ទំនុក‌តម្កើង 55 KHSV

ពាក្យ​អធិស្ឋាន​របស់​មនុស្ស​ដែល​ត្រូវ​គេ​ក្បត់​ចិត្ត

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ប្រគំ​ជា​មួយ​តន្ត្រី​ដែល​មាន​ខ្សែ។ កំណាព្យ​របស់​ស្ដេច​ដាវីឌ។

1 ព្រះ‌ជាម្ចាស់​អើយ!សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យទូល‌អង្វរ​របស់​ទូលបង្គំសូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រនៅ​ពេល​ទូលបង្គំ​ទទូច​អង្វរ​ព្រះ‌អង្គ។

2 សូម​ទ្រង់​មេត្តា​ព្រះ‌សណ្ដាប់​ទូលបង្គំហើយ​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ​ផងទូលបង្គំ​ខ្វល់​ខ្វាយ ទាំង​តប់‌ប្រមល់និង​ថប់​បារម្ភ​ជា​ខ្លាំង

3 នៅ​ពេល​ឮ​ពាក្យ​សម្ដី​របស់​ខ្មាំង​សត្រូវនិង​មនុស្ស​ពាល​នាំ​គ្នា​បៀត‌បៀន​ទូលបង្គំ។ពួក​គេ​ធ្វើ​ឲ្យ​ទូលបង្គំ​រង​ទុក្ខ​វេទនាគេ​នាំ​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ​ដោយ​កំហឹង។

4 ទូលបង្គំ​ភ័យ​តក់‌ស្លុត​ជា​ខ្លាំងទូលបង្គំ​ភ័យ​ញាប់‌ញ័រ ខ្លាច​ស្លាប់

5 ទូលបង្គំ​ភ័យ​ខ្លាច និង​រន្ធត់​ចិត្ត​ជា​ខ្លាំងហើយ​ទូលបង្គំ​ព្រឺ‌ព្រួច​ក្នុង​ចិត្ត​ពន់​ប្រមាណ។

6 ទូលបង្គំ​គិត​ថា «ប្រសិន​បើ​ខ្ញុំ​មាន​ស្លាប​ដូច​ព្រាបនោះ​ខ្ញុំ​នឹង​ហើរ​ទៅ​រក​កន្លែង​មួយសម្រាប់​ជ្រក​កោន។

7 ខ្ញុំ​នឹង​ហើរ​ទៅ​យ៉ាង​ឆ្ងាយខ្ញុំ​នឹង​ទៅ​ពួន​នៅ​វាល​រហោ‌ស្ថាន។ - សម្រាក

8 ខ្ញុំ​នឹង​ភៀស​ខ្លួន​ទៅ​យ៉ាង​ឆាប់​រហ័សគឺ​លឿន​ជាង​ខ្យល់​ព្យុះ​សង្ឃរា​ទៅ​ទៀត»។

9 ព្រះ‌អម្ចាស់​អើយ! សូម​កុំ​ឲ្យ​ខ្មាំង​សត្រូវរបស់​ទូលបង្គំ​និយាយ​ស្ដាប់​គ្នា​បាន​ឡើយដ្បិត​នៅ​ក្នុង​ទីក្រុង ទូលបង្គំ​ឃើញ​មាន​តែអំពើ​ឃោរ‌ឃៅ និង​ការ​ឈ្លោះ​ប្រកែក​គ្នា។

10 ទាំង​ថ្ងៃ​ទាំង​យប់ នៅ​ជុំ‌វិញ​កំពែង​ក្រុងហើយ​នៅ​ក្នុង​ទីក្រុង មាន​សុទ្ធ​តែ​អំពើ​ទុច្ចរិតនិង​អំពើ​ពាល។

11 នៅ​ក្នុង​ទីក្រុង មាន​សុទ្ធ​តែ​ឧក្រិដ្ឋ‌កម្មហើយ​នៅ​តាម​ទី​ផ្សារ មាន​សុទ្ធ​តែ​ការ​ជិះ‌ជាន់និង​ការ​បោក​ប្រាស់។

