ទំនុក‌តម្កើង 50 KHSV

ការ​ថ្វាយ‌បង្គំ​ដ៏​ពិត​ប្រាកដ

ទំនុក​របស់​លោក​អេសាភ។

1 ព្រះ‌អម្ចាស់​ជា​ព្រះ​លើ​អ្វីៗ​ទាំង​អស់ទ្រង់​មាន​ព្រះ‌បន្ទូល​កោះ​ហៅផែនដី​ទាំង​មូល ចាប់​តាំង​ពី​ទិស​ខាង​កើតរហូត​ដល់​ទិស​ខាង​លិច

2 ព្រះ‌ជាម្ចាស់​ភ្លឺ​ចាំង​ចែង​ពី​ក្រុង​ស៊ីយ៉ូនដែល​ជា​ក្រុង​ដ៏​ល្អ​ត្រចះ‌ត្រចង់។

3 ព្រះ​នៃ​យើង​ទ្រង់​យាង​មក​ហើយព្រះ‌អង្គ​មិន​សំងំ​នៅ​ស្ងៀម​ឡើយមាន​ភ្លើង​សន្ធោ‌សន្ធៅ​នៅ​ពី​មុខ​ព្រះ‌អង្គហើយ​ជុំ‌វិញ​ព្រះ‌អង្គមាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង។

4 ព្រះ‌អង្គ​កោះ​ហៅ​ផ្ទៃ​មេឃ និង​ផែនដីឲ្យ​ធ្វើ​ជា​សាក្សីនៅ​ពេល​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោសប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ

5 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖«ចូរ​ប្រមូល​ពួក​អ្នក​ជឿ​ឲ្យ​មក​ជួប​យើងគឺ​អស់​អ្នក​ដែល​បាន​ថ្វាយ​យញ្ញ‌បូជាដើម្បី​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង!»។

6 ផ្ទៃ​មេឃ​ប្រកាស​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គដ្បិត​ព្រះ‌ជាម្ចាស់​ផ្ទាល់​ទ្រង់​ជា​ចៅ‌ក្រម។ - សម្រាក

7 «អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ដ្រ​របស់​យើង​អើយចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​យើង​និយាយ!អ៊ីស្រា‌អែល​អើយ យើង​នឹង​ព្រមាន​អ្នក​រាល់​គ្នា។យើង​ជា​ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

8 យើង​មិន​បន្ទោស​អ្នក​រាល់​គ្នា​អំពី​យញ្ញ‌បូជានិង​តង្វាយ​ដុត​ដែល​អ្នក​រាល់​គ្នា​តែងតែយក​មក​ថ្វាយ​យើង​ជា​ប្រក្រតី​នោះ​ទេ។

9 យើង​មិន​ត្រូវ​ការ​គោ​បា​ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នាឬ​ក៏​ពពែ​ឈ្មោល​ពី​ក្រោល​របស់​អ្នក​រាល់​គ្នា​ឡើយ

10 ដ្បិត​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ព្រៃសុទ្ធ​តែ​ជា​របស់​យើងហើយ​សត្វ​រាប់​ម៉ឺន​រាប់​សែន​ក្បាលដែល​រស់​នៅ​តាម​ភ្នំ ក៏​ជា​របស់​យើង។

11 យើង​ស្គាល់​បក្សា‌បក្សី​ទាំង​ប៉ុន្មានដែល​រស់​នៅ​តាម​ភ្នំហើយ​សត្វ​ទាំង‌ឡាយ​ដែល​រស់​នៅ​តាម​ស្រែ​ចម្ការក៏​ជា​របស់​យើង​ដែរ។

12 ប្រសិន​បើ​យើង​ឃ្លានយើង​នឹង​មិន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ឡើយដ្បិត​ពិភព​លោក និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុងពិភព​នេះ សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​យើង។

13 តើ​យើង​ដែល​បរិភោគ​សាច់​គោ​បា​ឬ?តើ​យើង​ដែល​ផឹក​ឈាម​ពពែ​ឈ្មោល​ឬ?

14 តង្វាយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ព្រះ‌ជាម្ចាស់គឺ​ពាក្យ​អរ​ព្រះ‌គុណហើយ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បាន​សន្យាចំពោះ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

15 នៅ​គ្រា​មាន​អាសន្ន ចូរ​អង្វរ​រក​យើង​ចុះយើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើក​តម្កើងសិរី‌រុងរឿង​របស់​យើង។

16 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូលទៅ​កាន់​មនុស្ស​អាក្រក់​ថា៖ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ចេះ​តែ​សូត្រច្បាប់​របស់​យើង ហើយ​ចេះ​តែ​ទន្ទេញ​ថាបាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង​ដូច្នេះ?

17 ក៏​ប៉ុន្តែ អ្នក​ពុំ​ព្រម​ឲ្យ​យើង​ប្រដែ‌ប្រដៅ​សោះហើយ​ក៏​មិន​ព្រម​ទទួល​យក​ពាក្យ​យើង​ដែរ។

18 ពេល​ណា​អ្នក​ជួប​ចោរ អ្នក​សេព‌គប់​ជា​មួយ​គេ​ភ្លាមហើយ​អ្នក​តែងតែ​ចូល​ដៃជា​មួយ​ជន​ផិត​ក្បត់​ទៀត​ផង។

19 មាត់​របស់​អ្នក​តែង​ស្រដី​ចេញនូវ​ពាក្យ​អាក្រក់‌អាក្រីហើយ​អណ្ដាត​អ្នក​តែង​គ្រលាស់ចេញ​នូវ​ពាក្យ​បោក​ប្រាស់។

20 អ្នក​ត្រៀម​ខ្លួន​ចោទ​ប្រកាន់​បង‌ប្អូន​ជា‌និច្ចហើយ​អ្នក​បរិហារ​កេរ្តិ៍​បង‌ប្អូន​បង្កើត​ទៀត​ផង។

21 អ្នក​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះតើ​ឲ្យ​យើង​នៅ​ស្ងៀម​ម្ដេច​កើត?អ្នក​ស្មាន​ថា​យើង​ដូច​អ្នក​ដែរ​ឬ?ប៉ុន្តែ យើង​ថ្កោល​ទោស ហើយ​បង្ហាញឲ្យ​អ្នក​ឃើញ​កំហុស​ទាំង​នេះ​ផ្ទាល់​នឹង​ភ្នែក។

22 អស់​អ្នក​ដែល​បំភ្លេច​យើង​អើយចូរ​រិះគិត​ឲ្យ​យល់​សេចក្ដី​នេះ​ទៅក្រែង​លោ​យើង​បំផ្លាញ​អ្នក​រាល់​គ្នាហើយ​គ្មាន​នរណា​អាច​រំដោះអ្នក​រាល់​គ្នា​បាន​ឡើយ។

23 អ្នក​លើក​តម្កើង​យើង គឺ​អ្នក​ដែល​ថ្វាយ​ពាក្យអរ​ព្រះ‌គុណ​ទុក​ជា​តង្វាយហើយ​យើង​នឹង​សង្គ្រោះ​អស់​អ្នកដែល​ដើរ​តាម​មាគ៌ា​របស់​យើង»។