ទំនុក‌តម្កើង 72 KHSV

សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះ‌មហា‌ក្សត្រ

ទំនុក​របស់​ស្ដេច​សាឡូម៉ូន។

1 ឱ​ព្រះ‌ជាម្ចាស់​អើយសូម​ប្រទាន​ឲ្យ​ព្រះ‌រាជាចេះ​វិនិច្ឆ័យ​ដូច​ព្រះ‌អង្គហើយ​សូម​ឲ្យ​ព្រះ‌រាជ‌បុត្រ​របស់​ព្រះ‌រាជាបាន​ប្រកប​ដោយ​សេចក្ដី​សុចរិត ដូច​ព្រះ‌អង្គ​ដែរ!

2 ដើម្បី​ឲ្យ​ព្រះ‌រាជា​អាច​គ្រប់‌គ្រងប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដោយ​សុចរិតហើយ​គ្រប់‌គ្រង​ជន​ក្រីក្រ​ដោយ​យុត្តិធម៌។

3 សូម​ឲ្យ​ភ្នំ​ទាំង‌ឡាយ​ផ្ដល់​នូវ​ភោគ‌ផលដ៏​សម្បូណ៌​សប្បាយ​ដល់​ប្រជា‌រាស្ត្រព្រម​ទាំង​នាំ​ឲ្យ​ពួក​គេ​ស្គាល់សេចក្ដី​សុចរិត​ដែរ។

4 សូម​ព្រះ‌រាជា​រក​យុត្តិធម៌​ឲ្យ​ជន​ក្រីក្រក្នុង​ចំណោម​ប្រជា‌រាស្ត្រសូម​ទ្រង់​ជួយ​សង្គ្រោះ​មនុស្ស​កំសត់​ទុគ៌តហើយ​កម្ទេច​អស់​អ្នក​ដែល​ជិះ‌ជាន់​សង្កត់‌សង្កិន​គេ

5 ដរាប​ណា​នៅ​មាន​ព្រះ‌អាទិត្យ​រះមាន​ព្រះ‌ច័ន្ទ​បញ្ចេញ​រស្មីសូម​ឲ្យ​ព្រះ‌រាជា​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរអស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

6 សូម​ទ្រង់​ផ្ដល់​ព្រះ‌ពរ​ដល់​ប្រជា‌រាស្ត្រដូច​ទឹក​ភ្លៀង​ធ្លាក់​មក​លើ​ស្រែ​ចម្ការនិង​ដូច​ជា​ភ្លៀង​បង្អុរ​ចុះ​មក​ស្រោច​ស្រព​ផែនដី។

7 សូម​ឲ្យ​សេចក្ដី​សុចរិត​រីក​ចម្រើន​ឡើងក្នុង​រជ្ជកាល​របស់​ព្រះ‌ករុណាហើយ​ដរាប​ណា​នៅ​មាន​ព្រះ‌ច័ន្ទសូម​ឲ្យ​សេចក្ដី​សុខ‌សាន្ត​មាន​យ៉ាង​បរិបូណ៌។

8 សូម​ឲ្យ​រាជ្យ​របស់​ព្រះ‌ករុណា​លាត​សន្ធឹងពី​សមុទ្រ​មួយ​ទៅ​សមុទ្រ​មួយនិង​លាត​សន្ធឹង​ពី​ទន្លេ​អឺប្រាត​នេះរហូត​ទៅ​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី។

9 ប្រជា‌ជន​ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាននឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌ករុណាហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌ករុណាត្រូវ​បរា‌ជ័យ ងើប​មុខ​មិន​រួច។

10 ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​តើស៊ីសនិង​នៅ​កោះ​នានានឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌ករុណាស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​សាបា និង​ស្រុក​សេបាក៏​នាំ​គ្នា​យក​សួយសារ‌អាករ​មក​ថ្វាយ​ដែរ។

11 ស្ដេច​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នាក្រាប​ថ្វាយ‌បង្គំ​ព្រះ‌ករុណាហើយ​ប្រជា‌ជាតិ​ទាំង​អស់នឹង​នាំ​គ្នា​បម្រើ​ព្រះ‌ករុណា។

12 ព្រះ‌ករុណា​រំដោះ​ជន​ក្រីក្រនៅ​ពេល​គេ​ស្រែក​អង្វរ​ព្រះ‌ករុណាហើយ​ព្រះ‌ករុណា​រំដោះ​ជន​ទុគ៌តដែល​គ្មាន​ទី​ពឹង។

13 ព្រះ‌ករុណា​អាណិត​អាសូរ​មនុស្ស​ទន់​ខ្សោយនិង​មនុស្ស​កំសត់​ទុគ៌តព្រះ‌ករុណា​សង្គ្រោះ​ជីវិត​មនុស្ស​ក្រីក្រ។

14 ព្រះ‌ករុណា​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុតពី​ការ​សង្កត់‌សង្កិន​របស់​មនុស្ស​ឃោរ‌ឃៅចំពោះ​ព្រះ‌ករុណាជីវិត​របស់​ពួក​គេ​មាន​តម្លៃ​ណាស់។

15 សូម​ឲ្យ​ព្រះ‌រាជា​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ!គេ​នឹង​យក​មាស​ពី​ស្រុក​សាបា​មក​ថ្វាយ​ព្រះ‌ករុណាគេ​នឹង​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​ព្រះ‌រាជាឥត​ឈប់​ឈរ ហើយ​រៀង​រាល់​ថ្ងៃគេ​នឹង​ថ្វាយ​ព្រះ‌ពរ​ដល់​ព្រះ‌រាជា។

16 នៅ​ក្នុង​ស្រុក សូម​ឲ្យ​មាន​ស្រូវ​យ៉ាង​បរិបូណ៌នៅ​តាម​កំពូល​ភ្នំ សូម​ឲ្យ​មាន​ភោគ‌ផល​ច្រើនដូច​នៅ​ស្រុក​លីបង់ ហើយ​នៅ​ក្នុង​ទីក្រុងសូម​ឲ្យ​ប្រជា‌ជន​កើន​ចំនួន​ឡើងដូច​ស្មៅ​នៅ​តាម​ទី​វាល។

17 សូម​ឲ្យ​ព្រះ‌រាជា​មាន​ព្រះ‌នាមល្បី‌ល្បាញ​រហូត​ត​ទៅគឺ​សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌ករុណានៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​ដូច​ព្រះ‌អាទិត្យ។សូម​ឲ្យ​មនុស្ស‌ម្នា​យក​ព្រះ‌នាម​ព្រះ‌ករុណាទៅ​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មកហើយ​ប្រជា‌ជាតិ​ទាំង​អស់​នឹង​ពោល​ថាព្រះ‌រាជា​ប្រកប​ដោយ​ព្រះ‌ពរ!

18 សូម​លើក​តម្កើង​ព្រះ‌ជា‌អម្ចាស់ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលដ្បិត​មាន​តែ​ព្រះ‌អង្គ​ទេដែល​សម្តែង​ការ​អស្ចារ្យ​ទាំង​នេះ!

19 សូម​លើក​តម្កើង​ព្រះ‌នាម​ដ៏​រុងរឿងរបស់​ព្រះ‌អង្គ​រហូត​ត​ទៅ!សូម​ឲ្យ​ផែនដី​ទាំង​មូល​បាន​ពោរ‌ពេញទៅ​ដោយ​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ!អាម៉ែន! អាម៉ែន!

20 ពាក្យ​អធិស្ឋាន​របស់​ស្ដេច​ដាវីឌជា​បុត្រ​របស់​លោក​អ៊ីសាយ ចប់​តែ​ត្រឹម​ណេះ។