1 ខ្ញុំនឹងច្រៀងសរសើរព្រះហឫទ័យមេត្តាករុណារបស់ព្រះអម្ចាស់រហូតតទៅ។ខ្ញុំនឹងប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។
2 ខ្ញុំដឹងថាព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ចហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គនៅស្ថិតស្ថេររឹងប៉ឹងដូចផ្ទៃមេឃ។
3 ព្រះអម្ចាស់មានព្រះបន្ទូលថា«យើងបានចងសម្ពន្ធមេត្រីជាមួយអ្នកដែលយើងបានជ្រើសរើសយើងបានចុះខសន្យាជាមួយដាវីឌជាអ្នកបម្រើរបស់យើងថា:
4 យើងនឹងតែងតាំងពូជពង្សអ្នកឲ្យគ្រងរាជ្យរហូតតទៅយើងនឹងពង្រឹងរាជ្យរបស់អ្នកឲ្យនៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ!»។
5 ព្រះអម្ចាស់អើយ សូមឲ្យផ្ទៃមេឃសរសើរតម្កើងស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គសូមឲ្យអង្គប្រជុំដ៏វិសុទ្ធច្រៀងសរសើរព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។
6 នៅលើមេឃ គ្មាននរណាម្នាក់អាចផ្ទឹមស្មើនឹងព្រះអង្គបានឡើយក្នុងចំណោមពពួកទេវតា ក៏គ្មាននរណាអាចប្រៀបប្រដូចនឹងព្រះអង្គបានដែរ។
7 អស់អ្នកដែលស្ថិតនៅក្នុងអង្គប្រជុំដ៏វិសុទ្ធនាំគ្នាស្ញែងខ្លាចព្រះអង្គហើយអស់អ្នកដែលនៅជុំវិញព្រះអង្គក៏កោតស្ញប់ស្ញែងព្រះអង្គដែរ។
8 ឱព្រះអម្ចាស់ ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយគ្មាននរណាមានឫទ្ធានុភាពដូចព្រះអង្គឡើយ!ព្រះអង្គប្រកបទៅដោយព្រះហឫទ័យស្មោះស្ម័គ្រ។
9 ព្រះអង្គបង្ក្រាបអំនួតរបស់សមុទ្រនៅពេលរលកសមុទ្រកក្រើកឡើងព្រះអង្គបានធ្វើឲ្យស្ងប់ទៅវិញ។
10 ព្រះអង្គបានជាន់ និងសម្លាប់នាគរាជព្រះអង្គបានកំចាត់កំចាយខ្មាំងសត្រូវដោយសារឫទ្ធិបារមីដ៏ខ្លាំងក្លារបស់ព្រះអង្គ។
11 មេឃ និងផែនដីជាកម្មសិទ្ធិរបស់ព្រះអង្គព្រះអង្គបានបង្កើតពិភពលោក និងអ្វីៗទាំងអស់ដែលស្ថិតនៅក្នុងពិភពលោកនេះ។
12 ព្រះអង្គបានបង្កើតទិសខាងជើងនិងទិសខាងត្បូងភ្នំតាបោរ និងភ្នំហ៊ើរម៉ូនសរសើរតម្កើងព្រះនាមព្រះអង្គ។
13 ព្រះអង្គប្រកបដោយព្រះចេស្ដាដ៏ខ្លាំងក្លាព្រះអង្គមានឫទ្ធានុភាពនិងឫទ្ធិបារមីដ៏ខ្ពង់ខ្ពស់បំផុត។
14 ព្រះអង្គគ្រងរាជ្យដោយសុចរិត យុត្តិធម៌អ្វីៗដែលព្រះអង្គធ្វើសុទ្ធតែបង្ហាញអំពីព្រះហឫទ័យមេត្តាករុណានិងព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។
15 ព្រះអម្ចាស់អើយប្រជាជនណាលើកតម្កើងព្រះអង្គព្រមទាំងរស់នៅក្រោមពន្លឺដ៏សប្បុរសរបស់ព្រះអង្គប្រជាជននោះមានសុភមង្គលហើយ!
