ទំនុក‌តម្កើង 107 KHSV

ភាគ​ទី​ប្រាំ

ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់​ជា​ព្រះ‌សង្គ្រោះ

1 ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ដ្បិត​ព្រះ‌អង្គ​មានព្រះ‌ហឫទ័យ​សប្បុរសដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណារបស់​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ

2 គួរ​ឲ្យ​អស់​អ្នក​ដែល​ព្រះ‌អម្ចាស់បាន​រំដោះ​មក ពោល​សេចក្ដី​នេះគឺ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​រំដោះឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត

3 ហើយ​នាំ​ពី​ប្រទេស​នានា​មក​វិញគឺ​ពី​ទិស​ខាង​កើត ពី​ទិស​ខាង​លិចពី​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង។

4 អ្នក​ខ្លះ​វង្វេង​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែងរក​ស្រុក​ភូមិ​ស្នាក់​អាស្រ័យ​នៅ​ពុំ​បាន​ឡើយ។

5 ពួក​គេ​ឃ្លាន​អាហារ ស្រេក​ទឹកហើយ​បាត់​បង់​ទឹក​ចិត្ត។

6 ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះគេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ក៏​រំដោះ​ពួក​គេឲ្យ​រួច​ផុត​ពី​ការ​ភ័យ​បារម្ភ

7 ព្រះ‌អង្គ​ដឹក​នាំ​គេ​តម្រង់​ទៅ​ក្រុង​មួយដែល​គេ​អាច​ស្នាក់​អាស្រ័យ​នៅ​បាន។

8 អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌អម្ចាស់ដែល​បាន​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណានិង​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!

9 ដ្បិត​ព្រះ‌អង្គ​បាន​ប្រទាន​ទឹក​ឲ្យ​អ្នក​ដែល​ស្រេកហើយ​ប្រទាន​អាហារ​បរិបូណ៌ដល់​អស់​អ្នក​ដែល​ឃ្លាន។

10 អ្នក​ខ្លះ​ទៀត​រស់​នៅ​ក្នុង​ទី​ងងឹតស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ជាប់​ឃុំ‌ឃាំង ជាប់​ច្រវាក់​យ៉ាង​សែន​វេទនា

11 ដ្បិត​ពួក​គេ​បាន​បះ‌បោរ​ប្រឆាំងនឹង​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់និង​មាក់‌ងាយ​ការ​ប្រៀន‌ប្រដៅរបស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

12 ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​គេ​បាក់‌ស្បាតដោយ‌សារ​ទុក្ខ​វេទនាពួក​គេ​ធ្លាក់​ទឹក​ចិត្ត ហើយ​គ្មាន​នរណា​ជួយពួក​គេ​ឲ្យ​ក្រោក​ឡើង​វិញ​បាន​ឡើយ។

13 ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះគេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​ក៏​សង្គ្រោះ​ពួក​គេឲ្យ​រួច​ផុត​ពី​ការ​ភ័យ​បារម្ភ

14 ព្រះ‌អង្គ​នាំ​ពួក​គេ​ចេញ​ពី​ទី​ងងឹតស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ហើយ​ព្រះ‌អង្គ​បាន​ផ្ដាច់​ច្រវាក់​ចេញ​ពី​ពួក​គេ។

15 អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌អម្ចាស់ដែល​បាន​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណានិង​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!

16 ដ្បិត​ព្រះ‌អង្គ​បាន​បំបែក​ទ្វារ​ដែល​ធ្វើ​ពី​លង្ហិននិង​កាច់​បំបាក់​សោរ​ដែល​ធ្វើ​ពី​ដែក។

17 អ្នក​ខ្លះ​ទៅ​ជា​ល្ងី‌ល្ងើ ព្រោះ​តែ​អំពើ​បាបនិង​កំហុស​ដែល​គេ​បាន​ប្រព្រឹត្តបណ្ដាល​ឲ្យ​គេ​រង​ទុក្ខ​វេទនា។

18 គេ​លេប​អាហារ​លែង​ចូល​ទៀត​ហើយគឺ​គេ​នៅ​ជិត​សេចក្ដី​ស្លាប់។

19 ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះគេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​ក៏​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ផុតពី​ការ​ភ័យ​បារម្ភ។

20 ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ពួក​គេ​ក៏​បាន​ជាព្រះ‌អង្គ​បាន​រំដោះ​គេ​ឲ្យ​រួច​ពី​រណ្ដៅ។

21 អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌អម្ចាស់ដែល​បាន​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណានិង​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!

22 គេ​ត្រូវ​តែ​ថ្វាយ​យញ្ញ‌បូជាដើម្បី​អរ​ព្រះ‌គុណ​ព្រះ‌អង្គហើយ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គដោយ​បទ​ចម្រៀង​ដ៏​សប្បាយ!

