ទំនុក‌តម្កើង 37 KHSV

ចុង​បញ្ចប់​របស់​មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ

ទំនុក​របស់​ស្ដេច​ដាវីឌ។

1 មិន​ត្រូវ​ចង​កំហឹង​នឹង​អស់​អ្នកដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយហើយ​ក៏​កុំ​ច្រណែន​នឹង​អស់​អ្នកដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ

2 ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស​សូន្យ​ទៅ​យ៉ាង​រហ័សដូច​ស្មៅ​ដែល​តែងតែ​ក្រៀម​ស្វិតនិង​ដូច​ផ្កា​ដែល​តែងតែស្រពោន​នោះ​ដែរ។

3 ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ ចូរ​ប្រព្រឹត្ត​អំពើ​ល្អនោះ​អ្នក​នឹង​រស់​នៅ​ក្នុង​ស្រុក​នេះយ៉ាង​សុខ​ក្សេម‌ក្សាន្ត។

4 ចូរ​ស្វែង​រក​សុភមង្គល​ពី​ព្រះ‌អម្ចាស់នោះ​ព្រះ‌អង្គ​នឹង​ប្រោស​ប្រទាន​នូវ​អ្វីៗដែល​អ្នក​ប្រាថ្នា​ចង់​បាន។

5 ចូរ​ផ្ញើ​វាសនា​របស់​អ្នក​ទៅ​ក្នុងព្រះ‌ហស្ដ​របស់​ព្រះ‌អង្គចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ នោះ​ទ្រង់​នឹង​ជួយ​អ្នក។

6 ព្រះ‌អង្គ​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ​ថាអ្នក​ជា​មនុស្ស​សុចរិត ដូច​ឃើញ​ពន្លឺ​ថ្ងៃហើយ​ព្រះ‌អង្គ​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ​ថាអ្នក​ជា​មនុស្ស​ទៀង​ត្រង់ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​ត្រង់។

7 ចូរ​ស្ងប់​ស្ងៀម​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ហើយ​ទុក​ចិត្ត​លើ​ព្រះ‌អង្គ​ទៅមិន​ត្រូវ​ចង​កំហឹង​នឹង​អ្នកដែល​បាន​ចម្រុង‌ចម្រើន​នោះ​ឡើយហើយ​ក៏​មិន​ត្រូវ​ចង​កំហឹង​នឹង​មនុស្សដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។

8 ចូរ​រំងាប់​កំហឹង និង​លះ‌បង់​ចិត្តក្ដៅ​ក្រហាយ​នោះ​ចោល​ទៅកុំ​ចង​កំហឹង​ឡើយ ព្រោះ​កំហឹង​តែងតែបង្ក​ឲ្យ​មាន​ការ​អាក្រក់។

9 ព្រះ‌អម្ចាស់​នឹង​កាត់‌កាល់​អស់​អ្នកដែល​ប្រព្រឹត្ត​អំពើ​អាក្រក់តែ​អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះ‌អង្គនឹង​ទទួល​ទឹក​ដី​ជា​មត៌ក។

10 នៅ​តែ​បន្តិច​ទៀតនឹង​លែង​មាន​មនុស្ស​អាក្រក់​ទៀត​ហើយ!ទោះ​បី​អ្នក​ខំ​រក​មើល​កន្លែង​ដែល​គេ​ធ្លាប់​នៅក៏​មិន​ឃើញ​មាន​អ្វី​ដែរ។

11 រីឯ​មនុស្ស​ទន់‌ទាប​វិញគេ​នឹង​ទទួល​ទឹក​ដី​ជា​មត៌កហើយ​នឹង​បាន​សប្បាយ​សុខ​ក្សេម‌ក្សាន្ត។

12 មនុស្ស​អាក្រក់​តែងតែ​ឃុប‌ឃិត​ប្រឆាំងនឹង​មនុស្ស​សុចរិតទាំង​សង្កៀត​ធ្មេញ​ដាក់​មនុស្ស​សុចរិត​ទៀត​ផង

13 ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​សើច​ចំអក​ដាក់​មនុស្ស​អាក្រក់ព្រោះ​ព្រះ‌អង្គ​ជ្រាប​ថាពេល​ដែល​គេ​ត្រូវ​វិនាស ជិត​មក​ដល់​ហើយ។

