ទំនុក‌តម្កើង 18 KHSV

ពាក្យ​អរ​ព្រះ‌គុណ​របស់​ស្ដេច​ដាវីឌ​នៅ​ពេល​មាន​ជ័យ‌ជំនះ

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង ទំនុក​របស់​ស្ដេច​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ ជា​ពាក្យ​ដែល​ស្ដេច​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​បាន​រំដោះ​ស្ដេច ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន និង​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេ

1 ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ឱ​ព្រះ‌អម្ចាស់​អើយទូលបង្គំ​ស្រឡាញ់​ព្រះ‌អង្គព្រោះ​ព្រះ‌អង្គ​ជា​កម្លាំង​របស់​ទូលបង្គំ!

2 ព្រះ‌អម្ចាស់​ជា​ថ្ម‌ដា​ការពារ​ទូលបង្គំជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ទូលបង្គំជា​ព្រះ​ដែល​ជួយ​រំដោះ​ទូលបង្គំព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូលបង្គំជា​ថ្ម‌ដា​សម្រាប់​ទូលបង្គំ​ពឹង​ជ្រក ព្រះ‌អង្គ​ជា​ខែលជា​កម្លាំង​ដែល​សង្គ្រោះ​ទូលបង្គំនិង​ជា​ជម្រក​ដ៏​មាំ‌មួន​របស់​ទូលបង្គំ។

3 ពេល​ខ្ញុំ​ស្រែក​រក​ព្រះ‌អង្គព្រះ‌អង្គ​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​របស់​ខ្ញុំសូម​លើក​តម្កើង​ព្រះ‌អម្ចាស់!។

4 សេចក្ដី​ស្លាប់​រួប​រឹត​ខ្ញុំរីឯ​សេចក្ដី​វិនាស​អន្តរាយធ្លាក់​មក​លើ​ខ្ញុំ ដូច​ទឹក​ហូរ​មក​យ៉ាង​ខ្លាំង។

5 សេចក្ដី​ស្លាប់​នៅ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំដូច​ជា​សំណាញ់​ដែល​គេ​បោះ​មក​លើ​ខ្ញុំ។

6 នៅ​ពេល​មាន​ទុក្ខ​វេទនា ខ្ញុំ​អង្វរ​រក​ព្រះ‌អម្ចាស់ខ្ញុំ​ស្រែក​ហៅ​រក​ព្រះ​របស់​ខ្ញុំពី​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គទ្រង់​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ខ្ញុំហើយ​ស្នូរ​សម្រែក​របស់​ខ្ញុំ​បាន​ឮ​ទៅ​ដល់ព្រះ‌កាណ៌​របស់​ព្រះ‌អង្គ។

7 ពេល​នោះ ផែនដី​ក៏​កក្រើក​ញាប់‌ញ័រភ្នំ​ទាំង‌ឡាយ​ត្រូវ​រង្គើ​រហូត​ដល់​គ្រឹះ​របស់​វាហើយ​កក្រើកដោយ‌សារ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ។

8 មាន​ផ្សែង​ហុយ​ចេញ​មក​ពី​ព្រះ‌នាសា​របស់​ព្រះ‌អង្គព្រះ‌អង្គ​ផ្លុំ​ភ្លើង​ដែល​ឆាប‌ឆេះ​ចេញ​មកហើយ​ក៏​មាន​រងើក​ភ្លើង​ខ្ទាត​ចេញ​មកពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ​ដែរ។

9 ព្រះ‌អង្គ​បាន​ផ្អៀង​ផ្ទៃ​មេឃ ទ្រង់​យាង​ចុះ​មកដោយ​មាន​ពពក​យ៉ាង​ក្រាស់នៅ​ពី​ក្រោម​ព្រះ‌បាទា​ផង។

10 ព្រះ‌អង្គ​យាង​គង់​លើ​ចេរូប៊ីន* ហើយ​ហោះ​មកព្រះ‌អង្គ​គង់​នៅ​លើ​វាយោដូច​គង់​នៅ​លើ​ស្លាប​បក្សី។

11 ព្រះ‌អង្គ​យក​ភាព​ងងឹត​ធ្វើ​ជា​កន្លែង​ពួនហើយ​យក​ពពក​ខ្មៅ​ក្រាស់​ពេញ​ទៅ​ដោយ​ទឹកធ្វើ​ជា​ព្រះ‌ពន្លា។

