ទំនុក‌តម្កើង 106 KHSV

ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​ជា‌និច្ច

1 ហាលេ‌លូយ៉ា!ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ដ្បិត​ព្រះ‌អង្គ​សប្បុរសព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

2 តើ​នរណា​អាច​រៀប​រាប់​អំពី​ស្នា​ព្រះ‌ហស្ដដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​បាន?តើ​នរណា​អាច​ថ្លែង​ពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មានដើម្បី​សរសើរ​តម្កើង​ព្រះ‌អង្គ​បាន?

3 អ្នក​ណា​ប្រព្រឹត្ត​ដោយ​យុត្តិធម៌ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​សុចរិត​គ្រប់​ពេល​វេលាអ្នក​នោះ​មាន​សុភមង្គល​ហើយ។

4 ឱ​ព្រះ‌អម្ចាស់​អើយ ពេល​ណា​ព្រះ‌អង្គគាប់​ព្រះ‌ហឫទ័យ​នឹង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គសូម​នឹក​ដល់​ទូលបង្គំ​ផង!ពេល​ណា​ព្រះ‌អង្គ​សង្គ្រោះ​ពួក​គេសូម​ជួយ​ទូលបង្គំ

5 ដើម្បី​ឲ្យ​ទូលបង្គំ​ឃើញ​សុភមង្គលរបស់​ប្រជា‌ជន​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើសឲ្យ​ទូលបង្គំ​មាន​អំណរ​រួម​ជា​មួយប្រជា‌ជាតិ​របស់​ព្រះ‌អង្គហើយ​ឲ្យ​ទូលបង្គំ​បាន​ខ្ពស់​មុខរួម​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។

6 យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាបដូច​បុព្វបុរស​របស់​យើង​ខ្ញុំយើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស និង​ប្រព្រឹត្ត​អំពើ​អាក្រក់!

7 កាល​នៅ​ស្រុក​អេស៊ីប បុព្វបុរស​របស់​យើង​ខ្ញុំពុំ​បាន​យល់​អំពី​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ​ទេពួក​គេ​បំភ្លេច​កិច្ចការ​ជា​ច្រើនដែល​ព្រះ‌អង្គ​បាន​ធ្វើ​ចំពោះ​ពួក​គេដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គនៅ​ក្បែរ​សមុទ្រ​កក់។

8 ក៏​ប៉ុន្តែ ព្រះ‌អង្គ​បាន​សង្គ្រោះ​ពួក​គេដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គដើម្បី​បង្ហាញ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ។

9 ព្រះ‌អង្គ​បាន​គំរាម​សមុទ្រ​កក់ សមុទ្រ​ក៏​រីងព្រះ‌អង្គ​បាន​ឲ្យ​គេ​ដើរ​កាត់​បាត​សមុទ្រដូច​ដើរ​នៅ​វាល​រហោ‌ស្ថាន។

10 ព្រះ‌អង្គ​បាន​សង្គ្រោះ​ពួក​គេ​ឲ្យ​រួចពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​ស្អប់​ពួក​គេព្រះ‌អង្គ​បាន​រំដោះ​ពួក​គេ​ពី​កណ្ដាប់​ដៃរបស់​ខ្មាំង​សត្រូវ។

11 ទឹក​សមុទ្រ​បាន​គ្រប​ពី​លើ​បច្ចា‌មិត្តគ្មាន​នរណា​ម្នាក់​បាន​រួច​ជីវិត​សោះ​ឡើយ។

12 ពួក​បុព្វបុរស​ក៏​នាំ​គ្នា​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គហើយ​នាំ​គ្នា​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អង្គ​។

13 ប៉ុន្តែ ក្រោយ​មក ពួក​គេ​ឆាប់​ភ្លេច​ពី​កិច្ចការដែល​ព្រះ‌អង្គ​បាន​ធ្វើពួក​គេ​ពុំ​បាន​រង់‌ចាំ​ឲ្យ​ព្រះ‌អង្គសម្រេច​តាម​គម្រោង‌ការ​របស់​ព្រះ‌អង្គ​ឡើយ។

14 នៅ​វាល​រហោ‌ស្ថាន​ពួក​គេ​មាន​ចិត្ត​លោភ‌លន់ហើយ​នាំ​គ្នា​ល្បង‌ល​ព្រះ‌អង្គនៅ​វាល​ដ៏​ហួត‌ហែង​នោះ។

15 ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​គេ​នូវ​អាហារដែល​គេ​ទាម‌ទារគឺ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​គេ​បាន​ឆ្អែតរហូត​ដល់​ធុញ‌ទ្រាន់។

16 នៅ​ក្នុង​ជំរំ ពួក​គេ​នាំ​គ្នា​ច្រណែន​នឹង​លោក​ម៉ូសេហើយ​ច្រណែន​នឹង​លោក​អើរ៉ុនដែល​ជា​អ្នក​បម្រើ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អម្ចាស់

