1 ឱព្រះជាម្ចាស់អើយសូមរកយុត្តិធម៌ឲ្យទូលបង្គំផងសូមកាន់ក្ដីទូលបង្គំតទល់នឹងមនុស្សទមិឡ!សូមរំដោះទូលបង្គំឲ្យរួចផុតពីមនុស្សមានល្បិច និងមនុស្សទុច្ចរិត។
2 ព្រះជាម្ចាស់នៃទូលបង្គំអើយព្រះអង្គជាព្រះការពារទូលបង្គំហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំ?ហេតុអ្វីបានជាទូលបង្គំត្រូវរងទុក្ខលំបាកហើយត្រូវខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ?
3 សូមប្រទានពន្លឺ និងសេចក្ដីពិតរបស់ព្រះអង្គមកដឹកនាំទូលបង្គំឆ្ពោះទៅកាន់ភ្នំដ៏វិសុទ្ធ*របស់ព្រះអង្គ ទៅកាន់ព្រះដំណាក់របស់ព្រះអង្គ!
4 ពេលនោះ ឱព្រះជាម្ចាស់អើយទូលបង្គំនឹងទៅជិតអាសនៈរបស់ព្រះអង្គទូលបង្គំនឹងទៅជិតព្រះជាម្ចាស់ដែលជាប្រភពនៃអំណរដ៏លើសលប់របស់ទូលបង្គំ។ឱព្រះជាម្ចាស់ជាព្រះនៃទូលបង្គំអើយទូលបង្គំនឹងលើកតម្កើងព្រះអង្គដោយសំឡេងពិណ!