12 អ្នក​ដែល​បំបាក់​មុខ​ខ្ញុំមិន​មែន​ជា​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​ទេប្រសិន​បើ​ជា​ខ្មាំង​សត្រូវ​មែនខ្ញុំ​មុខ​ជា​ទ្រាំ‌ទ្រ​បាន​មិន​ខានហើយ​អ្នក​ដែល​វាយ​ប្រហារ​ខ្ញុំក៏​មិន​មែន​ជា​អ្នក​ស្អប់​ខ្ញុំ​ដែរប្រសិន​បើ​ជា​អ្នក​ដែល​ស្អប់​ខ្ញុំ​មែនខ្ញុំ​មុខ​ជា​គេច​ខ្លួន​មិន​ខាន

13 គឺ​អ្នក​ឯង​ទេ​តើ អ្នក​ធ្លាប់​នៅ​ជា​មួយ​ខ្ញុំជា​អ្នក​ជិត‌ស្និទ្ធ និង​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ។

14 យើង​ធ្លាប់​ស្និទ្ធ‌ស្នាល​ជា​មួយ​គ្នាយើង​ធ្លាប់​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​ជា​មួយ​គ្នាក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ។

15 សូម​ឲ្យ​បច្ចា‌មិត្ត​របស់​ខ្ញុំ​ត្រូវ​ស្លាប់​យ៉ាង​ទាន់‌ហន់សូម​ឲ្យ​ពួក​គេ​ធ្លាក់​នរក​ទាំង​រស់ចិត្ត​គំនិត​របស់​គេ​ពោរ‌ពេញទៅ​ដោយ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។

16 រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្រែក​អង្វរ​ព្រះ‌ជាម្ចាស់ហើយ​ព្រះ‌អម្ចាស់​នឹង​សង្គ្រោះ​ខ្ញុំ។

17 ខ្ញុំ​ស្រែក​ថ្ងូរ និង​ទទូច​អង្វរ​ព្រះ‌អង្គទាំង​ព្រឹក ទាំង​ថ្ងៃ​ត្រង់ ទាំង​ល្ងាចហើយ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ខ្ញុំ។

18 ទោះ​បី​មាន​ខ្មាំង​សត្រូវ​លើក​គ្នាសន្ធឹក​សន្ធាប់​មក​វាយ​ប្រហារ​ខ្ញុំ​ក្ដីក៏​ព្រះ‌អង្គ​រំដោះ​ខ្ញុំ​ឲ្យ​បាន​សុខ‌សាន្ត​ដែរ។

19 ព្រះ‌ជាម្ចាស់​គ្រង​រាជ្យ​តាំង​ពី​អស់‌កល្ប​រៀង​មកសូម​ព្រះ‌អង្គ​ស្ដាប់​ពាក្យ​ខ្ញុំហើយ​បំបាក់​មុខ​ពួក​គេ​ទៅ - សម្រាក អ្នក​ទាំង​នោះ​មិន​ដូរ​គំនិត​ឡើយ គឺ​ពួក​គេ​មិនគោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ទាល់​តែ​សោះ។

20 អ្នក​នោះ​តែងតែ​ក្បត់​នឹង​មិត្ត​សម្លាញ់ហើយ​រំលោភ​លើ​ពាក្យ​សន្យា​របស់​ខ្លួន​ទៀត​ផង។

21 ពាក្យ​សម្ដី​របស់​គេ​ផ្អែម​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀតតែ​ចិត្ត​របស់​គេ​ឃោរ‌ឃៅគិត​តែ​ពី​ធ្វើ​សឹក​សង្គ្រាម​ប៉ុណ្ណោះពាក្យ​សម្ដី​របស់​គេ​ទន់‌ភ្លន់​ដូច​សំពត់​សូត្រតែ​មុត​ដូច​មុខ​ដាវ។

22 ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់នោះ​ទ្រង់​នឹង​ជួយ​គាំទ្រ​អ្នក​ជា​មិន​ខានដ្បិត​ព្រះ‌អង្គ​មិន​ដែល​ទុក​ឲ្យ​មនុស្ស​សុចរិតត្រូវ​បរា‌ជ័យ​រហូត​នោះ​ទេ។

23 ឱ​ព្រះ‌ជាម្ចាស់​អើយសូម​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​រណ្ដៅ​ទៅពួក​នោះ​សុទ្ធ​តែ​ជា​ឃាតក និង​ជន​បោក​ប្រាស់សូម​កុំ​ឲ្យ​ពួក​នោះ​អាច​រស់បាន​ពាក់​កណ្ដាល​អាយុ​របស់​ខ្លួន​ឡើយចំណែក​ឯ​ទូលបង្គំ​វិញទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះ‌អង្គ​ហើយ។