ទំនុក‌តម្កើង 145 KHSV

ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច

ពាក្យ​សរសើរ​តម្កើង។ ទំនុក​របស់​ស្ដេច​ដាវីឌ។

1 ឱ​ព្រះ​នៃ​ទូលបង្គំឱ​ព្រះ‌មហា‌ក្សត្រ​នៃ​ទូលបង្គំ​អើយទូលបង្គំ​សូម​លើក​តម្កើង​ព្រះ‌អង្គ!ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌នាមរបស់​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!

2 ទូលបង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃទូលបង្គំ​កោត​សរសើរ​ព្រះ‌នាមរបស់​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!

3 ព្រះ‌អម្ចាស់​ប្រសើរ​ឧត្ដម ដែល​យើង​ត្រូវ​តែសរសើរ​តម្កើង​យ៉ាង​ខ្ពង់‌ខ្ពស់​បំផុត។ព្រះ‌អង្គ​ឧត្ដុង្គ‌ឧត្ដម​រក​អ្វី​ប្រៀប​ផ្ទឹម​ស្មើ​ពុំ​បាន។

4 សូម​ឲ្យ​មនុស្ស​នៅ​គ្រប់​ជំនាន់លើក​តម្កើង​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គសូម​ឲ្យ​គេ​រៀប​រាប់​អំពី​កិច្ចការ​ដ៏​អស្ចារ្យដែល​ព្រះ‌អង្គ​បាន​ធ្វើ

5 ព្រម​ទាំង​រៀប​រាប់​ពី​ភាព​ថ្កុំ‌ថ្កើង​នៃ​សិរី‌រុងរឿងរបស់​ព្រះ‌អង្គ​ផង។ទូលបង្គំ​នឹង​សញ្ជឹង​គិត​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យរបស់​ព្រះ‌អង្គ។

6 គេ​នឹង​រៀប​រាប់​អំពី​ឫទ្ធា‌នុភាពដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​ព្រះ‌អង្គហើយ​ទូលបង្គំ​ក៏​នឹង​ថ្លែង​អំពី​ភាព​ឧត្តុង្គ‌ឧត្ដមរបស់​ព្រះ‌អង្គ​ដែរ។

7 គេ​នឹង​រំឭក​ឡើង​វិញ​នូវ​ព្រះ‌ហឫទ័យ​សប្បុរសដ៏​លើស‌លប់​របស់​ព្រះ‌អង្គគេ​នឹង​ប្រកាស​អំពី​សេចក្ដី​សុចរិតរបស់​ព្រះ‌អង្គ​ដោយ​អំណរ។

8 ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ហឫទ័យប្រណី‌សន្ដោស និង​អាណិត‌អាសូរព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ហើយ​ពោរ‌ពេញ​ទៅ​ដោយព្រះ‌ហឫទ័យ​មេត្តា‌ករុណា។

9 ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរសចំពោះ​មនុស្ស​ទាំង​អស់ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរដល់​សត្វ​លោក​ទាំង​អស់ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។

10 ឱ​ព្រះ‌អម្ចាស់​អើយ សត្វ​លោក​ដែល​ព្រះ‌អង្គបាន​បង្កើត​មក នឹង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គហើយ​ប្រជា‌ជន​របស់​ព្រះ‌អង្គក៏​នឹង​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អង្គ​ដែរ។

11 គេ​នឹង​រៀប​រាប់​អំពី​ព្រះ‌រាជ្យដ៏​រុងរឿង​របស់​ព្រះ‌អង្គគេ​នឹង​ថ្លែង​អំពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ

12 ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ដឹងពី​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គនិង​សិរី‌រុងរឿង​ដ៏​ភ្លឺ​ចិញ្ចែង‌ចិញ្ចាចនៃ​ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ

13 ព្រះ‌អង្គ​គ្រង​រាជ្យ​គ្រប់​ជំនាន់​ទាំង​អស់ព្រះ‌អង្គ​ជា​ព្រះ‌មហា‌ក្សត្រអស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ព្រះ‌អម្ចាស់​តែង​គោរព​តាម​ព្រះ‌បន្ទូលសន្យា​របស់​ព្រះ‌អង្គ​ជា‌និច្ចហើយ​អ្វីៗ​ដែល​ព្រះ‌អង្គ​ប្រព្រឹត្តសុទ្ធ​តែ​ផុស​ចេញ​ពី​ព្រះ‌ហឫទ័យ​សប្បុរស។

14 ព្រះ‌អម្ចាស់​ជួយ​គាំទ្រ​អស់​អ្នក​ដែល​ជំពប់​ដួលព្រះ‌អង្គ​លើក​អ្នក​ដែល​អស់​សង្ឃឹមឲ្យ​ងើប​ឡើង​វិញ។

15 ព្រះ‌អម្ចាស់​អើយ សត្វ​លោក​ទាំង​អស់ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ ដោយ​ចិត្ត​សង្ឃឹមដ្បិត​ព្រះ‌អង្គ​ប្រទាន​អាហារ​ឲ្យ​គេតាម​ពេល​កំណត់។

16 ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ទូលាយព្រះ‌អង្គ​ប្រទាន​ឲ្យ​គេបាន​ឆ្អែត​តាម​បំណង​របស់​គេ។

17 ព្រះ‌អម្ចាស់​ធ្វើ​គ្រប់​កិច្ចការដោយ​ព្រះ‌ហឫទ័យ​សុចរិតហើយ​ព្រះ‌អង្គ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាក្នុង​គ្រប់​កិច្ចការ​ដែល​ព្រះ‌អង្គ​ធ្វើ។

18 ព្រះ‌អម្ចាស់​គង់​នៅ​ជិត​អស់​អ្នក​ដែល​អង្វរ​ព្រះ‌អង្គគឺ​អស់​អ្នក​ដែល​អង្វរ​ព្រះ‌អង្គ​ដោយ​សុទ្ធ​ចិត្ត។

19 ព្រះ‌អង្គ​សម្រេច​តាម​ចិត្ត​ប៉ង‌ប្រាថ្នារបស់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សម្រែកទូល‌អង្វរ​របស់​គេ ហើយ​សង្គ្រោះ​គេ។

20 ព្រះ‌អម្ចាស់​ការពារ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គតែ​ព្រះ‌អង្គ​បំផ្លាញ​មនុស្ស​អាក្រក់​វិញ។

21 ខ្ញុំ​សូម​ថ្លែង​ពាក្យ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់សូម​ឲ្យ​សត្វ​លោក​ទាំង​អស់​លើក​តម្កើងព្រះ‌នាម​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គរហូត​ដល់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!