ទំនុក‌តម្កើង 86 KHSV

សូម​ថែ‌រក្សា​ជីវិត​ទូលបង្គំ​ផង!

ពាក្យ​អធិស្ឋាន​របស់​ស្ដេច​ដាវីឌ។

1 ឱ​ព្រះ‌អម្ចាស់​អើយសូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំហើយ​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ​ផងដ្បិត​ទូលបង្គំ​ជា​មនុស្ស​កំសត់​ទុគ៌ត!

2 សូម​រក្សា​ការពារ​ជីវិត​ទូលបង្គំ​ផងដ្បិត​ទូលបង្គំ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ‌អង្គឱ​ព្រះ​នៃ​ទូលបង្គំ​អើយសូម​សង្គ្រោះ​អ្នក​បម្រើ​របស់​ព្រះ‌អង្គដែល​បាន​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​នេះ​ផង!

3 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូលបង្គំដ្បិត​ទូលបង្គំ​ស្រែក​អង្វរ​រក​ព្រះ‌អង្គ​ពេញ​មួយ​ថ្ងៃ។

4 សូម​ប្រោស​អ្នក​បម្រើ​របស់​ព្រះ‌អង្គឲ្យ​មាន​អំណរ​សប្បាយ ព្រះ‌អម្ចាស់​អើយទូលបង្គំ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ព្រះ‌អង្គ

5 ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះ‌អង្គ​ទេដែល​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​សប្បុរសនិង​ចេះ​អត់‌អោន​ឲ្យ​យើង​ខ្ញុំព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដ៏​លើស‌លប់ចំពោះ​អស់​អ្នក​ដែល​អង្វរ​រក​ព្រះ‌អង្គ។

6 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌ស្ដាប់​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំសូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់នឹង​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ​ផង។

7 នៅ​ថ្ងៃ​មាន​អាសន្ន ទូលបង្គំ​អង្វរ​រក​ព្រះ‌អង្គដ្បិត​ព្រះ‌អង្គ​ឆ្លើយ​តប​មក​ទូលបង្គំ។

8 ឱ​ព្រះ‌អម្ចាស់​អើយ ក្នុង​ចំណោម​ព្រះ​ទាំង‌ឡាយគ្មាន​ព្រះ​ណា​ដូច​ព្រះ‌អង្គ​ទេហើយ​ក៏​គ្មាន​ព្រះ​ណា​អាច​ធ្វើ​ការ​អស្ចារ្យដូច​ព្រះ‌អង្គ​ឡើយ។

9 ព្រះ‌អម្ចាស់​អើយប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​បង្កើត​មកនឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គហើយ​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌នាម​ព្រះ‌អង្គ។

10 ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដមព្រះ‌អង្គ​ធ្វើ​ការ​អស្ចារ្យមាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​ជា​ព្រះ‌ជាម្ចាស់។

11 ព្រះ‌អម្ចាស់​អើយ សូម​បង្រៀន​ទូលបង្គំឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គទូលបង្គំ​នឹង​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​របស់​ព្រះ‌អង្គសូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ចិត្ត​ស្មោះ​ត្រង់គោរព​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ។

12 ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយទូលបង្គំ​លើក​តម្កើង​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្តទូលបង្គំ​នឹង​លើក​តម្កើង​សិរី‌រុងរឿងព្រះ‌នាម​របស់​ព្រះ‌អង្គ​រហូត​ត​ទៅ

13 ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាចំពោះ​ទូលបង្គំ​ខ្លាំង​ណាស់ព្រះ‌អង្គ​បាន​រំដោះ​ជីវិត​ទូលបង្គំឲ្យ​រួច​ផុត​ពី​មច្ចុរាជ។

14 ឱ​ព្រះ‌ជាម្ចាស់​អើយមនុស្ស​ព្រហើន​លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំមនុស្ស​ឃោរ‌ឃៅ​មួយ​ពួក​ចង់​ដក​ជីវិត​ទូលបង្គំអ្នក​ទាំង​នោះ​មិន​រវី‌រវល់​នឹង​ព្រះ‌អង្គ​ទេ។

15 ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​អាណិត‌អាសូរព្រះ‌អង្គ​តែងតែ​ប្រណី​សន្ដោសព្រះ‌អង្គ​អត់‌ធ្មត់ហើយ​ពោរ‌ពេញ​ទៅ​ដោយមេត្តា‌ករុណា​ដ៏​ស្មោះ‌ស្ម័គ្រ។

16 សូម​បែរ​មក​ទត​មើល​ទូលបង្គំសូម​ប្រណី​សន្ដោស​ទូលបង្គំសូម​ប្រទាន​កម្លាំង​មក​ទូលបង្គំហើយ​សង្គ្រោះ​ទូលបង្គំដែល​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ‌អង្គ​ផង!។

17 សូម​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ​មួយចំពោះ​ទូលបង្គំដើម្បី​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ទូលបង្គំឃើញ ហើយ​ត្រូវ​អាម៉ាស់។ឱ​ព្រះ‌អម្ចាស់​អើយមាន​តែ​ព្រះ‌អង្គ​ទេ​ដែល​ជួយ​សង្គ្រោះនិង​សម្រាល​ទុក្ខ​ទូលបង្គំ។