ទំនុក‌តម្កើង 69 KHSV

ទូលបង្គំ​ស្រឡាញ់​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ណាស់

បទ​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ បទ «ផ្កា​ម្លិះ»។ ទំនុក​របស់​ស្ដេច​ដាវីឌ។

1 ឱ​ព្រះ‌ជាម្ចាស់​អើយសូម​សង្គ្រោះ​ទូលបង្គំ​ផងទឹក​ឡើង​ដល់​ច្រមុះ​ទូលបង្គំហើយ!។

2 ទូលបង្គំ​កាន់​តែ​ផុង​ខ្លួន​ទៅៗពុំ​មាន​អ្វី​ដែល​ទូលបង្គំ​អាច​តោង​បាន​ឡើយទូលបង្គំ​លិច​ចុះ​ទៅ​ក្នុង​ទឹកហើយ​ទឹក​ក៏​ហូរ​នាំ​យក​ទូលបង្គំ​ទៅ។

3 ទូលបង្គំ​លែង​មាន​កម្លាំង​ស្រែក​ហៅឲ្យ​គេ​ជួយ​ទៀត​ហើយព្រោះ​ទូលបង្គំ​ស្រែក​រហូត​ដល់​ស្ងួត​បំពង់​កឱ​ព្រះ​នៃ​ទូលបង្គំ​អើយទូលបង្គំ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ​រហូត​ដល់​ផ្សា​ភ្នែក។

4 អ្នក​ដែល​ស្អប់​ទូលបង្គំ​ដោយ​ឥត​មូល​ហេតុមាន​គ្នា​ច្រើន​ជាង​សក់​ក្បាលរបស់​ទូលបង្គំ​ទៅ​ទៀតពួក​មេ​បំផ្លាញ​ទាំង​នោះ​មាន​កម្លាំង​ខ្លាំង​ណាស់ពួក​គេ​រក​ព្យាបាទ​ទូលបង្គំ​ទាំង​យល់​ច្រឡំតើ​ឲ្យ​ទូលបង្គំ​សង​ទៅ​គេ​វិញ​ដូច​ម្ដេច​កើតបើ​ទូលបង្គំ​មិន​បាន​យក​របស់​នោះ​សោះ!

5 ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​នូវ​អំពើ​លេលារបស់​ទូលបង្គំ​ស្រាប់​ហើយទោសពៃរ៍​របស់​ទូលបង្គំពុំ​អាច​លាក់​កំបាំង​នឹង​ព្រះ‌អង្គ​ទេ។

6 ឱ​ព្រះ‌អម្ចាស់ ឱ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយសូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ផ្ញើ​ជីវិតលើ​ព្រះ‌អង្គ​ត្រូវ​អាម៉ាស់ ព្រោះ​តែ​ទូលបង្គំឱ​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយសូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គត្រូវ​បាក់​មុខ ព្រោះ​តែ​ទូលបង្គំ!

7 ដ្បិត​ទូលបង្គំ​ទ្រាំ‌ទ្រ​ឲ្យ​គេ​ជេរ​ប្រមាថទូលបង្គំ​សុខ​ចិត្ត​អាម៉ាស់​មុខ ព្រោះ​តែ​ព្រះ‌អង្គ។

8 ញាតិ‌សន្ដាន​របស់​ទូលបង្គំ​ចាត់​ទុក​ទូលបង្គំដូច​ជន​ដទៃបង‌ប្អូន​បង្កើត​របស់​ទូលបង្គំ​ចាត់​ទុក​ទូលបង្គំដូច​ជន​បរទេស។

9 មក​ពី​ទូលបង្គំ​ស្រឡាញ់​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គបាន​ជា​គេ​ប្រហារ​ជីវិត​ទូលបង្គំពាក្យ​ត្មះ‌តិះ‌ដៀល​របស់​អស់​អ្នកដែល​តិះ‌ដៀល​ព្រះ‌អង្គ​បាន​ធ្លាក់​មក​លើ​ទូលបង្គំ។

10 ទូលបង្គំ​យំ​សោក​ទាំង​តម​អាហារដែល​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​រឹត​តែជេរ​ប្រមាថ​ទូលបង្គំ​ថែម​ទៀត។

11 ទូលបង្គំ​ស្លៀក​សម្លៀក‌បំពាក់​កាន់​ទុក្ខហើយ​ពួក​គេ​នាំ​គ្នា​យក​រឿង​ទូលបង្គំទៅ​លេង​សើច។

