1 ហាលេលូយ៉ា!ចូរសរសើរតម្កើងព្រះនាមព្រះអម្ចាស់!អ្នកបម្រើរបស់ព្រះអម្ចាស់អើយចូរនាំគ្នាសរសើរតម្កើងព្រះអង្គ!
2 អ្នករាល់គ្នាដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់អ្នករាល់គ្នាដែលស្ថិតនៅក្នុងបរិវេណព្រះដំណាក់របស់ព្រះនៃយើងអើយ
3 ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរសចូរស្មូត្រទំនុកតម្កើងថ្វាយព្រះនាមព្រះអង្គដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងយើង។
4 ព្រះអម្ចាស់បានជ្រើសរើសពូជពង្សលោកយ៉ាកុបហើយព្រះអង្គយកជនជាតិអ៊ីស្រាអែលធ្វើជាប្រជាជនផ្ទាល់របស់ព្រះអង្គ។
5 ខ្ញុំដឹងច្បាស់ថា ព្រះអម្ចាស់ជាព្រះដ៏ឧត្ដុង្គឧត្ដមព្រះអម្ចាស់របស់យើងទ្រង់ប្រសើរលើសព្រះទាំងប៉ុន្មាន។
6 បើព្រះអម្ចាស់សព្វព្រះហឫទ័យធ្វើការអ្វីព្រះអង្គនឹងសម្រេចការនោះនៅលើផ្ទៃមេឃ និងផែនដី នៅក្នុងសមុទ្រនិងនៅក្នុងទីជម្រៅនៃបាតសមុទ្រ។
7 ព្រះអង្គនាំពពកចេញពីជើងមេឃព្រះអង្គធ្វើឲ្យមានផ្លេកបន្ទោរដើម្បីឲ្យភ្លៀងធ្លាក់ហើយព្រះអង្គក៏បានបញ្ចេញខ្យល់ឲ្យបក់បោកមកដែរ។
8 ព្រះអង្គបានប្រហារកូនច្បងទាំងឡាយនៅស្រុកអេស៊ីបគឺចាប់តាំងពីមនុស្ស រហូតដល់សត្វពាហនៈ។
9 ព្រះអង្គសម្តែងទីសម្គាល់និងឫទ្ធិបាដិហារិយ៍ផ្សេងៗ នៅស្រុកអេស៊ីបដើម្បីដាក់ទោសព្រះចៅផារ៉ោននិងមន្ត្រីទាំងប៉ុន្មានរបស់ស្ដេច។
10 ព្រះអង្គបានវាយប្រហារប្រជាជាតិជាច្រើនព្រះអង្គបានប្រហារជីវិតស្ដេចដ៏ខ្លាំងពូកែ
11 គឺព្រះបាទស៊ីហុនជាស្ដេចស្រុកអាម៉ូរីព្រះបាទអុកជាស្ដេចស្រុកបាសាននិងស្ដេចទាំងប៉ុន្មានរបស់ជនជាតិកាណាន
12 ហើយព្រះអង្គប្រគល់ទឹកដីរបស់ពួកគេឲ្យអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គទុកជាមត៌ក។
13 ឱព្រះអម្ចាស់អើយ ព្រះនាមរបស់ព្រះអង្គនៅគង់វង្សរហូតតទៅឱព្រះអម្ចាស់អើយ ព្រះកិត្តិនាមរបស់ព្រះអង្គល្បីល្បាញអស់កល្បជាអង្វែងតរៀងទៅ
14 ដ្បិតព្រះអង្គរកយុត្តិធម៌ឲ្យប្រជារាស្ត្ររបស់ព្រះអង្គហើយព្រះអង្គអាណិតអាសូរអ្នកបម្រើរបស់ព្រះអង្គ។
15 ព្រះរបស់ប្រជាជាតិនានាសុទ្ធតែជាព្រះក្លែងក្លាយធ្វើពីមាស ពីប្រាក់ដែលជាស្នាដៃរបស់មនុស្ស។
16 ព្រះទាំងនោះមានមាត់ តែមិនចេះនិយាយមានភ្នែក តែមើលមិនឃើញ
17 មានត្រចៀក តែស្ដាប់មិនឮព្រះទាំងនោះគ្មានដង្ហើមចេញចូលទេ។
18 សូមឲ្យអស់អ្នកដែលបានសូនធ្វើរូបព្រះក្លែងក្លាយហើយដែលផ្ញើជីវិតលើព្រះទាំងនោះបានដូចរូបព្រះទាំងនោះដែរ។
19 ជនជាតិអ៊ីស្រាអែលអើយចូរសរសើរតម្កើងព្រះអម្ចាស់ក្រុមគ្រួសាររបស់លោកអើរ៉ុនអើយចូរសរសើរតម្កើងព្រះអម្ចាស់
20 ក្រុមគ្រួសាររបស់លោកលេវីអើយចូរសរសើរតម្កើងព្រះអម្ចាស់អស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់អើយចូរសរសើរតម្កើងព្រះអង្គ!
21 ចូរសរសើរតម្កើងព្រះអម្ចាស់ដែលគង់នៅភ្នំស៊ីយ៉ូនគឺព្រះអង្គដែលគង់នៅក្រុងយេរូសាឡឹម!ហាលេលូយ៉ា!