14 មនុស្ស​អាក្រក់​នាំ​គ្នា​ហូត​ដាវ យឹត​ធ្នូដើម្បី​ប្រហារ​ជីវិត​មនុស្ស​ក្រីក្រ​ទុគ៌តនិង​អារ-ក​មនុស្ស​ដែល​មាន​ចិត្ត​ទៀង​ត្រង់។

15 ប៉ុន្តែ ដាវ​របស់​គេ​នឹង​ចាក់​ទម្លុះបេះ‌ដូង​របស់​ខ្លួន​ឯងហើយ​ធ្នូ​របស់​គេ​នឹង​ត្រូវ​បាក់​បែក​អស់។

16 ទ្រព្យ​តែ​បន្តិច‌បន្តួច​របស់​មនុស្ស​សុចរិតប្រសើរ​ជាង​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភរបស់​មនុស្ស​អាក្រក់

17 ដ្បិត​ព្រះ‌អម្ចាស់​នឹង​ជួយ​គាំទ្រ​មនុស្ស​សុចរិតតែ​ព្រះ‌អង្គ​នឹង​បំបាក់​កម្លាំងរបស់​មនុស្ស​អាក្រក់​វិញ។

18 ព្រះ‌អម្ចាស់​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់នឹង​ជីវិត​របស់​មនុស្ស​ឥត​សៅ‌ហ្មងព្រះ‌អង្គ​នឹង​ថែ‌រក្សា​ទឹក​ដី​របស់​គេឲ្យ​បាន​គង់‌វង្ស​រហូត​ត​ទៅ។

19 នៅ​គ្រា​មាន​អាសន្ន គេ​នឹង​មិន​ត្រូវ​អាម៉ាស់​ឡើយហើយ​នៅ​គ្រា​មាន​ទុរ្ភិក្សគេ​នឹង​បាន​បរិភោគ​ឆ្អែត។

20 រីឯ​មនុស្ស​អាក្រក់ គេ​នឹង​ត្រូវ​វិនាស​សូន្យហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អម្ចាស់ក៏​នឹង​រលាយ​សូន្យ​ទៅ ដូច​វាល​ស្មៅ​ខៀវ​ខ្ចីដែល​ឆេះ​រលាយ​សូន្យ​ទៅ​ជា​ផ្សែង​ដែរ។

21 មនុស្ស​អាក្រក់​ខ្ចី​អ្វីៗ​ពី​គេហើយ​មិន​ដែល​សង​វិញ​ឡើយរីឯ​មនុស្ស​សុចរិត​វិញ តែងតែ​មាន​ចិត្ត​ទូលាយនិង​ចេះ​ឲ្យ​របស់​របរ​ទៅ​អ្នក​ដទៃ។

22 អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ពរនឹង​ទទួល​ទឹក​ដី​ជា​មត៌ករីឯ​អ្នក​ដែល​ព្រះ‌អង្គ​ដាក់​បណ្ដាសា​វិញនឹង​ត្រូវ​កាត់‌កាល់​ចោល។

23 ព្រះ‌អម្ចាស់​ពង្រឹង​ជំហាន​របស់​មនុស្ស​ឲ្យ​បាន​មាំ‌មួនហើយ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យនឹង​មាគ៌ា​របស់​គេ។

24 ប្រសិន​បើ​អ្នក​នោះ​ភ្លាត់​ជើងគេ​នឹង​មិន​ដួល​ដល់​ដី​ឡើយព្រោះ​ព្រះ‌អម្ចាស់​កាន់​ដៃ​គេ​ជាប់។

25 តាំង​ពី​ខ្ញុំ​នៅ​ក្មេង រហូត​មក​ទល់​ពេល​ខ្ញុំ​ចាស់​នេះខ្ញុំ​មិន​ដែល​ឃើញ​ព្រះ‌អម្ចាស់​បោះ​បង់​ចោលមនុស្ស​សុចរិត​ឡើយ ហើយ​ក៏​មិន​ដែល​ឃើញ​កូន​ចៅរបស់​គេ​សុំ​ទាន​ដែរ។

26 មនុស្ស​សុចរិត​តែងតែ​មាន​ចិត្ត​អាណិត​មេត្តានិង​ចេះ​ឲ្យ​របស់​របរ​ទៅ​អ្នក​ដទៃ​ខ្ចីគេ​បាន​ទទួល​កូន​ចៅ​ទុក​ជា​ព្រះ‌ពរ។

