ទំនុក‌តម្កើង 36 KHSV

យើង​ខ្ញុំ​មក​ជ្រក​កោន​ក្រោម​ម្លប់​ព្រះ‌បារមី​របស់​ព្រះ‌អង្គ

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់។

1 ខ្ញុំ​នឹក​ឃើញ​ពាក្យ​របស់​ជន​ពាលដែល​និយាយ​ក្នុង​ពេល​បះ‌បោរ​ថាមិន​បាច់​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ទេ។

2 គេ​បញ្ចើច‌បញ្ចើ​លើក​តម្កើង​ខ្លួន​ឯង​ខ្លាំង​ពេករហូត​មិន​អាច​ទទួល​ស្គាល់​ថា ខ្លួន​មាន​កំហុសគួរ​ឲ្យ​ស្អប់​នោះ​ឡើយ។

3 គេ​ពោល​សុទ្ធ​តែ​ពាក្យ​កុហក​បោក​ប្រាស់គឺ​គេ​លែង​ស្គាល់​ខុស​ស្គាល់​ត្រូវ​ទៀត​ហើយ។

4 សូម្បី​តែ​នៅ​ពេល​ដេកក៏​គេ​គិត​ពី​គម្រោង‌ការ​ធ្វើ​អំពើ​អាក្រក់​ដែរគេ​មានះ​ដើរ​នៅ​ក្នុង​ផ្លូវ​មិន​ល្អគឺ​គេ​មិន​ព្រម​បោះ​បង់​អំពើ​អាក្រក់​សោះ​ឡើយ។

5 ឱ​ព្រះ‌អម្ចាស់​អើយ!ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គខ្ពស់​ដល់​អាកាស‌វេហាស៍។

6 ព្រះ‌ហឫទ័យ​សុចរិត​របស់​ព្រះ‌អង្គមាន​កំពស់​ដូច​ភ្នំ​ដ៏​ខ្ពស់​បំផុតព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ជ្រៅ​ដូច​មហា‌សាគរ។ឱ​ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​សង្គ្រោះ​ទាំង​មនុស្ស​លោកទាំង​សត្វ​តិរច្ឆាន!។

7 ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះ‌ហឫទ័យ​មេត្តា‌ករុណារបស់​ព្រះ‌អង្គ មាន​តម្លៃ​ដ៏​លើស‌លប់​បំផុត!មនុស្ស​លោក​មក​ជ្រក​កោន​ក្រោម​ម្លប់​ព្រះ‌បារមីរបស់​ព្រះ‌អង្គដូច​កូន​សត្វ​ជ្រក​កោន​ក្រោម​ស្លាប​មេ​វា។

8 ព្រះ‌អង្គ​ប្រទាន​អាហារ​យ៉ាង​បរិបូណ៌ឲ្យ​មនុស្ស​លោក​នៅ​ក្នុងព្រះ‌ដំណាក់​របស់​ព្រះ‌អង្គហើយ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​មានអំណរ​សប្បាយ​ដ៏​ហូរ‌ហៀរ​ដូច​ទឹក​ទន្លេ។

9 ដ្បិត​ព្រះ‌អង្គ​ជា​ប្រភព​នៃ​ជីវិតហើយ​យើង​ខ្ញុំ​មើល​ឃើញ​ពន្លឺដោយ‌សារ​ពន្លឺ​របស់​ព្រះ‌អង្គ។

10 សូម​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណាចំពោះ​អស់​អ្នក​ដែល​ស្គាល់​ព្រះ‌អង្គ​ត​ទៅ​ទៀតហើយ​សម្តែង​ព្រះ‌ហឫទ័យ​សុចរិតចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់។

11 សូម​កុំ​ឲ្យ​មនុស្ស​ព្រហើន​កោង​កាចមក​វាយ​ប្រហារ​ទូលបង្គំ​បាន​ឡើយហើយ​ក៏​កុំ​ឲ្យ​មនុស្ស​ពាលមក​បណ្តេញ​ទូលបង្គំ​បាន​ដែរ!

12 មនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិតនឹង​ត្រូវ​បរា‌ជ័យ​នៅ​ទី​នេះ ពួក​គេ​ត្រូវ​ដួលហើយ​ងើប​ឡើង​វិញ​ពុំ​រួច​ឡើយ។