16 រៀងរាល់ថ្ងៃ គេនឹងបានសប្បាយរីករាយដោយសារព្រះនាមព្រះអង្គហើយគេនឹងបានខ្ពស់មុខដោយសារសេចក្ដីសុចរិតរបស់ព្រះអង្គ
17 ដ្បិតព្រះអង្គប្រទានឲ្យគេមានសិរីជោគជ័យ។យើងខ្ញុំបានថ្កុំថ្កើងដោយសារព្រះអង្គប្រោសប្រទានឲ្យ។
18 ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលបានជ្រើសរើសព្រះរាជាឲ្យធ្វើជាខែលការពារយើងខ្ញុំ។
19 នៅថ្ងៃមួយ ព្រះអង្គមានព្រះបន្ទូលមកកាន់ប្រជារាស្ត្រដ៏ស្មោះត្រង់របស់ព្រះអង្គតាមការនិមិត្តឃើញមួយថា:«យើងបានជួយគាំទ្រអ្នកចំបាំងមួយរូបដ៏ចំណានយើងបានលើកតម្កើងយុវជនមួយរូបក្នុងចំណោមប្រជាជន
20 គឺយើងរកបានដាវីឌជាអ្នកបម្រើរបស់យើងយើងបានចាក់ប្រេងអភិសេកគេដោយប្រេងដ៏វិសុទ្ធរបស់យើង
21 កម្លាំងរបស់យើងនឹងជួយជ្រោមជ្រែងគេឫទ្ធិបារមីរបស់យើងនឹងធ្វើឲ្យគេបានខ្លាំងពូកែ។
22 ខ្មាំងសត្រូវពុំអាចមានប្រៀបលើគេមនុស្សទុច្ចរិតពុំអាចបំបាក់មុខគេបានឡើយ។
23 យើងនឹងកម្ទេចបច្ចាមិត្តនៅមុខគេយើងនឹងប្រហារអស់អ្នកដែលស្អប់គេ។
24 យើងនឹងសម្តែងចិត្តស្មោះត្រង់និងចិត្តមេត្តាករុណាចំពោះគេជានិច្ចគេនឹងបានថ្កុំថ្កើងឡើងដោយសារនាមរបស់យើង។
25 យើងនឹងឲ្យគេមានអំណាចគ្រប់គ្រងលើសមុទ្រ និងលើទន្លេនានា។
26 ពេលនោះ ដាវីឌនឹងហៅយើងថា“ព្រះអង្គជាព្រះបិតា និងជាព្រះនៃទូលបង្គំព្រះអង្គជួយការពារ និងសង្គ្រោះទូលបង្គំ!”។
27 រីឯយើងវិញ យើងនឹងធ្វើឲ្យដាវីឌបានទៅជាបុត្រច្បងរបស់យើងជាស្ដេចដ៏ធំជាងគេទាំងអស់នៅលើផែនដី។
28 យើងនឹងសម្តែងចិត្តមេត្តាករុណាចំពោះគេជានិច្ចហើយយើងនឹងរក្សាសម្ពន្ធមេត្រី ដែលយើងចងជាមួយគេដោយមិនប្រែប្រួលឡើយ។
29 យើងនឹងធ្វើឲ្យពូជពង្សរបស់គេនៅស្ថិតស្ថេររហូតតទៅហើយរាជ្យរបស់គេនឹងគង់វង្សនៅជាយូរអង្វែងដូចផ្ទៃមេឃដែរ។
30 ប្រសិនបើកូនចៅរបស់ដាវីឌបោះបង់ចោលក្រឹត្យវិន័យរបស់យើងហើយលែងដើរតាមវិន័យរបស់យើង
31 ប្រសិនបើពួកគេបំពានលើបញ្ញត្តិរបស់យើងហើយលែងប្រតិបត្តិតាមបទបញ្ជារបស់យើងទៀតនោះ
32 យើងនឹងវាយប្រដៅពួកគេ ព្រោះតែការបះបោរយើងនឹងធ្វើទារុណកម្មពួកគេព្រោះតែកំហុសដែលពួកគេបានប្រព្រឹត្ត។
33 ក៏ប៉ុន្តែ យើងនៅតែសម្តែងចិត្តមេត្តាករុណាចំពោះដាវីឌជានិច្ចយើងនឹងសម្តែងចិត្តស្មោះស្ម័គ្រចំពោះគេឥតងាករេឡើយ។
34 យើងនឹងមិនផ្ដាច់សម្ពន្ធមេត្រីដែលយើងបានចងជាមួយគេនោះទេគឺអ្វីដែលយើងនិយាយចេញមកហើយយើងនឹងមិនប្រែក្រឡាស់វិញឡើយ។
35 យើងបានសន្យាយ៉ាងឱឡារិកក្នុងនាមដ៏វិសុទ្ធរបស់យើង យើងមិនកុហកដាវីឌទេ!