17 ពេល​នោះ ដី​ក៏​ប្រេះ​លេប​លោក​ដាថានព្រម​ទាំង​ស្រូប​បក្ស​ពួករបស់​លោក​អប៊ី‌រ៉ាម​ទៀត​ផង។

18 មាន​ភ្លើង​មក​ឆេះ​បក្ស​ពួក​របស់​គេហើយ​អណ្ដាត​ភ្លើង​ឆាប‌ឆេះ​មនុស្សអាក្រក់​ទាំង​នោះ​អស់​គ្មាន​សល់។

19 ក្រោយ​មក ពួក​គេ​ឆ្លាក់​រូប​កូន​គោ​មួយនៅ​ភ្នំ​ហោរែបហើយ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​រូបដែល​ធ្វើ​ពី​លង្ហិន​នោះ។

20 ពួក​គេ​បែរ​ជា​យក​រូប​សត្វ​ដែល​ស៊ី​ស្មៅមក​ថ្វាយ‌បង្គំ​ជំនួស​ព្រះ‌ជាម្ចាស់ប្រកប​ដោយ​សិរី‌រុងរឿង​វិញ។

21 ពួក​គេ​ភ្លេច​ថា​ព្រះ‌ជាម្ចាស់​បាន​សង្គ្រោះ​ពួក​គេដោយ​ស្នា‌ព្រះ‌ហស្ដ​ដ៏​ឧត្តុង្គ‌ឧត្ដម​នៅ​ស្រុក​អេស៊ីប

22 គឺ​ការ​អស្ចារ្យ​ផ្សេងៗ​នៅ​ស្រុករបស់​កូន​ចៅ​លោក​ហាំនិង​ដោយ​ស្នា​ព្រះ‌ហស្ដ​ដ៏​គួរ​ឲ្យស្ញែង​ខ្លាច​នៅ​សមុទ្រ​កក់។

23 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថានឹង​កម្ទេច​ប្រជា‌រាស្ត្រ​នេះប៉ុន្តែ លោក​ម៉ូសេ​ដែល​ព្រះ‌អង្គ​ជ្រើស​រើសបាន​ឃាត់​ព្រះ‌អង្គ​មិន​ឲ្យ​លុប​បំបាត់​ពួក​គេតាម​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ​ឡើយ។

24 បន្ទាប់​មក​ទៀត ពួក​គេ​ចង់​បដិសេធមិន​ចូល​ទៅ​ក្នុង​ទឹក​ដី​ដ៏​សម្បូណ៌​សប្បាយពួក​គេ​ពុំ​ព្រម​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទេ

25 ពួក​គេ​នាំ​គ្នា​រអ៊ូ‌រទាំ​នៅ​ក្នុង​ជំរំ​រៀងៗ​ខ្លួនមិន​ព្រម​ស្ដាប់​ព្រះ‌សូរសៀងរបស់​ព្រះ‌អម្ចាស់​ឡើយ។

26 ដូច្នេះ ព្រះ‌អង្គ​ក៏​ប្រកាស​យ៉ាង​ដាច់​ខាត​ថានឹង​ទុក​ពួក​គេ​ឲ្យ​វិនាសនៅ​ក្នុង​វាល​រហោ‌ស្ថាន

27 ព្រម​ទាំង​កំចាត់‌កំចាយ​ពូជ‌ពង្ស​របស់​ពួក​គេទៅ​នៅ​ពាស‌ពេញក្នុង​ចំណោម​ប្រជា‌ជាតិ​នានាហើយ​ឲ្យ​គេ​ស្លាប់​នៅ​លើ​ទឹក​ដីរបស់​សាសន៍​ដទៃ។

28 នៅ​ពេអ៊រ ពួក​គេ​បាន​នាំ​គ្នា​បែរ​ទៅថ្វាយ‌បង្គំ​ព្រះ​បាលព្រម​ទាំង​បរិភោគ​ម្ហូប​អាហារ​ដែល​គេ​បាន​សែនទៅ​ព្រះ​ដែល​គ្មាន​ជីវិត​ទាំង​នោះ​ទៀត​ផង។

29 ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដែល​ធ្វើឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធបណ្ដាល​ឲ្យ​កើត​មាន​គ្រោះ​កាចក្នុង​ចំណោម​ពួក​គេ។

30 ពេល​នេះ លោក​ភីនេ‌ហាស​បាន​ក្រោក​ឡើងដាក់​ទោស​ពួក​គេហើយ​គ្រោះ​កាច​នោះ​ក៏​ស្ងប់​ទៅ​វិញ។

31 ព្រោះ​តែ​ការ​នេះ ព្រះ‌អម្ចាស់​បាន​ប្រោស​លោក​ឲ្យ​បាន​សុចរិតអស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

32 នៅ​ប្រភព​ទឹក​មេរី‌បា ពួក​គេ​បាន​នាំ​គ្នាធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធហើយ​លោក​ម៉ូសេ​ទទួល​ទោស ព្រោះ​តែ​ពួក​គេ