12 គេ​នាំ​គ្នា​និយាយ​ដើម​ទូលបង្គំនៅ​តាម​ទី​សាធារណៈហើយ​មនុស្ស​ប្រមឹក​នាំ​គ្នា​យក​រឿងទូលបង្គំ​ទៅ​ច្រៀង​ឡក‌ឡឺយ។

13 ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​អង្វរ​រក​ព្រះ‌អង្គឥឡូវ​នេះ ជា​ពេល​ដែល​គាប់​ព្រះ‌ហឫទ័យព្រះ‌អង្គ​ហើយឱ​ព្រះ‌ជាម្ចាស់​អើយដោយ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ធំ‌ធេងព្រះ‌អង្គ​ពិត​ជា​សង្គ្រោះ​ទូលបង្គំ​មិន​ខានសូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង!។

14 សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ភក់​ជ្រាំ​នេះកុំ​ឲ្យ​ទូលបង្គំ​ផុង​ខ្លួន​ទៀត​ឡើយ!សូម​ឲ្យ​ទូលបង្គំ​បាន​រួច​ផុតពី​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ស្អប់​ទូលបង្គំសូម​យក​ទូលបង្គំ​ចេញ​ពី​ទឹក​ដ៏​ជ្រៅ​នេះ​ផង!

15 សូម​កុំ​ឲ្យ​ចរន្ត​ទឹក​នេះអាច​ហូរ​នាំ​យក​ទូលបង្គំ​ទៅ​បាន​ឡើយសូម​កុំ​ឲ្យ​ទឹក​ដ៏​ជ្រៅ​នេះកួច​យក​ទូលបង្គំ​ឲ្យ​លិច​លង់ហើយ​ក៏​សូម​កុំ​ឲ្យ​អណ្ដូង​នេះឃុំទូលបង្គំ​ទុក​បាន​ដែរ!

16 ព្រះ‌អម្ចាស់​អើយ ដោយ​ព្រះ‌អង្គ​មានព្រះ‌ហឫទ័យ​សប្បុរស និង​មេត្តា​ករុណាសូម​ឆ្លើយ​តប​មក​ទូលបង្គំដោយ​ព្រះ‌ហឫទ័យ​អាណិត​មេត្តា​ដ៏​ធំ‌ធេងសូម​ងាក​មក​ទត​មើល​ទូលបង្គំ​ផង!

17 សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូលបង្គំដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ឡើយសូម​មេត្តា​ឆ្លើយ​តប​មក​ទូលបង្គំ​ជា​ប្រញាប់ដ្បិត​ទូលបង្គំ​កំពុង​តែ​មាន​អាសន្ន!

18 សូម​យាង​មក​ជិត​ទូលបង្គំហើយ​លោះ​ជីវិត​ទូលបង្គំសូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃរបស់​ខ្មាំង​សត្រូវ​ផង!

19 ដ្បិត​ព្រះ‌អង្គ​ជ្រាប​ហើយ​ថាទូលបង្គំ​ត្រូវ​គេ​ជេរ​ប្រមាថត្រូវ​អាម៉ាស់ និង​បាត់​បង់​កិត្តិយសព្រះ‌អង្គ​ទត​ឃើញ​បច្ចា‌មិត្ត​ទាំង​ប៉ុន្មានរបស់​ទូលបង្គំ​ស្រាប់​ហើយ។

20 ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យទូលបង្គំ​មាន​ចិត្ត​ខ្លោច‌ផ្សា និង​គ្រាំ‌គ្រាទូលបង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​អាណិត​ទូលបង្គំតែ​គ្មាន​នរណា​ម្នាក់​អាណិត​សោះ!ទូលបង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​រំលែក​ទុក្ខ​ទូលបង្គំតែ​រក​មិន​បាន​ឡើយ!

21 ពួក​គេ​ដាក់​ថ្នាំ​បំពុល​នៅ​ក្នុងម្ហូប​អាហារ​របស់​ទូលបង្គំហើយ​នៅ​ពេល​ទូលបង្គំ​ស្រេក​ទឹកគេ​បែរ​ជា​យក​ទឹក​ខ្មេះមក​ឲ្យ​ទូលបង្គំ​ទៅ​វិញ។

22 សូម​ឲ្យ​តុ និង​ពិធី​ជប់‌លៀងដ៏​សក្ការៈ​របស់​ពួក​គេក្លាយ​ទៅ​ជា​អន្ទាក់​នាំ​ពួក​គេ​ឲ្យ​វិនាស!