36 ពូជពង្សរបស់គេនឹងនៅស្ថិតស្ថេររហូតតទៅរាជ្យរបស់គេនឹងគង់វង្សនៅចំពោះមុខយើងដូចព្រះអាទិត្យ
37 ហើយដូចព្រះច័ន្ទដែលនៅស្ថិតស្ថេររហូតធ្វើជាសាក្សីស្រាប់»។ - សម្រាក
38 ប៉ុន្តែ ព្រះអង្គបានបោះបង់ចោលព្រះអង្គបានកាត់កាល់ព្រះអង្គទ្រង់ព្រះពិរោធនឹងព្រះរាជាដែលព្រះអង្គបានចាក់ប្រេងអភិសេក។
39 ព្រះអង្គបានផ្ដាច់សម្ពន្ធមេត្រីជាមួយអ្នកបម្រើរបស់ព្រះអង្គព្រះអង្គបានទម្លាក់មកុដរាជ្យរបស់ព្រះរាជាទៅដី។
40 ព្រះអង្គបានធ្វើឲ្យកំពែងទាំងប៉ុន្មានរបស់ព្រះរាជាត្រូវធ្លុះធ្លាយនិងធ្វើឲ្យបន្ទាយដ៏រឹងមាំត្រូវរលំបាក់បែក។
41 ពួកអ្នកដែលដើរកាត់តាមនោះនាំគ្នាប្លន់យកអ្វីៗដែលស្ដេចមានហើយប្រទេសជិតខាងនាំគ្នាសើចចំអកឲ្យស្ដេច។
42 ព្រះអង្គបានធ្វើឲ្យបច្ចាមិត្តរបស់ស្ដេចមានកម្លាំងព្រះអង្គបានធ្វើឲ្យខ្មាំងសត្រូវទាំងប៉ុន្មានរបស់ស្ដេចមានអំណរសប្បាយ។
43 ព្រះអង្គបានធ្វើឲ្យគ្រឿងសស្ត្រាវុធរបស់ស្ដេចលែងមានប្រសិទ្ធភាពព្រះអង្គពុំបានគាំទ្រស្ដេចក្នុងចំបាំងឡើយ។
44 ព្រះអង្គដកអំណាចចេញពីស្ដេចព្រះអង្គបានរំលំរាជបល្ល័ង្ករបស់ស្ដេច
45 ព្រះអង្គពុំបានធ្វើឲ្យស្ដេចមានព្រះជន្មាយុយឺនយូរទេព្រះអង្គបានធ្វើឲ្យស្ដេចត្រូវអាម៉ាស់យ៉ាងខ្លាំង។ - សម្រាក
46 ព្រះអម្ចាស់អើយ តើព្រះអង្គធ្វើព្រងើយកន្តើយដល់កាលណាទៀតតើព្រះពិរោធរបស់ព្រះអង្គនៅតែឆាបឆេះដល់ពេលណាទៀត?
47 សូមព្រះអង្គកុំភ្លេចថាអាយុជីវិតទូលបង្គំខ្លីណាស់!ព្រះអង្គបង្កើតមនុស្សលោកទាំងអស់មកដើម្បីឲ្យរលាយសូន្យទៅវិញទេដឹង!
48 ពុំដែលមាននរណាអាចរស់រហូតឥតស្គាល់សេចក្ដីស្លាប់នោះឡើយហើយក៏ពុំដែលមាននរណាអាចធ្វើឲ្យជីវិតរបស់ខ្លួនគេចផុតពីមច្ចុរាជបានដែរ! - សម្រាក
49 ព្រះអម្ចាស់អើយតើស្នាព្រះហស្ដដែលព្រះអង្គធ្លាប់សម្តែងដោយព្រះហឫទ័យមេត្តាករុណាកាលពីគ្រាមុននោះ នៅឯណា?តើព្រះបន្ទូលដែលព្រះអង្គបានសន្យាយ៉ាងស្មោះស្ម័គ្រចំពោះព្រះបាទដាវីឌនៅឯណា?
50 ព្រះអម្ចាស់អើយ សូមកុំភ្លេចអ្នកបម្រើរបស់ព្រះអង្គដែលកំពុងតែបាក់មុខសូមព្រះអង្គកុំភ្លេចថា ប្រជារាស្ត្រដ៏ច្រើននេះស្ថិតនៅក្នុងបន្ទុករបស់ទូលបង្គំ។
51 ព្រះអម្ចាស់អើយ ខ្មាំងសត្រូវរបស់ព្រះអង្គនាំគ្នាបំបាក់មុខស្ដេចដែលព្រះអង្គចាក់ប្រេងអភិសេកគឺទោះបីទូលបង្គំទៅទីណាក៏ដោយក៏ពួកគេនាំគ្នាបំបាក់មុខទូលបង្គំជានិច្ច។
52 សូមលើកតម្កើងព្រះអម្ចាស់រហូតតទៅ!អាម៉ែន! អាម៉ែន!។