចសង្គ្រោះទូលបង្គំបានដែរ។
7 មានតែព្រះអង្គទេដែលសង្គ្រោះយើងខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្ត ហើយធ្វើឲ្យអស់អ្នកដែលស្អប់យើងខ្ញុំត្រូវអាម៉ាស់។
8 ឱព្រះជាម្ចាស់អើយ យើងខ្ញុំលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គជារៀងរាល់ថ្ងៃហើយយើងខ្ញុំនឹងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គអស់កល្បជានិច្ច។ - សម្រាក
9 ក៏ប៉ុន្តែ ឥឡូវនេះ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ ព្រះអង្គបានធ្វើឲ្យយើងខ្ញុំបាក់មុខព្រះអង្គមិនយាងទៅជាមួយកងទ័ពរបស់យើងខ្ញុំទៀតទេ។
10 ព្រះអង្គបានធ្វើឲ្យយើងដកទ័ពថយនៅមុខបច្ចាមិត្តហើយខ្មាំងសត្រូវនាំគ្នាប្រមូលទ្រព្យសម្បត្តិរបស់យើងខ្ញុំយកទៅធ្វើជាជយភ័ណ្ឌ។
11 ព្រះអង្គប្រគល់យើងខ្ញុំទៅឲ្យខ្មាំងសត្រូវត្របាក់លេបដូចហ្វូងសត្វព្រះអង្គធ្វើឲ្យយើងខ្ញុំខ្ចាត់ខ្ចាយទៅតាមប្រទេសនានា
12 ព្រះអង្គបានលក់ប្រជារាស្ត្ររបស់ព្រះអង្គយ៉ាងថោកបំផុតគឺព្រះអង្គពុំបានចំណេញអ្វីឡើយ។
13 ព្រះអង្គបានបណ្ដោយឲ្យប្រទេសជិតខាងមើលងាយយើងខ្ញុំប្រជាជាតិដែលនៅជុំវិញនាំគ្នាសើចចំអកឡកឡឺយដាក់យើងខ្ញុំ។
14 ព្រះអង្គបានធ្វើឲ្យប្រជាជាតិនានាយករឿងយើងខ្ញុំទុកជាការលេងសើចពួកគេនាំគ្នាងក់ក្បាលចំអកដាក់យើងខ្ញុំ
15 ទូលបង្គំតែងតែបាក់មុខជារៀងរាល់ថ្ងៃហើយទូលបង្គំអាម៉ាស់មុខណាស់
16 នៅពេលឮសូរខ្មាំងសត្រូវដែលចងគំនុំនឹងយើងខ្ញុំនាំគ្នានិយាយបន្តុះបង្អាប់បន្ទាបបន្ថោកយើងខ្ញុំ។
17 ឱព្រះអម្ចាស់អើយហេតុការណ៍ទាំងនេះកើតមានចំពោះយើងខ្ញុំទោះបីយើងខ្ញុំពុំបានបំភ្លេចព្រះអង្គហើយទោះបីយើងខ្ញុំពុំបានផ្ដាច់ចំណងសម្ពន្ធមេត្រីជាមួយព្រះអង្គក៏ដោយ។
18 យើងខ្ញុំពុំបានបែរចិត្តចេញពីព្រះអង្គទេហើយយើងខ្ញុំក៏ពុំបានឃ្លាតចាកពីមាគ៌ារបស់ព្រះអង្គដែរ
19 មិនគួរណាព្រះអង្គបំបរបង់ចោលយើងខ្ញុំនៅកន្លែងដែលមានសត្វសាហាវព្រមទាំងឲ្យយើងខ្ញុំធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មច្ចុរាជឡើយ។
20 ប្រសិនបើយើងខ្ញុំបំភ្លេចព្រះនាមព្រះនៃយើងខ្ញុំប្រសិនបើយើងខ្ញុំបែរទៅទូលអង្វរព្រះណាមួយផ្សេងទៀតនោះ
21 ព្រះជាម្ចាស់មុខតែជ្រាបជាមិនខានដ្បិតព្រះអង្គឈ្វេងយល់អ្វីៗដែលលាក់ទុកនៅក្នុងចិត្តមនុស្ស!។
22 ព្រោះតែព្រះអង្គគេប្រហារជីវិតយើងខ្ញុំគ្រប់ពេលវេលាហើយគេចាត់ទុកយើងខ្ញុំដូចជាចៀមដែលត្រូវយកទៅសម្លាប់។
23 ព្រះអម្ចាស់អើយហេតុអ្វីបានជាព្រះអង្គនៅផ្ទំលក់ដូច្នេះ?សូមក្រោកឡើង!សូមតើនឡើងកុំបោះបង់ចោលយើងខ្ញុំរហូតតទៅឡើយ។
24 ហេតុអ្វីបានជាព្រះអង្គពួនមិនទតមើលមកយើងខ្ញុំដូច្នេះ?ហេតុអ្វីបានជាព្រះអង្គបំភ្លេចយើងខ្ញុំដែលកំពុងតែវេទនា និងត្រូវគេជិះជាន់ដូច្នេះ?
25 ដ្បិតគេជាន់ឈ្លីយើងខ្ញុំក្នុងធូលីដីយើងខ្ញុំបរាជ័យផ្កាប់មុខនៅនឹងដី។
26 សូមក្រោកឡើង សូមជួយសង្គ្រោះយើងខ្ញុំផង!ដោយព្រះហឫទ័យមេត្តាករុណាចំពោះយើងខ្ញុំសូមរំដោះយើងខ្ញុំផង។