23 សូម​ឲ្យ​ភ្នែក​របស់​គេ​ត្រឡប់ទៅ​ជា​ងងឹត​មើល​អ្វី​លែង​ឃើញហើយ​សូម​ឲ្យ​គេ​កោង​ខ្នង​រហូត​ត​ទៅ!

24 សូម​ព្រះ‌អង្គ​ធ្វើ​ទោស​ពួក​គេ​យ៉ាង​ធ្ងន់ហើយ​សូម​ធ្វើ​ទារុណ‌កម្ម​ពួក​គេឥត​ត្រា​ប្រណី​ឡើយ។

25 សូម​ឲ្យ​លំ‌នៅ​របស់​គេ​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំហើយ​សូម​កុំ​ឲ្យ​មាន​នរណា​រស់​នៅក្នុង​ផ្ទះ​របស់​ពួក​គេ​ទៀត​ឡើយ!

26 ដ្បិត​ពួក​គេ​តាម​ព្យាបាទ​អស់​អ្នកដែល​ព្រះ‌អង្គ​បាន​ដាក់​ទោស​រួច​ហើយពួក​គេ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​វាយឲ្យ​របួស​នោះ រឹង‌រឹត​តែ​ឈឺ​ចាប់​ថែម​ទៀត។

27 សូម​ព្រះ‌អង្គ​កត់‌ត្រា​ទុក​នូវ​កំហុស​របស់​ពួក​គេសូម​កុំ​អត់‌ទោស​ឲ្យ​ពួក​គេ​ឡើយ!

28 សូម​លុប​ឈ្មោះ​ពួក​គេ​ចេញ​ពី​បញ្ជី​ជីវិតសូម​កុំ​រាប់​ពួក​គេ​ចូល​ទៅក្នុង​ចំណោម​មនុស្ស​ឲ្យ​សោះ។

29 ចំពោះ​ទូលបង្គំ ទូលបង្គំ​ជា​មនុស្ស​កំសត់​ទុគ៌តនិង​ឈឺ​ចុក​ចាប់ ឱ​ព្រះ‌ជាម្ចាស់​អើយ!សូម​សង្គ្រោះ​ទូលបង្គំសូម​លើក​ទូលបង្គំ​ឡើង​វិញ​ផង។

30 ខ្ញុំ​នឹង​ច្រៀង​សរសើរ​តម្កើងព្រះ‌នាម​ព្រះ‌ជាម្ចាស់ខ្ញុំ​នឹង​ប្រកាស​អំពី​ភាព​ថ្កុំ‌ថ្កើងរុងរឿង​របស់​ព្រះ‌អង្គ ទាំង​កោត​សរសើរ។

31 ការ​លើក​តម្កើង​បែប​នេះគាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ជាង​ការ​ថ្វាយ​គោ​ឈ្មោលឬ​ថ្វាយ​គោ​ឡើង​ក​ទៅ​ទៀត។

32 ពេល​មនុស្ស​ទុគ៌ត​ឃើញ​ព្រះ‌អង្គ​រំដោះ​ខ្ញុំ​ដូច្នេះគេ​នឹង​មាន​អំណរ​សប្បាយ។អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌ជាម្ចាស់​អើយសូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាយុ​វែង!

33 ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់ពាក្យ​របស់​មនុស្ស​កំសត់​ទុគ៌តហើយ​នៅ​ពេល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គជាប់​ឃុំ‌ឃាំង ព្រះ‌អង្គ​មិន​បំភ្លេច​គេ​ឡើយ។

34 សូម​ឲ្យ​ផ្ទៃ​មេឃ និង​ផែនដីសរសើរ​តម្កើង​ព្រះ‌អង្គហើយ​សូម​ឲ្យ​សមុទ្រ​ទាំង‌ឡាយនិង​អ្វីៗ​ដែល​រស់​នៅ​ក្នុង​សមុទ្រសរសើរ​តម្កើង​ព្រះ‌អង្គ​ដែរ

35 ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូនព្រះ‌អង្គ​នឹង​សង់​ក្រុង​ទាំង‌ឡាយនៅ​ស្រុក​យូដា​ឡើង​វិញប្រជា‌ជន​នឹង​រស់​នៅ​ក្នុង​ស្រុកហើយ​នឹង​កាន់​កាប់​ទឹក​ដី​ជា​កម្មសិទ្ធិ​សា​ជា​ថ្មី។

36 ពូជ‌ពង្ស​អ្នក​បម្រើ​របស់​ព្រះ‌អង្គនឹង​ទទួល​ទឹក​ដី​ជា​មត៌កហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​ព្រះ‌អង្គនឹង​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​នោះ!