27 ចូរ​ចៀស‌វាង​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​តែ​អំពើ​ល្អធ្វើ​ដូច្នេះ អ្នក​នឹង​រស់​នៅ​លើ​ទឹក​ដី​នេះ​រហូត​ត​ទៅ

28 ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យនឹង​ការ​អ្វី​ដែល​ត្រឹម​ត្រូវ ព្រះ‌អង្គ​ថែ‌រក្សាអស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌អង្គ​ជា‌និច្ចព្រះ‌អង្គ​មិន​បោះ​បង់​ពួក​គេ​ឡើយតែ​ព្រះ‌អង្គ​កាត់‌កាល់​ពូជ‌ពង្ស​របស់​មនុស្សអាក្រក់​ឲ្យ​វិនាស​សាប‌សូន្យ។

29 មនុស្ស​សុចរិត​នឹង​ទទួល​ទឹក​ដី​ជា​មត៌កហើយ​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី​នោះ​រហូត​ត​ទៅ។

30 មនុស្ស​សុចរិត​តែងតែ​ស្រដី​ចេញ​មកនូវ​ពាក្យ‌ពេចន៍​ប្រកប​ដោយ​ប្រាជ្ញា។ហើយ​អណ្ដាត​របស់​គេ​គ្រលាស់ចេញ​មក​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ

31 ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់​ដក់​នៅ​ក្នុង​ដួង​ចិត្តរបស់​គេ ហើយ​គេ​នឹង​មិន​ឃ្លាត​ចាកពី​មាគ៌ា​របស់​ព្រះ‌អង្គ​ឡើយ។

32 មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិតហើយ​រក​មធ្យោ‌បាយ​ចាំ​សម្លាប់​គេ​ផង។

33 ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​បោះ​បង់​មនុស្ស​សុចរិតឲ្យ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស អាក្រក់​ឡើយហើយ​ប្រសិន​បើ​គេ​កាត់​ក្ដី​មនុស្ស​សុចរិតទ្រង់​ក៏​មិន​បណ្ដោយ​ឲ្យ​គេ​ដាក់​ទោស​បាន​ដែរ។

34 ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ហើយ​កាន់​តាម​មាគ៌ា​របស់​ព្រះ‌អង្គ​ទៅនោះ​ព្រះ‌អង្គ​នឹង​លើក​កិត្តិយស​អ្នក​ឡើងឲ្យ​គ្រប់‌គ្រង​ទឹក​ដី​ជា​មត៌កហើយ​អ្នក​នឹង​ឃើញ​មនុស្ស​អាក្រក់ត្រូវ​កាត់‌កាល់​ចោល។

35 ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​អាក្រក់​ប្រើ​អំណាច​ផ្ដាច់​ការគេ​រីក​ចម្រើន​ឡើងដូច​ដើម​ឈើ​មាន​ស្លឹក​ខៀវ​ខ្ចី​បែក​មែក​សាខា។

36 ក្រោយ​មក គេ​រលាយ​បាត់​សូន្យ​ទៅខ្ញុំ​ខំ​រក​មើល​គេ តែ​រក​មិន​ឃើញ​សោះ។

37 ចូរ​សង្កេត​មើល​មនុស្ស​ទៀង​ត្រង់ដែល​គ្មាន​ចិត្ត​វៀច‌វេរ មនុស្ស​សន្សំ​សុខតែងតែ​មាន​អនាគត​រុងរឿង​ជា‌និច្ច។

38 រីឯ​មនុស្ស​បាប​វិញ នឹង​ត្រូវ​វិនាស​សូន្យ​អស់​ទៅហើយ​មនុស្ស​ទមិឡ នឹង​គ្មានអនាគត​ភ្លឺ​ស្វាង​សោះ​ឡើយ។

39 ព្រះ‌អម្ចាស់​តែងតែ​សង្គ្រោះ​មនុស្ស​សុចរិតហើយ​ព្រះ‌អង្គ​ជា​កំពែង​ការពារ​គេនៅ​គ្រា​មាន​អាសន្ន។

40 ព្រះ‌អម្ចាស់​សង្គ្រោះ និង​រំដោះ​ពួក​គេឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់ព្រះ‌អង្គ​សង្គ្រោះ​ពួក​គេ ពី‌ព្រោះ​ពួក​គេមក​ជ្រក​កោន​ក្រោម​ម្លប់​ព្រះ‌បារមី​ព្រះ‌អង្គ។