ទំនុក‌តម្កើង 64 KHSV

ព្រះ‌អម្ចាស់​ដាក់​ទោស​មនុស្ស​ពោល​ពាក្យ​ទុច្ចរិត

បទ​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។

1 ឱ​ព្រះ‌ជាម្ចាស់​អើយសូម​ទ្រង់​ព្រះ‌សណ្ដាប់​ទំនួញរបស់​ទូលបង្គំ!ទូលបង្គំ​ភ័យ​ខ្លាច​ខ្មាំង​សត្រូវ​ណាស់សូម​ការពារ​ជីវិត​ទូលបង្គំ​ផង!។

2 សូម​ការពារ​ទូលបង្គំ​ឲ្យ​រួច​ផុតពី​ការ​ឃុប‌ឃិត​របស់​មនុស្ស​អាក្រក់និង​ឲ្យ​ទូលបង្គំ​បាន​រួច​ផុតពី​កណ្ដាប់​ដៃ​របស់​ពួក​មនុស្ស​ពាល។

3 គេ​ប្រើ​ពាក្យ​សម្ដី ដូច​ដាវ​ដ៏​មុតពួក​គេ​ចោល​ពាក្យ​សម្ដី ដូច​គេ​ចោល​លំពែង។

4 ពួក​គេ​លួច​ប្រហារ​មនុស្ស​ទៀង​ត្រង់គឺ​គេ​ប្រហារ​មិន​ឲ្យ​ដឹង​ខ្លួនហើយ​ពួក​គេ​មិន​ខ្លាច​ក្រែង​អ្វី​ឡើយ។

5 ពួក​គេ​និយាយ​លើក​ទឹក​ចិត្ត​គ្នាឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់ពួក​គេ​គិត​គ្នា​ពី​ការ​លប​ដាក់​អន្ទាក់ចាំ​ចាប់​អ្នក​ដទៃ ទាំង​ពោល​ថា«គ្មាន​នរណា​ឃើញ​ទេ!»។

6 គេ​នាំ​គ្នា​បង្ក​អំពើ​ទុច្ចរិត ទាំង​ពោល​ថា៖«ឥឡូវ​នេះ យើង​រៀបចំ​ផែន​ការរបស់​យើង​យ៉ាង​ល្អ​រួច​រាល់​ហើយ!»។គ្មាន​នរណា​អាច​យល់​គំនិត​អប្រិយនៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​មនុស្ស​បាន​ទេ!

7 ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​ប្រហារ​ពួក​គេដោយ​មិន​ឲ្យ​ដឹង​ខ្លួន​ជា​មុនពួក​គេ​ក៏​របួស​ដួល។

8 ពាក្យ​សម្ដី​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​វិនាសអស់​អ្នក​ដែល​ឃើញ​ពួក​គេ នឹង​នាំ​គ្នា​គ្រវី​ក្បាល។

9 មនុស្ស​លោក​ទាំង​អស់​នឹង​នាំ​គ្នា​កោត​ស្ញប់‌ស្ញែងគេ​ប្រកាស​ពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គគេ​យល់​អំពី​កិច្ចការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ។

10 សូម​ឲ្យ​មនុស្ស​សុចរិត​មាន​អំណរ​សប្បាយដោយ‌សារ​ព្រះ‌អម្ចាស់ហើយ​នាំ​គ្នា​មក​ជ្រក​កោន​ជា​មួយ​ព្រះ‌អង្គសូម​ឲ្យ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់លើក​តម្កើង​ព្រះ‌អង្គ។