1 ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដមដែលត្រូវតែលើកតម្កើងឲ្យខ្ពង់ខ្ពស់បំផុតនៅក្នុងបុរីព្រះជាម្ចាស់របស់យើងគឺនៅលើភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។
2 ភ្នំរបស់ព្រះជាម្ចាស់ ជាភ្នំមួយដ៏ល្អប្រណីតគឺភ្នំស៊ីយ៉ូនដែលជាកំពូលនៃពិភពជាបុរីរបស់ព្រះមហាក្សត្រដែលនាំឲ្យផែនដីទាំងមូលមានអំណរ។
3 នៅក្នុងបុរីនេះ គេទទួលស្គាល់ថាព្រះជាម្ចាស់ជាកំពែងដ៏រឹងមាំ។
4 ស្ដេចនានាបានលើកគ្នាមកវាយប្រហារភ្នំស៊ីយ៉ូន
5 ពេលគេឃើញក្រុងស៊ីយ៉ូន គេស្ញែងខ្លាចជាខ្លាំងហើយគេនាំគ្នារត់ចេញទៅវិញ ទាំងភ័យតក់ស្លុត
6 ដ្បិតគេភ័យញាប់ញ័រហើយឈឺចុកចាប់ដូចជាស្ត្រីសម្រាលកូន
7 និងដូចជាខ្យល់ព្យុះបក់មកពីទិសបូព៌ាបំបែកនាវាដ៏ធំៗ។
8 យើងបានឮគេថ្លែងអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គឥឡូវនេះ យើងក៏បានឃើញផ្ទាល់នៅក្នុងទីក្រុងរបស់ព្រះអម្ចាស់នៃពិភពទាំងមូលដែលជាព្រះរបស់យើង ព្រះអង្គនឹងការពារក្រុងនេះ ឲ្យបានរឹងមាំរហូតតទៅ។ - សម្រាក
9 ឱព្រះជាម្ចាស់អើយពេលយើងខ្ញុំនៅក្នុងព្រះវិហាររបស់ព្រះអង្គយើងខ្ញុំរិះគិតអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។
10 ព្រះជាម្ចាស់អើយ ដូចព្រះនាមរបស់ព្រះអង្គល្បីរន្ទឺ ក្នុងលោកទាំងមូលយ៉ាងណាមនុស្សម្នាក៏នឹងលើកតម្កើងព្រះអង្គរហូតដល់ស្រុកដាច់ស្រយាលផែនដីយ៉ាងនោះដែរ។ព្រះអង្គគ្រប់គ្រងដោយសុចរិត។
11 សូមឲ្យអ្នកក្រុងស៊ីយ៉ូនបានរីករាយឡើងសូមឲ្យអ្នកស្រុកយូដាបានរីករាយជាខ្លាំងដ្បិតព្រះអង្គវិនិច្ឆ័យប្រកបដោយយុត្តិធម៌។
12 ប្រជាជនរបស់ព្រះជាម្ចាស់អើយចូរនាំគ្នាហែក្បួនព័ទ្ធជុំវិញក្រុងស៊ីយ៉ូន!ចូររាប់ចំនួនប៉មរបស់ក្រុងនេះមើល!
13 ចូរស្ងើចសរសើរកំពែងក្រុងចូរពិនិត្យមើលជញ្ជាំងក្រុងនេះទៅដើម្បីឲ្យអ្នករាល់គ្នាអាចយកទៅថ្លែងប្រាប់មនុស្សនៅជំនាន់ក្រោយថា៖
14 «ព្រះជាម្ចាស់ពិតជាព្រះរបស់យើងអស់កល្បជានិច្ចហើយព្រះអង្គជាអ្នកដឹកនាំយើងជាអង្វែងតរៀងទៅដែរ»។