1 ព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ!ទូលបង្គំសូមយកព្រះអង្គធ្វើជាទីពឹងជ្រកសូមសង្គ្រោះទូលបង្គំ សូមរំដោះទូលបង្គំឲ្យរួចផុតពីអស់អ្នកដែលបៀតបៀនទូលបង្គំផង
2 ក្រែងលោគេហែកទូលបង្គំដូចសត្វសិង្ហខាំរំពានាំយកទៅហើយគ្មាននរណារំដោះបានឡើយ។
3 ព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ!ប្រសិនបើទូលបង្គំបានប្រព្រឹត្តដូចពាក្យគេថាប្រសិនបើដៃទូលបង្គំប្រឡាក់ទៅដោយអំពើទុច្ចរិត
4 ប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើអាក្រក់តបស្នងនឹងមិត្តភក្ដិទូលបង្គំ ឬប្រសិនបើទូលបង្គំរឹបអូសយកទ្រព្យដោយឥតហេតុផលពីអ្នកដែលជំទាស់នឹងទូលបង្គំមែននោះ
5 សូមឲ្យខ្មាំងសត្រូវដេញទាន់និងប្រហារទូលបង្គំទៅចុះឲ្យគេជាន់ឈ្លីជីវិតទូលបង្គំនៅនឹងដីនិងឲ្យគេយកកិត្តិយសរបស់ទូលបង្គំទៅទម្លាក់ក្នុងភក់ជ្រាំចុះ!។ - សម្រាក
6 ព្រះអម្ចាស់អើយ សូមតើនឡើងសូមទ្រង់ព្រះពិរោធតបនឹងអំពើឃោរឃៅរបស់បច្ចាមិត្តទូលបង្គំសូមជួយការពារទូលបង្គំផងដ្បិតព្រះអង្គហ្នឹងហើយដែលបានតែងតាំងច្បាប់ឡើង។
7 សូមឲ្យប្រជាជាតិនានានាំគ្នាមកចោមរោមជុំវិញព្រះអង្គ!សូមទ្រង់គ្រប់គ្រងលើពួកគេទាំងអស់គ្នា
8 ព្រះអម្ចាស់ជាចៅក្រមវិនិច្ឆ័យប្រជារាស្ដ្រទាំងអស់ ព្រះអម្ចាស់អើយសូមរកយុត្តិធម៌ឲ្យទូលបង្គំផងដ្បិតទូលបង្គំសុចរិត ហើយក៏ទៀងត្រង់ដែរ!
9 សូមបញ្ឈប់អំពើអាក្រក់របស់មនុស្សទុច្ចរិតហើយជួយមនុស្សសុចរិតឲ្យមានចិត្តរឹងប៉ឹងឡើង!ព្រះដ៏សុចរិតអើយព្រះអង្គឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស!
10 ព្រះជាម្ចាស់ជាខែលការពារខ្ញុំព្រះអង្គសង្គ្រោះអស់អ្នកដែលមានចិត្តទៀងត្រង់។
11 ព្រះជាម្ចាស់ជាចៅក្រមដ៏សុចរិតព្រះអង្គតែងតែប្រឆាំងនឹងអំពើអាក្រក់ជារៀងរាល់ថ្ងៃ។
12 មនុស្សអាក្រក់មិនដូរគំនិតទេគេនឹងសំលៀងមុខដាវហើយយឹតធ្នូប្រុងប្រៀបបាញ់។
13 គេនឹងរៀបចំអាវុធដើម្បីប្រហារអ្នកដទៃព្រមទាំងត្រៀមព្រួញភ្លើងចាំជាស្រេចផង។
14 អ្នកណាគិតតែពីប្រព្រឹត្តអំពើទុច្ចរិតហើយរិះគិតពីអំពើឧក្រិដ្ឋអ្នកនោះនឹងបង្កើតបានការបោកបញ្ឆោត។
15 អ្នកណាជីករណ្ដៅកាន់តែជ្រៅទៅៗអ្នកនោះនឹងធ្លាក់ទៅក្នុងរណ្ដៅដែលខ្លួនជីកនោះជាមិនខាន។
16 អំពើទុច្ចរិតដែលគេប្រព្រឹត្តនឹងធ្លាក់មកលើក្បាលគេវិញអំពើឃោរឃៅរបស់គេក៏នឹងធ្លាក់មកលើលលាដ៍ក្បាលគេវិញដែរ។
17 ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់ព្រោះព្រះអង្គសុចរិតខ្ញុំនឹងច្រៀងលើកតម្កើងព្រះនាមព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។