ទំនុក‌តម្កើង 118 KHSV

ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ

1 ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ដ្បិត​ព្រះ‌អង្គ​សប្បុរសព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

2 សូម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ពោល​ឡើង​ថា៖ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

3 សូម​ឲ្យ​កូន​ចៅ​របស់​លោក​អើរ៉ុនពោល​ឡើង​ថា៖ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

4 សូម​ឲ្យ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច ព្រះ‌អម្ចាស់​ពោល​ឡើង​ថា៖ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

5 នៅ​ពេល​មាន​អាសន្ន ខ្ញុំ​បាន​អង្វរ​ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​ក៏​បាន​ឆ្លើយ​តប​មក​ខ្ញុំ​វិញហើយ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​សេរី‌ភាព។

6 ព្រះ‌អម្ចាស់​កាន់​ខាង​ខ្ញុំ ខ្ញុំ​មិន​ភ័យ​ខ្លាច​ឡើយតើ​មនុស្ស​លោក​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?

7 ដោយ​ព្រះ‌អម្ចាស់​កាន់​ខាង​ខ្ញុំ ហើយ​ជួយ​ខ្ញុំខ្ញុំ​នឹង​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ។

8 ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់នោះ​ប្រសើរ​ជាង​ទុក​ចិត្ត​លើ​មនុស្ស។

9 ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់នោះ​ប្រសើរ​ជាង​ទុក​ចិត្ត​លើ​អ្នក​ធំ។

10 ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នាំ​គ្នា​មក​ឡោម‌ព័ទ្ធ​ខ្ញុំតែ​ខ្ញុំ​នឹង​កម្ទេច​ពួក​គេដោយ‌សារ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។

11 ប្រជា‌ជាតិ​ទាំង​នោះ​ឡោម‌ព័ទ្ធ​ខ្ញុំ​គ្រប់​ទិស‌ទីតែ​ខ្ញុំ​នឹង​កម្ទេច​ពួក​គេដោយ‌សារ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។

12 ប្រជា‌ជាតិ​ទាំង​នោះ​ឡោម‌ព័ទ្ធ​ខ្ញុំ​ដូច​ហ្វូង​ឃ្មុំតែ​ពួក​គេ​នឹង​ឆេះ​អស់​ទៅ​ដូច​ភ្លើង​ឆេះ​បន្លាខ្ញុំ​នឹង​កម្ទេច​ពួក​គេដោយ‌សារ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។

13 គេ​បាន​ច្រាន​ខ្ញុំ​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​ដួលតែ​ព្រះ‌អម្ចាស់​បាន​ជួយ​សង្គ្រោះ​ខ្ញុំ។

14 ព្រះ‌អម្ចាស់​ជា​កម្លាំង​របស់​ខ្ញុំខ្ញុំ​ច្រៀង​ថ្វាយ​ព្រះ‌អង្គ ព្រះ‌អង្គ​សង្គ្រោះ​ខ្ញុំ។

15 មនុស្ស​សុចរិត​នឹង​នាំ​គ្នា​ស្រែក​ហ៊ោនៅ​ក្នុង​ជំរំ​របស់​ខ្លួន ព្រោះ​តែ​មាន​ជ័យ‌ជំនះ ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី​ប្រកបដោយ​ឫទ្ធា‌នុភាព!

16 ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី​ដ៏​ខ្ពង់‌ខ្ពស់​បំផុត! ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី​ប្រកបដោយ​ឫទ្ធា‌នុភាព។

17 ខ្ញុំ​នឹង​មាន​ជីវិត ខ្ញុំ​នឹង​មិន​ស្លាប់​ឡើយហើយ​ខ្ញុំ​នឹង​រៀប​រាប់​អំពីស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់។

18 មែន​ហើយ ព្រះ‌អម្ចាស់​បាន​វាយ​ប្រដៅ​ខ្ញុំ​យ៉ាង​ខ្លាំងតែ​ព្រះ‌អង្គ​មិន​បណ្ដោយ​ឲ្យ​ខ្ញុំ​ស្លាប់​ឡើយ។

19 ចូរ​នាំ​គ្នា​បើក​ទ្វារ​នៃ​សេចក្ដី​សុចរិតឲ្យ​ខ្ញុំដើម្បី​ខ្ញុំ​ចូល​ទៅ​លើក​តម្កើង​ព្រះ‌អម្ចាស់។

20 នេះ​នែ៎ ទ្វារ​ដែល​នាំ​ចូល​ទៅ​រក​ព្រះ‌អម្ចាស់មាន​តែ​មនុស្ស​សុចរិត​ទេដែល​ចូល​តាម​ទ្វារ​នេះ​បាន។

21 ទូលបង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គព្រោះ​ព្រះ‌អង្គ​បាន​ឆ្លើយ​តប​មក​ទូលបង្គំព្រះ‌អង្គ​បាន​សង្គ្រោះ​ទូលបង្គំ។

22 ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​បង់​ចោលបាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត។

23 ព្រះ‌អម្ចាស់​បាន​សម្រេច​ការ​អស្ចារ្យយើង​ក៏​បាន​ឃើញ ហើយ​ស្ងើច​សរសើរ​ផង។

24 ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​បាន​បង្កើត​មកយើង​នាំ​គ្នា​ត្រេក​អរ​សប្បាយ​រីក‌រាយ​នៅ​ថ្ងៃ​នេះ!

25 ព្រះ‌អម្ចាស់​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ! ព្រះ‌អម្ចាស់​អើយសូម​ប្រទាន​ឲ្យ​យើង​ខ្ញុំ​មាន​ជោគ‌ជ័យ!

26 សូម​លើក​តម្កើង​ព្រះ‌អង្គ​ដែល​យាង​មកក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់យើង​សូម​ឲ្យ​ពរ​អ្នក​រាល់​គ្នាពី​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

27 មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​ជា​ព្រះ​ដ៏​ពិតតែ​មួយ​ព្រះ‌អង្គ ព្រះ‌អង្គ​បំភ្លឺ​យើងចូរ​នាំ​គ្នា​លើក​ធាង​ទន្សែ​ឡើងហើយ​ហែ​ជា​ក្បួនរហូត​ដល់​ជ្រុង​អាសនៈ​របស់​ព្រះ‌អម្ចាស់!

28 ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូលបង្គំទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គឱ​ព្រះ​នៃ​ទូលបង្គំ​អើយទូលបង្គំ​សូម​លើក​តម្កើង​ព្រះ‌អង្គ!

29 ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​សប្បុរសព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!