33 គឺ​ពួក​គេ​ធ្វើ​ឲ្យ​លោក​ឆ្អែត​ចិត្តហើយ​មាន​ប្រសាសន៍​ចេញ​មកដោយ​ពុំ​បាន​គិត។

34 ពួក​គេ​ពុំ​បាន​ប្រហារ​ប្រជា‌ជាតិ​នានាតាម​ព្រះ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​ទេ។

35 ពួក​គេ​បែរ​ជា​ទៅ​ពាក់‌ព័ន្ធ​ជា​មួយប្រជា‌ជាតិ​ទាំង​នោះហើយ​នាំ​គ្នា​ប្រព្រឹត្ត​តាម​សាសន៍​ទាំង​នោះ

36 គឺ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​របស់​សាសន៍​ដទៃដែល​ជា​អន្ទាក់​នាំ​ឲ្យ​ពួក​គេ​វិនាស។

37 ពួក​គេ​បាន​យក​កូន​ប្រុសកូន​ស្រី​ទៅ​ធ្វើ​យញ្ញ‌បូជា​ឲ្យ​អារក្ស។

38 ពួក​គេ​ប្រហារ​ជីវិត​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួនដែល​គ្មាន​កំហុសដើម្បី​ធ្វើ​យញ្ញ‌បូជា​ឲ្យ​ព្រះ​ក្លែង‌ក្លាយនៅ​ស្រុក​កាណានឃាត‌កម្ម​ទាំង​នោះ​បណ្ដាល​ឲ្យ​ទឹក​ដីរបស់​ពួក​គេ​លែង​វិសុទ្ធ​ទៀត។

39 អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត​បាន​ធ្វើ​ឲ្យ​ខ្លួន​គេទៅ​ជា​សៅ‌ហ្មង ពួក​គេ​បាន​ក្បត់​ព្រះ‌ជាម្ចាស់ដោយ‌សារ​អំពើ​របស់​ខ្លួន។

40 ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ប្រជា‌រាស្ត្ររបស់​ព្រះ‌អង្គ​យ៉ាង​ខ្លាំងព្រះ‌អង្គ​ទាស់​ព្រះ‌ហឫទ័យ​នឹង​ប្រជា‌ជនផ្ទាល់​របស់​ព្រះ‌អង្គ។

41 ព្រះ‌អង្គ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់ដៃ​របស់​ប្រជា‌ជាតិ​នានាព្រះ‌អង្គ​ឲ្យ​បច្ចា‌មិត្ត​គ្រប់‌គ្រង​លើ​ពួក​គេ។

42 ខ្មាំង​សត្រូវ​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេព្រម​ទាំង​បង្ក្រាប​ពួក​គេ​ឲ្យ​ចុះ​ចូលក្រោម​អំណាច​របស់​ខ្លួន​ទៀត​ផង។

43 ព្រះ‌អង្គ​បាន​រំដោះ​ពួក​គេ​ច្រើន​លើក​ច្រើន​គ្រាក៏​ប៉ុន្តែ ពួក​គេ​នៅ​តែ​នាំ​គ្នា​បះ‌បោរប្រឆាំង​នឹង​ព្រះ‌អង្គហើយ​ប្រព្រឹត្ត​អំពើ​បាប​កាន់​តែ​ខ្លាំង​ឡើងៗ។

44 ពេល​ព្រះ‌អង្គ​ឮ​ពួក​គេ​ស្រែក​អង្វរព្រះ‌អង្គ​ក៏​មាន​ព្រះ‌ហឫទ័យ​អាណិត​ពួក​គេដែល​កំពុង​រង​ទុក្ខ​លំបាក

45 ព្រះ‌អង្គ​ប្រោស‌ប្រណី​ពួក​គេដោយ​នឹក​ដល់​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គព្រះ‌អង្គ​ដូរ​ព្រះ‌ហឫទ័យព្រោះ​ព្រះ‌អង្គ​មាន​មេត្តា‌ករុណា​ធម៌​ដ៏​លើស‌លប់។

46 ព្រះ‌អង្គ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ចាប់​ពួក​គេយក​ទៅ​ធ្វើ​ជា​ឈ្លើយមាន​ចិត្ត​អាណិត​មេត្តា​ពួក​គេ។

47 ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយសូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!សូម​ប្រមែ‌ប្រមូល​យើង​ខ្ញុំ​ពី​ចំណោមប្រជា‌ជាតិ​នានា​មក​វិញដើម្បី​ឲ្យ​យើង​ខ្ញុំ​លើក​តម្កើងព្រះ‌នាម​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គហើយ​បាន​ខ្ពស់​មុខ ដោយ​សរសើរ​តម្កើង​ព្រះ‌អង្គ!

48 សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលតាំង​ពី​ដើម​រៀង​មកហើយ​អស់‌កល្ប​ត​រៀង​ទៅ!សូម​ឲ្យ​ប្រជា‌រាស្ត្រ​ពោល​ទាំង​អស់​គ្នា​ថា:អាម៉ែន! ហាលេ‌លូយ៉ា!