ទំនុក‌តម្កើង 79 KHSV

ឱ​ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង!

ទំនុក​របស់​លោក​អេសាភ។

1 ឱ​ព្រះ‌ជាម្ចាស់​អើយប្រជា‌ជាតិ​នានា​បាន​ឈ្លាន‌ពានទឹក​ដី​របស់​ព្រះ‌អង្គពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌វិហារដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​ទៅ​ជា​សៅ‌ហ្មងពួក​គេ​បាន​កម្ទេច​ក្រុង​យេរូ‌សាឡឹម។

2 ពួក​គេ​បាន​បោះ​សាក‌សព​អ្នក​បម្រើ​របស់​ព្រះ‌អង្គទៅ​ឲ្យ​ត្មាត​ស៊ីយក​សាក‌សព​អ្នក​ជឿ​ព្រះ‌អង្គទៅ​ឲ្យ​សត្វ​តិរច្ឆាន​ធ្វើ​ជា​ចំណី។

3 ពួក​គេ​បាន​បង្ហូរ​ឈាម​ប្រជា‌ជននៅ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម​ឲ្យ​ហូរ​ដូច​ទឹកហើយ​គ្មាន​នរណា​បញ្ចុះ​សពប្រជា‌ជន​ទាំង​នោះ​ទេ។

4 អ្នក​ស្រុក​ជិត​ខាង​នាំ​គ្នា​ជេរ​ប្រមាថ​យើង​ខ្ញុំអ្នក​នៅ​ជុំ‌វិញ​យើង​ខ្ញុំ នាំ​គ្នា​ចំអក​ឡក‌ឡឺយយក​រឿង​យើង​ខ្ញុំ​ទៅ​លេង​សើច។

5 ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធនឹង​យើង​ខ្ញុំ​ដូច្នេះ រហូត​ដល់​កាល​ណា?តើ​ព្រះ‌អង្គ​នៅ​តែ​មាន​ព្រះ‌ហឫទ័យក្ដៅ​ឆេះ‌ឆួល​នឹង​យើង​ខ្ញុំ​ដល់​កាល​ណា​ទៀត?

6 គួរ​តែ​ព្រះ‌អង្គ​ជះ​ព្រះ‌ពិរោធទៅ​លើ​ប្រជា‌ជាតិ​ដែល​ពុំ​ស្គាល់​ព្រះ‌អង្គនិង​នគរ​នានា​ដែល​មិន​គោរព​បម្រើ​ព្រះ‌នាមព្រះ‌អង្គ​នោះ​វិញ។

7 ដ្បិត​ពួក​គេ​បាន​សម្លាប់​រង្គាល​ពូជ‌ពង្សរបស់​លោក​យ៉ាកុបព្រម​ទាំង​បំផ្លាញ​ស្រុក​ទេស​របស់​លោក​ផង។

8 សូម​កុំ​ដាក់​ទោស​យើង​ខ្ញុំ ព្រោះ​តែ​បុព្វបុរសរបស់​យើង​ខ្ញុំ​បាន​ធ្វើ​ខុស​នោះ​ឡើយផ្ទុយ​ទៅ​វិញ សូម​ប្រញាប់​សម្តែង​ព្រះ‌ហឫទ័យអាណិត‌អាសូរ​យើង​ខ្ញុំ​ផង!ដ្បិត​យើង​ខ្ញុំ​កំពុង​តែ​លិច​លង់។

9 ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង​ខ្ញុំ​អើយសូម​យាង​មក​ជួយ​យើង​ខ្ញុំ ដោយ​យល់​ដល់សិរី‌រុងរឿង​នៃ​ព្រះ‌នាម​របស់​ព្រះ‌អង្គសូម​រំដោះ​យើង​ខ្ញុំនិង​លើក‌លែង​ទោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​បាបដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។

10 ហេតុ​អ្វី​បាន​ជា​បណ្ដោយ​ឲ្យ​ប្រជា‌ជាតិ​នានាពោល​ថា «ព្រះ​របស់​គេ​នៅ​ឯ​ណា?»ព្រះ‌អង្គ​អើយ សូម​ឲ្យ​ប្រជា‌ជាតិទាំង‌ឡាយ​បាន​ដឹង​នៅ​ចំពោះ​មុខ​យើង​ខ្ញុំ​ថាព្រះ‌អង្គ​នឹង​ដាក់​ទោស​ពួក​គេព្រោះ​គេ​បាន​បង្ហូរ​ឈាម​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

11 សូម​ស្ដាប់​សំឡេង​ថ្ងូរ​របស់​ពួក​អ្នក​ទោសហើយ​ដោយ​ព្រះ‌អង្គ​មាន​ឫទ្ធា‌នុភាពសូម​រំដោះ​អ្នក​ដែល​មាន​ទោសដល់​ជីវិត​ទាំង​នោះ​ផង។

12 ព្រះ‌អម្ចាស់​អើយ ប្រជា‌ជាតិ​ជិត​ខាងបាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​បាត់​បង់​កិត្តិយសដូច្នេះ សូម​ធ្វើ​ឲ្យ​គេ​បាត់​បង់​កិត្តិយស​វិញមួយ​ជា​ប្រាំ‌ពីរ។

13 រីឯ​យើង​ខ្ញុំ​ដែល​ជា​ប្រជា‌រាស្ត្រនិង​ជា​ហ្វូង​ចៀម​របស់​ព្រះ‌អង្គនឹង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា‌និច្ចយើង​ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គអស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។