12 មាន​ផ្លេក​បន្ទោរ​ចេញ​មក​ពី​ពពកភ្លឺ​នៅ​ខាង​មុខ​ព្រះ‌អង្គហើយ​មាន​ព្រឹល និង​រងើក​ភ្លើង​ធ្លាក់​ចុះ​មក។

13 ព្រះ‌អម្ចាស់ធ្វើ​ឲ្យ​មាន​ស្នូរ​ផ្គរ‌លាន់​នៅ​លើ​មេឃព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បន្លឺ​ព្រះ‌សូរសៀង។

14 ព្រះ‌អង្គ​បាញ់​ព្រួញ​របស់​ព្រះ‌អង្គ​ទៅ​លើ​ខ្មាំង​សត្រូវដើម្បី​កំចាត់‌កំចាយ​ពួក​គេ។ព្រះ‌អង្គ​បាញ់​ផ្លេក​បន្ទោរធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព។

15 ឱ​ព្រះ‌អម្ចាស់​អើយព្រះ‌បន្ទូល​គំរាម​របស់​ព្រះ‌អង្គ និង​ខ្យល់​ព្យុះដែល​បក់​ចេញ​មក​ពី​ព្រះ‌នាសា​របស់​ព្រះ‌អង្គបាន​ធ្វើ​ឲ្យ​បាត​សមុទ្រ​លេច​ចេញ​មកហើយ​គ្រឹះ​របស់​ផែនដី​ក៏​លេច​មក​ដែរ។

16 ព្រះ‌អង្គ​បាន​លាត​ព្រះ‌ហស្ដ​ពី​ស្ថាន​លើ​មក​រក​ខ្ញុំព្រះ‌អង្គ​ស្រង់​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​ទឹក​សមុទ្រ

17 ព្រះ‌អង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពីខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែហើយ​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំព្រម​ទាំង​អស់​អ្នក​ដែល​មាន​កម្លាំងខ្លាំង​ជាង​ខ្ញុំ​ផង។

18 នៅ​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនាអ្នក​ទាំង​នោះ​នាំ​គ្នា​មក​វាយ​ប្រហារ​ខ្ញុំក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​ធ្វើ​ជា​បង្អែក​របស់​ខ្ញុំ។

19 ព្រះ‌អង្គ​បាន​នាំ​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់ព្រះ‌អង្គ​រំដោះ​ខ្ញុំ មក​ពី​ព្រះ‌អង្គ​ស្រឡាញ់​ខ្ញុំ។

20 ព្រះ‌អម្ចាស់​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំស្រប​តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំព្រះ‌អង្គ​តប​ស្នង​មក​ខ្ញុំ​វិញស្រប​តាម​អំពើ​បរិសុទ្ធ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ដែរ

21 ដ្បិត​ខ្ញុំ​បាន​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ហើយ​ខ្ញុំ​មិន​បាន​ឃ្លាត​ចេញ​ពី​ព្រះ​របស់​ខ្ញុំដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ​ឡើយ។

22 ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ​ទាំង​ប៉ុន្មានរបស់​ព្រះ‌អង្គ ខ្ញុំ​មិន​បាន​បំពាន​លើ​បញ្ញត្តិរបស់​ព្រះ‌អង្គ​ទេ។

23 ព្រះ‌អង្គ​ជ្រាប​ថា​ខ្ញុំ​គ្មាន​សៅ‌ហ្មងហើយ​ខ្ញុំ​បាន​ប្រយ័ត្ន​ខ្លួនមិន​ឲ្យ​មាន​កំហុស​ឡើយ។

24 ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ដល់​ខ្ញុំស្រប​តាម​អំពើ​សុចរិត​ដែល​ខ្ញុំ​បាន​ប្រព្រឹត្តព្រោះ​ព្រះ‌អង្គ​ឈ្វេង​យល់​ថាខ្ញុំ​ប្រព្រឹត្តអំពើ​បរិសុទ្ធ។

25 ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ចំពោះ​អ្នកដែល​មាន​ចិត្ត​ស្មោះ​ត្រង់ព្រះ‌អង្គ​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ‌សរចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ‌សរ។

