ទំនុក‌តម្កើង 27 KHSV

ព្រះ‌អម្ចាស់​ជា​ពន្លឺ និង​ជា​ព្រះ‌សង្គ្រោះ​របស់​ខ្ញុំ

ទំនុក​របស់​ស្ដេច​ដាវីឌ។

1 ព្រះ‌អម្ចាស់​ជា​ពន្លឺ និង​ជា​ព្រះ‌សង្គ្រោះ​ខ្ញុំខ្ញុំ​មិន​ភ័យ​ខ្លាច​នរណា​ឡើយ! ព្រះ‌អម្ចាស់​ជា​ទី​ជម្រក​របស់​ជីវិត​ខ្ញុំខ្ញុំ​ក៏​មិន​តក់‌ស្លុត​ចំពោះ​នរណា​ដែរ។

2 ពេល​ពួក​អ្នក​ប្រព្រឹត្ត​អាក្រក់គឺ​បច្ចា‌មិត្ត និង​ខ្មាំង​សត្រូវ​របស់​ខ្ញុំនាំ​គ្នា​ចូល​មក​ជិត ដើម្បី​រក​ប្រហារ​ជីវិត​ខ្ញុំអ្នក​ទាំង​នោះ​បែរ​ជា​ត្រូវ​ជំពប់​ដួល​ទៅ​វិញ។

3 ប្រសិន​បើ​មាន​កង‌ទ័ព​មក​ឡោម‌ព័ទ្ធ​ខ្ញុំក៏​ចិត្ត​ខ្ញុំ​មិន​ភ័យ​ខ្លាច​អ្វី​ដែរប្រសិន​បើ​មាន​គេ​លើក​គ្នា​មក​ច្បាំង​នឹង​ខ្ញុំក៏​ខ្ញុំ​នៅ​តែ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់​ជា‌និច្ច។

4 ខ្ញុំ​ទូល​សូម​ព្រះ‌អម្ចាស់​នូវ​សេចក្ដី​តែ​មួយ​គត់ហើយ​ខ្ញុំ​ប្រាថ្នា​ចង់​បាន​តែ​សេចក្ដី​នេះ​ឯងគឺ​ឲ្យ​បាន​ស្នាក់​នៅ​ក្នុង​ព្រះ‌ដំណាក់របស់​ព្រះ‌អម្ចាស់​អស់​មួយ​ជីវិតដើម្បី​កោត​ស្ញប់‌ស្ញែង​ភាព​ថ្កុំ‌ថ្កើង​រុងរឿងរបស់​ព្រះ‌អម្ចាស់និង​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​នៅ​ក្នុង​ព្រះ‌វិហារ

5 ដ្បិត​នៅ​ពេល​ខ្ញុំ​មាន​អាសន្នព្រះ‌អង្គ​តែង​ឲ្យ​ខ្ញុំ​ជ្រក​ក្នុង​ជម្រក​របស់​ព្រះ‌អង្គព្រះ‌អង្គ​តែង​លាក់​បំពួន​ខ្ញុំ​នៅ​ក្នុង​ព្រះ‌ពន្លាព្រះ‌អង្គ​លើក​ខ្ញុំ​ដាក់​នៅ​លើ​ថ្ម‌ដា។

6 ព្រះ‌អង្គ​លើក​មុខ​ខ្ញុំ​ឡើង​ឲ្យ​ខ្ពស់​ជាង​ខ្មាំង​សត្រូវដែល​នៅ​ជុំ‌វិញ​ខ្ញុំខ្ញុំ​នឹង​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្នុង​ព្រះ‌ពន្លារបស់​ព្រះ‌អង្គ ទាំង​ស្រែក​ដោយ​អំណរខ្ញុំ​នឹង​ច្រៀង ខ្ញុំ​នឹង​ស្មូត្រ​ទំនុក‌តម្កើងថ្វាយ​ព្រះ‌អម្ចាស់។

7 ឱ​ព្រះ‌អម្ចាស់​អើយ!សូម​ទ្រង់​ព្រះ‌សណ្ដាប់​ស្នូរ​សម្រែក​របស់​ទូលបង្គំសូម​មេត្តា​ប្រណី​សន្ដោស​ទូលបង្គំនិង​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ​ផង!។

8 ចិត្ត​ទូលបង្គំ​នឹក​ដល់​ព្រះ‌បន្ទូលដែល​ព្រះ‌អង្គ​ថ្លែង​ថា «ចូរ​ស្វែង​រក​យើង»នោះ​ទូលបង្គំ​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ!ទូលបង្គំ​ស្វែង​រក​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ហើយ!

9 សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូលបង្គំសូម​កុំ​ព្រះ‌ពិរោធហើយ​បណ្តេញ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ!ព្រះ‌អង្គ​បាន​សង្គ្រោះ​ទូលបង្គំសូម​កុំ​លះ‌បង់​ទូលបង្គំ!ឱ​ព្រះ‌សង្គ្រោះ​ទូលបង្គំ​អើយសូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយ!។

10 ទោះ​បី​ឪពុក‌ម្ដាយ​របស់​ទូលបង្គំបាន​បោះ​បង់​ទូលបង្គំ​ចោល​ក៏​ដោយក៏​ព្រះ‌អម្ចាស់​នៅ​តែ​ទទួល​ទូលបង្គំ​ជា‌និច្ច!។

11 ឱ​ព្រះ‌អម្ចាស់​អើយ!សូម​បង្រៀន​ទូលបង្គំឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គសូម​ណែ‌នាំ​ទូលបង្គំ​ឲ្យ​ដើរ​តាម​ផ្លូវ​ត្រង់ព្រោះ​ទូលបង្គំ​មាន​សត្រូវ​ជា​ច្រើន។

12 សូម​កុំ​បណ្តោយ​ឲ្យ​ទូលបង្គំ​ធ្លាក់ទៅ​ក្នុង​កណ្ដាប់​ដៃ​បច្ចា‌មិត្ត​របស់​ទូលបង្គំ​ឡើយដ្បិត​មាន​សាក្សី​ក្លែង‌ក្លាយមក​និយាយ​មួល​បង្កាច់​ទូលបង្គំអ្នក​ទាំង​នោះ​ពោល​សុទ្ធ​តែ​ពាក្យ​ឃោរ‌ឃៅ។

13 ខ្ញុំ​ជឿ​ជាក់​ថា​នៅ​ក្នុង​លោក​នេះខ្ញុំ​នឹង​ឃើញ​សុភមង្គល​មក​ពី​ព្រះ‌អម្ចាស់ជា​មិន​ខាន!។

14 ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់!ចូរ​មាន​កម្លាំង និង​មាន​ចិត្ត​រឹង‌ប៉ឹង​ឡើង!ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់​ចុះ!។