1 ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដីសុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុងពិភពលោក ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ!
2 គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដីពីលើសមុទ្រហើយធ្វើឲ្យវាស្ថិតនៅយ៉ាងរឹងប៉ឹងពីលើទន្លេនានា។
3 តើនរណាអាចឡើងទៅលើភ្នំរបស់ព្រះអម្ចាស់បាន?តើនរណាអាចឈរនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គបាន?
4 មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវនិងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបានគឺអ្នកដែលមិនបណ្ដោយខ្លួនទៅថ្វាយបង្គំព្រះក្លែងក្លាយ និងនិយាយស្បថស្បែបំពាន។
5 ព្រះអម្ចាស់នឹងប្រទានពរដល់គេហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះនឹងប្រោសគេឲ្យបានសុចរិតដែរ។
6 គឺអ្នកទាំងនេះហើយដែលស្វែងរកព្រះអង្គជាអ្នកស្វែងរកព្រះរបស់លោកយ៉ាកុប។ - សម្រាក
7 ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយចូរចំហឲ្យធំដើម្បីឲ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
8 តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?-ព្រះអម្ចាស់ប្រកបដោយព្រះចេស្ដាដ៏ខ្លាំងពូកែ ព្រះអម្ចាស់ជាអ្នកចំបាំងដ៏ជំនាញ។
9 ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយចូរចំហឲ្យធំ ដើម្បីឲ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
10 តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?-ព្រះអម្ចាស់នៃពិភពទាំងមូល*គឺព្រះអង្គហើយដែលជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង!។ - សម្រាក