26 ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធព្រះ‌អង្គ​ក៏​សម្តែង​ថា ព្រះ‌អង្គ​បរិសុទ្ធ​ដែរចំពោះ​អ្នក​ដែល​មាន​ចិត្ត​វៀច‌វេរ​វិញព្រះ‌អង្គ​សម្តែង​ថា​ព្រះ‌អង្គ​ឈ្លាស‌វៃ

27 ដ្បិត​ព្រះ‌អង្គ​ហើយ​ដែល​សង្គ្រោះ​មនុស្ស​ទន់‌ទាបនិង​បន្ទាប​អស់​អ្នក​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ។

28 ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយព្រះ‌អង្គ​ជា​ពន្លឺ​របស់​ទូលបង្គំហើយ​ព្រះ‌អង្គ​ក៏​បំភ្លឺ​សេចក្ដី​ងងឹតរបស់​ទូលបង្គំ​ដែរ។

29 ព្រះ‌អង្គ​ប្រទាន​កម្លាំង​ឲ្យ​ទូលបង្គំវាយ​លុក​ខ្មាំង​សត្រូវនិង​ឲ្យ​ទូលបង្គំ​អាច​លោត​រំលង​កំពែងក្រុង​របស់​ពួក​គេ។

30 មាគ៌ា​របស់​ព្រះ‌ជាម្ចាស់​សុទ្ធ​តែ​ល្អ​ឥត​ខ្ចោះព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អម្ចាស់​ពិត​ទាំង​ស្រុងព្រះ‌អង្គ​ជា​ខែល​ការពារ​អស់​អ្នកដែល​មក​ជ្រក​កោន​ជា​មួយ​ព្រះ‌អង្គ។

31 មាន​តែ​ព្រះ‌អម្ចាស់​មួយ​គត់ដែល​ពិត​ជា​ព្រះ‌ជាម្ចាស់មាន​តែ​ព្រះ​របស់​យើង​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះដែល​ពិត​ជា​ថ្ម‌ដា​សម្រាប់​ឲ្យ​យើង​ជ្រក​កោន។

32 ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំងនិង​ប្រទាន​ឲ្យ​មាគ៌ា​របស់​ខ្ញុំ​បាន​ល្អ​ឥត​ខ្ចោះ។

33 ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំរត់​លឿន​ដូច​សត្វ​ក្ដាន់ហើយ​ឲ្យ​ខ្ញុំ​អាច​ឈរ​នៅ​ទី​ខ្ពស់។

34 ព្រះ‌អង្គ​បង្ហាត់​ខ្ញុំ​ឲ្យ​ស្ទាត់​ជំនាញ​ខាង​ធ្វើ​សឹកនិង​ឲ្យ​ខ្ញុំ​មាន​កម្លាំង​យឹត​ធ្នូ​លង្ហិន​បាន។

35 ឱ​ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​ការពារ និង​សង្គ្រោះ​ទូលបង្គំព្រះ‌អង្គ​គាំទ្រ​ទូលបង្គំដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គហើយ​ព្រះ‌អង្គ​លើក​ទូលបង្គំ​ឡើងដោយ​ព្រះ‌ហឫទ័យ​មេត្តា។

36 ព្រះ‌អង្គ​ការពារ​ទូលបង្គំមិន​ឲ្យ​ខ្មាំង​សត្រូវ​ដេញ​ទាន់មិន​ឲ្យ​ទូលបង្គំ​ភ្លាត់​ជើង​ដួល​ឡើយ។

37 ទូលបង្គំ​ដេញ​តាម​ពួក​ខ្មាំង​សត្រូវនិង​ចាប់​ពួក​គេ​បានហើយ​ទូលបង្គំ​មិន​ត្រឡប់​មក​វិញ​ទេដរាប​ទាល់​តែ​បាន​កម្ទេច​ពួក​គេ​អស់។

38 ទូលបង្គំ​កាប់​សម្លាប់​ពួក​គេមិន​ឲ្យ​ពួក​គេ​ក្រោក​ឡើង​វិញ​បាន​ឡើយពួក​គេ​ដួល​ស្លាប់​នៅ​នឹង​ជើង​របស់​ទូលបង្គំ។