23 អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​នាវា​នៅ​លើ​សមុទ្រហើយ​អស់​អ្នក​ដែល​រក​ស៊ី​នៅ​តាម​មហា‌សាគរ

24 បាន​ឃើញ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ព្រម​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ​នៅ​សមុទ្រ។

25 ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​បញ្ជានោះ​ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​មកបង្កើត​ជា​រលក​ធំៗ

26 លើក​នាវា​ទាំង‌ឡាយ​ឡើង​យ៉ាង​ខ្ពស់រួច​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ទៅ​វិញ រហូត​ដល់​បាត​សមុទ្រពួក​គេ​ត្រូវ​វេទនា​អស់​សង្ឃឹម។

27 ពួក​គេ​វិល‌វល់ ហើយ​ធីង‌ធោង​ដូច​មនុស្ស​ស្រវឹងគេ​លែង​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៀត​ហើយ។

28 ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះគេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​ក៏​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុតពី​ការ​ភ័យ‌បារម្ភ។

29 ព្រះ‌អង្គ​បាន​បញ្ឈប់​ខ្យល់​ព្យុះ​ឲ្យ​នៅ​ស្ងៀមទឹក​រលក​ក៏​ស្ងប់​ទៅ​វិញ។

30 អ្នក​ទាំង​នោះ​មាន​អំណរ​ដោយ​ឃើញ​រលក​ស្ងប់ហើយ​ព្រះ‌អម្ចាស់​ក៏​នាំ​គេ​ទៅ​ដល់​ត្រើយដែល​គេ​ប្រាថ្នា​ចង់​ទៅ។

31 អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌អម្ចាស់ដែល​បាន​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណានិង​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!

32 គេ​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌អង្គនៅ​ក្នុង​អង្គ​ប្រជុំ​របស់​ប្រជា‌ជនហើយ​សរសើរ​តម្កើង​ព្រះ‌អង្គក្នុង​អង្គ​ប្រជុំ​របស់​ពួក​ព្រឹទ្ធា‌ចារ្យ។

33 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទន្លេក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថានធ្វើ​ឲ្យ​ប្រភព​ទឹក​រីង​ស្ងួត

34 ព្រះ‌អង្គ​ឲ្យ​ទឹក​ដី​ដែល​មាន​ជី‌ជាតិក្លាយ​ទៅ​ជា​ទឹក​ដី​ដែល​មាន​សុទ្ធ​តែ​អំបិលព្រោះ​តែ​គំនិត​អាក្រក់​របស់​អ្នក​ស្រុក​នោះ។

35 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​វាល​រហោ‌ស្ថាន​ប្រែ​ទៅ​ជា​បឹងធ្វើ​ឲ្យ​ដី​ហួត‌ហែង​ប្រែ​ទៅ​ជា​ប្រភព​ទឹក

36 ហើយ​ព្រះ‌អង្គ​នាំ​អស់​អ្នក​ដែល​ស្រេក​ឃ្លានទៅ​រស់​នៅ​ទី​នោះព្រម​ទាំង​សង់​ទីក្រុង​សម្រាប់​ស្នាក់​អាស្រ័យ​ផង។

37 ពួក​គេ​សាប​ព្រោះ និង​ដាំ​ចម្ការ​ទំពាំង‌បាយជូរដែល​ផ្ដល់​ភោគ‌ផល​យ៉ាង​បរិបូណ៌។

38 ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​ពួក​គេហើយ​ពួក​គេ​ក៏​បាន​កើន​ចំនួន​ឡើង​ជា​ច្រើនព្រះ‌អង្គ​មិន​បណ្ដោយ​ឲ្យ​ហ្វូង​សត្វ​របស់​គេចុះ​អន់‌ថយ​ឡើយ។

39 ពួក​គេ​ចុះ​អន់‌ថយ និង​បាត់​បង់​កិត្តិយសដោយ​ខ្មាំង​សង្កត់‌សង្កិនរង​ទុក្ខ​វេទនា និង​ឈឺ​ចុក​ចាប់។

40 ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​អ្នក​ធំ​ធ្លាក់​ទៅ​ក្នុង​សភាពថោក​ទាប ហើយ​វង្វេង​នៅ​ក្នុង​ផ្លូវ​អន្តរាយ។

41 ប៉ុន្តែ ព្រះ‌អង្គ​យក​មនុស្ស​ទុគ៌ត​ចេញ​ពី​ភាព​វេទនាព្រះ‌អង្គ​ធ្វើ​ឲ្យ​គ្រួសារ​របស់​គេមាន​កូន​ចៅ​ជា​ច្រើន។

42 ពេល​មនុស្ស​សុចរិត​ឃើញ​ដូច្នេះគេ​នឹង​មាន​អំណរ​សប្បាយតែ​មនុស្ស​ទុច្ចរិត​នឹង​បិទ​មាត់​យ៉ាង​ស្ងៀម‌ស្ងាត់។

43 អស់​អ្នក​ដែល​មាន​ប្រាជ្ញា​ត្រូវ​ចង​ចាំ​សេចក្ដី​នេះ​ទុកហើយ​ស្វែង​យល់​ពី​ស្នា​ព្រះ‌ហស្ដ​ប្រកប​ដោយព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់។