ទំនុក‌តម្កើង 34 KHSV

ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះ‌អម្ចាស់

ទំនុក​របស់​ស្ដេច​ដាវីឌ នៅ​គ្រា​ដែល​ទ្រង់​ធ្វើ​ពុត​ជា​វិកល‌ចរិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្ដេច​អប៊ី‌ម៉ាឡេក ធ្វើ​ឲ្យ​ស្ដេច​អប៊ី‌ម៉ាឡេក​ដេញ​ព្រះ‌អង្គ​ចេញ​ទៅ។

1 ខ្ញុំ​នឹង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់គ្រប់​ពេល​វេលាខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​ឥត​ឈប់​សោះ​ឡើយ។

2 ខ្ញុំ​នឹង​បាន​ខ្ពស់​មុខ​ដោយ‌សារ​ព្រះ‌អង្គ!ចូរ​ឲ្យ​មនុស្ស​ទន់‌ទាប​ត្រង‌ត្រាប់​ស្ដាប់ហើយ​មាន​អំណរ​សប្បាយ​ឡើង!។

3 សូម​ប្រកាស​ជា​មួយ​ខ្ញុំ​ថា ព្រះ‌អម្ចាស់​ថ្កុំ‌ថ្កើង​រុងរឿង​ក្រៃ‌លែង!យើង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ​ជា​មួយ​គ្នា!។

4 ខ្ញុំ​បាន​អង្វរ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញព្រះ‌អង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​ភ័យ​ខ្លាចទាំង​អម្បាល‌ម៉ាន។

5 អ្នក​ណា​សម្លឹង​ឆ្ពោះ​ទៅ​ព្រះ‌អង្គអ្នក​នោះ​នឹង​បាន​ពោរ‌ពេញ​ទៅ​ដោយ​អំណរហើយ​នឹង​មិន​ខក​ចិត្ត​សោះ​ឡើយ។

6 មនុស្ស​ទុគ៌ត​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​គេហើយ​សង្គ្រោះ​គេ​ឲ្យ​រួច​ផុតពី​គ្រោះ​កាច​ទាំង​ប៉ុន្មាន​ផង។

7 ទេវតា​របស់​ព្រះ‌អម្ចាស់​ថែ‌រក្សា​ការពារអស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គហើយ​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​គ្រោះ​ថ្នាក់។

8 ចូរ​ពិសោធ​មើល​ដោយ​ខ្លួន​ឯង​ចុះដើម្បី​ឲ្យ​ដឹង​ថា​ព្រះ‌អម្ចាស់មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​លើស‌លប់!អ្នក​ណា​ពឹង​ផ្អែក​លើ​ព្រះ‌អង្គអ្នក​នោះ​មាន​សុភមង្គល​ហើយ!។

9 អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​អើយចូរ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ដ្បិត​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គនឹង​មិន​ខ្វះ​អ្វី​ឡើយ។

10 អ្នក​មានអាច​ជួប​ប្រទះ​នឹង​ការ​អត់​ឃ្លានខ្វះ​ខាត​ចំណី​បរិភោគតែ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អម្ចាស់នឹង​មិន​ខ្វះ​អ្វី​សោះ​ឡើយ។

11 កូន​ចៅ​អើយ ចូរ​នាំ​គ្នា​មកហើយ​ស្ដាប់​ពាក្យ​ខ្ញុំ ខ្ញុំ​នឹង​បង្រៀន​អ្នកឲ្យ​ស្គាល់​អំពី​ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់។

12 តើ​មាន​នរណា​ចង់​បាន​អាយុ​វែងនិង​រស់​នៅ​ប្រកប​ដោយ​សុភមង្គល​ឬ​ទេ?

13 បើ​ចង់​បាន ត្រូវ​តែ​ចេះ​ទប់​អណ្ដាតកុំ​ពោល​ពាក្យ​អាក្រក់និង​ចៀស‌វាង​និយាយ​បោក​បញ្ឆោត!។

14 ចូរ​ងាក​ចេញ​ពី​អំពើ​អាក្រក់ហើយ​ប្រព្រឹត្ត​អំពើ​ល្អ​វិញចូរ​ខិត‌ខំ​ស្វែង​រក​សេចក្ដី​សុខ‌សាន្តយ៉ាង​អស់​ពី​ចិត្ត។

15 ព្រះ‌អម្ចាស់​តែង​រំពៃ​មើល​មនុស្ស​សុចរិតហើយ​ទ្រង់​យក​ព្រះ‌ហឫទ័យទុក​ដាក់​នឹង​សម្រែក​របស់​ពួក​គេ​ជា‌និច្ច។

16 ព្រះ‌អម្ចាស់​តែងតែ​ប្រឆាំងនឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ពេល​ពួក​គេ​ស្លាប់​ទៅគ្មាន​នរណា​នឹក​ដល់​ពួក​គេ​ទៀត​ទេ។

17 ពេល​មនុស្ស​សុចរិត​ស្រែក​រក​ព្រះ‌អង្គ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​គេហើយ​ព្រះ‌អង្គ​រំដោះ​គេឲ្យ​រួច​ពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន។

18 ព្រះ‌អម្ចាស់​គង់​នៅ​ជិត​អស់​អ្នក​ដែល​ក្រំ​ចិត្តហើយ​ព្រះ‌អង្គ​សង្គ្រោះ​អស់​អ្នកដែល​មាន​ចិត្ត​សោក​សង្រេង។

19 មនុស្ស​សុចរិត​រមែង​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើនប៉ុន្តែ ព្រះ‌អម្ចាស់​តែងតែ​រំដោះ​គេឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក​ទាំង​នោះ​ជា‌និច្ច។

20 ព្រះ‌អង្គ​ថែ‌រក្សា​គេ​ឲ្យ​បាន​សុខ‌សាន្តគឺ​គ្មាន​ឆ្អឹង​ណា​មួយ​ត្រូវ​បាក់​បែក​ឡើយ។

21 អំពើ​អាក្រក់​តែង​ប្រហារ​ជីវិត​មនុស្ស​ពាលហើយ​អ្នក​ដែល​ស្អប់​មនុស្ស​សុចរិតតែងតែ​ទទួល​ទោស​ជា‌និច្ច។

22 ព្រះ‌អម្ចាស់​សង្គ្រោះ​ជីវិត​អ្នក​បម្រើ​របស់​ព្រះ‌អង្គហើយ​អស់​អ្នក​ដែល​មក​ពឹង​ផ្អែក​លើ​ព្រះ‌អង្គតែងតែ​រួច​ផុត​ពី​ទុក្ខ​ទោស។