39 ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​កម្លាំងនឹង​ធ្វើ​សឹក និង​មាន​ជ័យ‌ជំនះ​លើ​ខ្មាំង​សត្រូវ។

40 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ពរត់​នៅ​មុខ​ទូលបង្គំហើយ​ទូលបង្គំ​បាន​ធ្វើ​ឲ្យ​អស់​អ្នកដែល​ស្អប់​ទូលបង្គំ​វិនាស​សូន្យ​អស់​ទៅ។

41 គេ​នាំ​គ្នា​ស្រែក​រក​ជំនួយតែ​គ្មាន​នរណា​ជួយ​ពួក​គេ​សោះគេ​ស្រែក​ហៅ​ព្រះ‌អម្ចាស់តែ​ព្រះ‌អង្គ​មិន​ឆ្លើយ​តប​នឹង​ពួក​គេ​ឡើយ។

42 ទូលបង្គំ​បាន​កម្ទេច​ពួក​គេ​ឲ្យ​ហ្មត់ដូច​ធូលី​ដី​ដែល​ត្រូវ​ខ្យល់​ផាត់ទូលបង្គំ​បាន​បោស​ពួក​គេដូច​ភក់​ជ្រាំ​នៅ​តាម​ផ្លូវ។

43 ព្រះ‌អង្គ​បាន​រំដោះ​ទូលបង្គំ​ឲ្យ​រួចពី​ការ​បះ‌បោរ​របស់​ប្រជា‌ជនហើយ​តែង‌តាំង​ទូលបង្គំឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រជា‌ជាតិ​នានាប្រជា‌ជន​មួយ​ដែល​ទូលបង្គំ​មិន​ស្គាល់បាន​មក​ចុះ​ចូល​នឹង​ទូលបង្គំ។

44 ជន​បរទេស​នាំ​គ្នា​ស្ដាប់​បង្គាប់​ទូលបង្គំហើយ​ពេល​ទូលបង្គំ​និយាយ​តែ​មួយ​ម៉ាត់គេ​ក៏​ធ្វើ​តាម​ភ្លាម។

45 ជន​បរទេស​បាក់​ទឹក​ចិត្តហើយ​ចេញ​ពី​ទី​ជម្រក​របស់​គេ​មកទាំង​ភ័យ​ញាប់‌ញ័រ។

46 ជយោ​ព្រះ‌អម្ចាស់! សូម​សរសើរ​តម្កើង​ព្រះ‌អង្គដែល​ជា​ថ្ម‌ដា​របស់​ទូលបង្គំ!សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ដែល​បាន​សង្គ្រោះ​ទូលបង្គំ!

47 ដ្បិត​ព្រះ‌អង្គ​បាន​ឲ្យ​ទូលបង្គំមាន​ជ័យ‌ជំនះ​លើ​ខ្មាំង​សត្រូវព្រះ‌អង្គ​បាន​បង្ក្រាប​ប្រជា‌ជន​នានាឲ្យ​មក​ចុះ​ចូល​នឹង​ទូលបង្គំ

48 ហើយ​ព្រះ‌អង្គ​បាន​ប្រោស​ទូលបង្គំឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ!។ព្រះ‌អង្គ​បាន​លើក​ទូលបង្គំ​ឡើង​ខ្ពស់ជាង​បច្ចា‌មិត្ត​របស់​ទូលបង្គំនិង​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពីមនុស្ស​ឃោរ‌ឃៅ។

49 ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​សរសើរតម្កើង​ព្រះ‌អង្គ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានាឱ​ព្រះ‌អម្ចាស់​អើយ!ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះ‌នាមរបស់​ព្រះ‌អង្គ។

50 ព្រះ‌អង្គ​បាន​ធ្វើ​ការ​អស្ចារ្យដើម្បី​សង្គ្រោះ​ស្ដេច​ដែល​ព្រះ‌អង្គ​បាន​តែង‌តាំងព្រះ‌អង្គ​បាន​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ចំពោះ​ស្ដេច​ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិ‌សេកគឺ​ចំពោះ​ស្ដេច​ដាវីឌនិង​ពូជ‌ពង្ស​រៀង​រហូត​ត​ទៅ។