1 ឱព្រះជាម្ចាស់អើយយើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គនៅក្រុងស៊ីយ៉ូនហើយថ្វាយតង្វាយ តាមពាក្យដែលយើងខ្ញុំបានសន្យាចំពោះព្រះអង្គ។
2 ព្រះអង្គតែងតែស្ដាប់ពាក្យទូលអង្វររបស់មនុស្សលោកជានិច្ចពួកគេនឹងមករកព្រះអង្គទាំងអស់គ្នា។
3 កំហុសរបស់ទូលបង្គំធ្ងន់ធ្ងរណាស់មានតែព្រះអង្គទេដែលលើកលែងទោសឲ្យយើងខ្ញុំបាន។
4 មានសុភមង្គលហើយអស់អ្នកដែលព្រះអង្គជ្រើសរើសហើយនាំចូលមករស់នៅក្នុងទីសក្ការៈរបស់ព្រះអង្គ។យើងខ្ញុំនឹងស្កប់ចិត្តដោយបានទទួលព្រះពរនៅក្នុងព្រះដំណាក់របស់ព្រះអង្គគឺនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ។
5 ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះយើងខ្ញុំអើយព្រះអង្គប្រកបដោយសេចក្ដីសុចរិតព្រះអង្គបានឆ្លើយតបមកយើងខ្ញុំដោយសម្តែងឫទ្ធិបារមីគួរឲ្យស្ញែងខ្លាចប្រជាជននានាដែលរស់នៅទីឆ្ងាយដាច់ស្រយាលនៃផែនដី និងនៅខាងនាយសមុទ្រនឹងនាំគ្នាផ្ញើជីវិតលើព្រះអង្គ!
6 ព្រះអង្គបានពង្រឹងភ្នំទាំងឡាយឲ្យរឹងមាំដោយសារព្រះចេស្ដារបស់ព្រះអង្គព្រះអង្គប្រកបទៅដោយឫទ្ធានុភាព។
7 ព្រះអង្គបានធ្វើឲ្យសន្ធឹករលកសមុទ្រដ៏គគ្រឹកគគ្រេងបានស្ងប់ឈឹងព្រះអង្គក៏បានធ្វើឲ្យសំឡេងដ៏អឺងកងរបស់ប្រជាជនទាំងឡាយបានស្ងប់ស្ងៀមដែរ។
8 អស់អ្នកដែលរស់នៅទីដាច់ស្រយាលនៃផែនដីនឹងនាំគ្នាស្ញែងខ្លាចដោយឃើញទីសម្គាល់ដ៏អស្ចារ្យរបស់ព្រះអង្គព្រះអង្គបានធ្វើឲ្យប្រជាជនដែលរស់នៅទិសខាងកើត និងទិសខាងលិចមានអំណរសប្បាយដ៏លើសលប់។
9 ព្រះអង្គថែទាំផែនដីដោយប្រទានឲ្យផែនដីមានទឹកដ៏បរិបូណ៌ព្រះអង្គប្រទានឲ្យផែនដីមានភោគផលដ៏សម្បូណ៌ហូរហៀរជ្រលងដងអូរបស់ព្រះអង្គមានពោរពេញទៅដោយទឹកព្រះអង្គប្រទានស្រូវឲ្យមនុស្សលោកដោយរៀបចំដូចតទៅនេះ
10 គឺព្រះអង្គស្រោចស្រពស្រែចម្ការព្រះអង្គធ្វើឲ្យដីដាំដំណាំបានរាបស្មើព្រះអង្គបានធ្វើឲ្យទឹកភ្លៀងដក់នៅតាមវាលស្រែហើយព្រះអង្គប្រទានពរឲ្យគ្រាប់ពូជទាំងឡាយដុះឡើង។
11 នៅរដូវចម្រូត ព្រះអង្គប្រទានស្រូវដែលជាព្រះអំណោយទានដ៏សប្បុរសបំផុត។ទីណាដែលព្រះអង្គយាងទៅទីនោះមានភោគផលដ៏ហូរហៀរ។
12 រីឯនៅវាលរហោស្ថាន ក៏មានស្មៅដ៏បរិបូណ៌ហើយនៅតាមភ្នំនានាក៏មានពោរពេញទៅដោយអំណរដែរ។
13 វាលស្មៅពោរពេញទៅដោយហ្វូងចៀមជ្រលងភ្នំពោរពេញទៅដោយស្រូវអ្វីៗសព្វសារពើបន្លឺសំឡេងច្រៀងឡើងដោយអំណរដ៏លើសលប់!។